ចំណាយចេះតែលើសចំណូល! សាកធ្វើតាមគន្លឹះ ៣ នេះជួយអ្នកបន្ថយការចំណាយក្នុងផ្ទះច្រើននឹកស្មានមិនដល់
Pov SaruFEBRUARY 20 202610 views

រាល់ថ្ងៃអង្គុយតែពិបាកចិត្តព្រោះការចំណាយក្នុងផ្ទះមួយខែៗកាន់តែអស់ច្រើនឡើងៗ ដោយគិតថាខ្លួនមិនបានចំណាយលើអ្វីដែលធំដុំសោះ។ នេះគឺមកពីអ្នកមិនបានចាប់អារម្មណ៍ កំហុសតិចតួចៗដែលអ្នកបានធ្វើរាល់ថ្ងៃគឺជាដើមហេតុធ្វើឱ្យការចំណាយរីកធំពីមួយខែទៅមួយខែដោយមិនដឹងខ្លួន។ ហើយនេះគឺជាគន្លឹះសំខាន់ ៣ ដែលអាចជួយអ្នកកាត់បន្ថយការចំណាយក្នុងផ្ទះបានច្រើន៖ 

 

១. ត្រូវកំណត់ផែនការថវិការប្រចាំខែឱ្យច្បាស់៖ ដូចជា កត់ត្រាប្រាក់ចំណូល និងចំណាយទាំងអស់រាល់ខែ ដើម្បីអាចឱ្យយើងដឹងថា ចំណូលយើងប៉ុណ្ណឹងតើគួរបែងចែកវាបែបណា គួរចំណាយលើអ្វីខ្លះ និងអ្វីខ្លះដែលយើងមិនគួរចំណាយលើ។ 

 

២. ត្រូវឈ្លាសវៃលើថ្លៃម្ហូបអាហារ៖ មុនចេញទៅផ្សារអ្នកត្រូវមានផែនការឱ្យច្បាស់ថាត្រូវទិញអ្វីខ្លះ ជៀសវាងទៅដល់ចេះតែទិញលើសពីតម្រូវការ។ ហើយការទិញទំនិញទៀតសោត អ្នកត្រូវតែឆ្លាត (ឧ.ចង់ទិញមាន់ អ្នកត្រូវដឹងថាការទិញមាន់ទាំងមូល គឺចំណេញជាងមាន់ដែលគេកាប់រួច)។ ម្យ៉ាងវិញទៀតគួរជៀសវាងការចេញទៅញុំាអាហារខាងក្រៅឱ្យបានច្រើនតាមតែអាចធ្វើបាន ព្រោះនៅផ្ទះ យើងអាចរៀបចំម្ហូបបានច្រើនពេលក្នុងតម្លៃទាបជាង ហើយក៏ល្អសម្រាប់សុខភាពជាងដែរ។ 

 

៣. ប្រើប្រាស់ទឹក ភ្លើងឱ្យប្រយ័ត្នបំផុត៖ នេះបើតាម The Star ការទុកឱ្យឧបករណ៍ ឬក៏សម្ភារៈផ្សេងៗដោតជាប់ឌុយចោល នោះវានៅតែអាចស៊ីថាមពលអគ្គិសនីដដែល។ ដូច្នេះរាល់ពេលឈប់ប្រើប្រាស់ត្រូវដកឧបករណ៍នេះចេញពីព្រីភ្លើងឱ្យអស់ ត្រូវកំណត់ការប្រើប្រាស់ភ្លើង បិទភ្លើងពេលឈប់ប្រើ កំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ឱ្យសមរម្យ វិធីនេះអាចជួយអ្នកកាត់បន្ថយវិក្កយបត្រប្រចាំខែបានច្រើន។ 

 

ការចំណាយតូចៗប្រចាំថ្ងៃក៏ជារឿងដែលមិនគួរមើលរំលងដែរដូចជា កាហ្វេ អាហារសម្រន់ ឬទិញទំនិញតាមអនឡាញ ជាដើមនេះអាចបង្កើតជាចំណាយធំក្នុងមួយខែៗ។ ការប្រៀបធៀបតម្លៃមុនទិញក៏ជាវិធីឆ្លាតវៃក្នុងការគ្រប់គ្រងចំណាយ មុនពេលទិញរបស់ធំៗ ឬរបស់ប្រើប្រាស់ប្រចាំថ្ងៃ គួរតែពិនិត្យតម្លៃនៅកន្លែងផ្សេងៗគ្នា ឬអាចរង់ចាំពេលមានបញ្ចុះតម្លៃចាំទិញ វានឹងជួយឱ្យយើងទទួលបានគុណភាពដូចគ្នា ប៉ុន្តែចំណាយតិចជាង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia