រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ - ក្រុមហ៊ុនធានម៉ុង ឯ.ក. បានសម្ពោធជាផ្លូវការនូវដំណើរការអាជីវកម្មរបស់ខ្លួន ព្រមជាមួយនឹងរោងចក្រផលិតជីដំបូងគេនៅកម្ពុជា ក៏ដូចជា ការបញ្ចេញលក់ជាផ្លូវការនូវជីកសិកម្មផលិតក្នុងស្រុក ម៉ាក ផេនដា មេន (Panda Man) ដែលជាជីមានតម្លៃសមរម្យ គុណភាពខ្ពស់ និងជួយកាត់បន្ថយថ្លៃដើមសម្រាប់កសិករខ្មែរ ។
ពិធីសម្ពោធ បានធ្វើឡើងនៅរាជធានីភ្នំពេញ និងមានការចូលរួមដោយដេប៉ូចែកចាយជីថ្នាំកសិកម្មប្រមាណជាង ៣០០ នាក់នៅទូទាំងប្រទេសកម្ពុជា ។
លោក ឈិន ធានចាវ ប្រធានប្រតិបត្តិនៃក្រុមហ៊ុនធានម៉ុង ឯ.ក មានប្រសាសន៍ថា ក្រុមហ៊ុន ធានម៉ុង ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ដែលផ្ដួចផ្ដើមឡើងដោយស្ថាបនិកជាជនជាតិខ្មែរ និងចិនរួមគ្នា ដោយផ្ដោតលើការស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្គត់ផ្គង់ជីគីមី និងជីទឹក សម្រាប់ផលិតកម្មកសិកម្មនៅកម្ពុជា ។
លោកបានបន្តថា ផលិតផលជី ផេនដា មេន របស់ក្រុមហ៊ុន មានដូចជា ជីអ៊ុយរ៉េ ដេអាប៉េ កាលី និងអិនប៉េកា (NPK) ជាដើម ត្រូវបានផលិតដោយផ្ទាល់នៅរោងចក្ររបស់ខ្លួនក្នុងស្រុកឆ្លូង ខេត្តក្រចេះ របស់កម្ពុជា ដែលជាកត្តាអាចជួយធ្វើឲ្យជីមានតម្លៃសមរម្យ និងកាត់បន្ថយថ្លៃជីសម្រាប់កសិករ ។
លោក ឈិន ធានចាវ មានប្រសាសន៍ថា៖ “គោលបំណងនៃការវិនិយោគរបស់ក្រុមហ៊ុនធានម៉ុង គឺដើម្បីជួយដល់វិស័យកសិកម្ម និងកសិករកម្ពុជា ក្នុងការផលិតបាននូវទិន្នផលដែលមានគុណភាពខ្ពស់ ប៉ុន្តែ ការចំណាយទាបជាងមុន ។ ក្រុមហ៊ុនមានបំណងធានាថា កសិករមានលទ្ធភាពប្រើប្រាស់ផលិតផលជីមានគុណភាពល្អ ហើយអាចបង្កើនផលិតកម្ម និងប្រាក់ចំណូលរបស់ខ្លួនបានកាន់តែប្រសើរ” ។
យោងតាមក្រុមហ៊ុន ធានម៉ុង បានឲ្យដឹងថា រោងចក្រផលិតជីកសិកម្ម ផេនដា មេន មានសមត្ថភាព
ផលិតជី អិនប៉េកា រហូតដល់ទៅ ១៥ ម៉ឺនតោនក្នុងមួយឆ្នាំ និងជីទឹកចំនួន ៣ ម៉ឺនតោនក្នុងមួយឆ្នាំ ។
ការសម្ពោធជាផ្លូវការរបស់ក្រុមហ៊ុនធានម៉ុង និងជី ផេនដា មេន បានធ្វើឡើង បន្ទាប់ពីឆ្លងកាត់ការធ្វើស្រែបង្ហាញដោយជោគជ័យ ចំនួនជាង ៣០០ កន្លែងនៅទូទាំងប្រទេស ។
កសិករមួយរូបដែលបានប្រើប្រាស់ជី ផេនដា មេន នៅស្រុកទ្រាំង ខេត្តតាកែវ បាននិយាយថា៖ “នៅពេលយើងប្រើជី ផេនដា មេន នេះ យើងឃើញថា ដើមស្រូវរឹងមាំល្អ មិនដួល ផ្លែគ្រាប់ធំៗ មានទម្ងន់ ហើយទិន្នផលកើនច្រើនជាងមុនៗច្រើន” ។
បច្ចុប្បន្ន ជីផេនដា មេន របស់ក្រុមហ៊ុន ធានម៉ុង ត្រូវបានបង្កើតឡើងសម្រាប់ដំណាំច្រើនមុខ ដូចជា ដំណាំស្រូវ ដំឡូងមី អំពៅ និងពោតជាដើម ។
លោក ឈិន ធានចាវ មានប្រសាសន៍ថា៖ “ចាប់ពីពេលនេះតទៅ ក្រុមហ៊ុននឹងបន្តស្រាវជ្រាវអភិវឌ្ឍជីកសិកម្ម ឲ្យស្របតាមសណ្ឋានដីរបស់កម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍កសិកម្មបៃតង និងផលិតផលបៃតង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ចុងក្រោយ” ។