ការចិញ្ចឹមបីបាច់កូនមិនមែនជាការងារងាយស្រួលនោះទេ។ ជារឿយៗ ឪពុកម្តាយច្រើនតែពិបាកចិត្ត ដោយសារពួកគេចង់ធ្វើអ្វីៗឲ្យបានតាមតែចិត្ត ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីណាទៅ។ អត្ថបទនេះនឹងបង្ហាញពីគោលការណ៍ និងវិធីសាស្ត្រសំខាន់ៗ ដែលអាចជួយឪពុកម្តាយណែនាំកូនរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងក្តីស្រឡាញ់ ដោយផ្អែកលើលទ្ធផលស្រាវជ្រាវផ្នែកចិត្តវិទ្យា និងកុមារវិទ្យា។
១. យល់ដឹងពីអារម្មណ៍កូនជាមុនសិន
កូនៗ ជាពិសេសកុមារតូចៗ មិនទាន់មានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានពេញលេញនោះទេ។ នៅពេលកូនស្រែក ខឹង ឬយំ នេះមិនមែនមានន័យថាកូនចង់ធ្វើអាក្រក់នោះទេ ប៉ុន្តែជាសញ្ញាថាកូនកំពុងជួបប្រទះការលំបាកអ្វីមួយក្នុងចិត្ត។
អ្វីដែលអាចធ្វើបាន៖
- អង្គុយនៅជិត ក្រឡេកមើលភ្នែកពួកគេ ហើយសួរថា "តើកូនមានបញ្ហាអីដែរឬអត់?"
- ត្រូវស្គាល់ពីអារម្មណ៍របស់កូនជាមុនសិន មុននឹងកែតម្រូវអាកប្បកិរិយា ឧទាហរណ៍ "ម៉ាក់ដឹងថាកូនខឹង ព្រោះកូនចង់លេង ឬ ចង់បានអីមួយ"
កុំប្រញាប់ដាក់ពិន័យ ឬស្ដីបន្ទោសនៅពេលកូនកំពុងអារម្មណ៍ខឹងខ្លាំង រង់ចាំឲ្យកូនស្ងប់ចិត្តសិន ដោយជាក់ស្តែង "(Emotion Coaching) ៥ ជំហានរបស់ Dr. John Gottman ដែលបានបង្ហាញថា ការស្គាល់ និង ជួយអោយពួកគេដឹងពីខ្លួនឯងបានច្បាស់ជាងមុន ជួយឲ្យកូនមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯង (self-regulation) បានប្រសើរជាងមុនផងដែរ។
២. កំណត់ក្បួនច្បាប់ឲ្យច្បាស់លាស់
កូនៗ រីកចម្រើនល្អ នៅពេលពួកគេដឹងច្បាស់ថាអ្វីដែលពួកគេអាចធ្វើបាន និងអ្វីដែលមិនអាចធ្វើបាន។ ការដែលរៀបចំក្បួនច្បាប់មិនបានច្បាស់លាស់ និង កែប្រែញឹកញាប់ពេកគឺធ្វើឲ្យកូនៗងាយច្រឡំ ហើយអាចបង្កើនឱកាសដែលកូននឹងសាកល្បងអ្វីដែលខុស ដូច្នេះប៉ាម៉ាក់គួរគប្បីត្រូវពិភាក្សាគ្នាក្នុងការដាក់ចេញក្បួនច្បាប់ក្នុងការណែនាំកូនអោយបានច្បាប់លាស់ ដើម្បីប្រាកដថាពួកគេយល់ច្បាស់ពីអ្វីដែលពួកគេគួរធ្វើ និង មានទំនួលខុសត្រូវជាងមុន។ តាមរយ:មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃសហរដ្ឋអាមេរិក (CDC) បញ្ជាក់ថា ភាពស្ថិតស្ថេរ , ភាពអាចទាយទុកជាមុនបាន និងការអនុវត្តតាម ជាមូលដ្ឋានគ្រឹះនៃរចនាសម្ព័ន្ធក្នុងគ្រួសារ ដែលធ្វើឲ្យកូនមានអារម្មណ៍ថាសុវត្ថិភាព ដោយតាមការសិក្សាក្នុងឆ្នាំ ២០២៣ ក៏បានបញ្ជាក់ដែរថា ភាពច្បាស់លាស់នៃការឆ្លើយតបរបស់ឪពុកម្តាយ អាចជួយកាត់បន្ថយអាកប្បកិរិយាមិនល្អរបស់កូនបានយ៉ាងមានប្រសិទ្ធិភាព។
៣. ធ្វើជាគំរូល្អ មិនមែនគ្រាន់តែបង្គាប់
កូនៗ លោកអ្នកពួកគេរៀនតាមរយៈការសង្កេត និងធ្វើតាមអ្វីដែលឪពុកម្តាយធ្វើ ច្រើនជាងអ្វីដែលឪពុកម្តាយនិយាយ។ ប្រសិនបើឪពុកម្តាយចង់ឲ្យកូនគោរពអ្នកដទៃ ស្មោះត្រង់ ឬចេះគ្រប់គ្រងអារម្មណ៍ ខ្លួនឯងក៏ត្រូវបង្ហាញអាកប្បកិរិយាទាំងនោះជាមុនសិនដែរ។ ដូចជាការនិយាយសុភាព ស្ងប់ស្ងាត់ ទោះបីកំពុងខឹងក៏ដោយចេះសុំទោសកូននៅពេលខ្លួនធ្វើខុស នេះបង្រៀនកូនអំពីភាពស្មោះត្រង់ និងការទទួលខុសត្រូវ និងការបង្ហាញពីរបៀបដោះស្រាយបញ្ហាដោយសន្តិវិធីផងដែរ។ យោងតាមទ្រឹស្តី (Social Learning Theory) របស់ Albert Bandura តាមរយៈពិសោធន៍បុគ្គលដ៏ល្បីឈ្មោះមួយរូប "Bobo Doll" បង្ហាញថា កូនៗ រៀន និងធ្វើតាមអាកប្បកិរិយាដែលពួកគេឃើញពីមនុស្សពេញវ័យ ជាពិសេសពីឪពុកម្តាយ ច្រើនជាងអ្វីដែលពួកគេត្រូវបានប្រាប់ឲ្យធ្វើ។
៤. ប្រើការលើកទឹកចិត្តបែបវិជ្ជមាន ជាជាងការបង្អាប់
ការសរសើរ និងលើកទឹកចិត្តជាធម្មតាមានប្រសិទ្ធភាពជាងការស្ដីបន្ទោស។ នៅពេលកូនធ្វើអ្វីមួយបានល្អ សូមកត់សម្គាល់ និង ធ្វើការកោតសរសើរដោយពាក្យលើកទឹកចិត្ត ជាជាងគ្រាន់តែនិយាយថា ធម្មតាៗ។
ឧទាហរណ៍៖ ជំនួសឲ្យការនិយាយថា "កូនល្អ!" សូមនិយាយថា "ម៉ាក់ពិតជាពេញចិត្តណាស់ដែលកូនចែករំលែករបស់លេងជាមួយប្អូន" ការសរសើរបែបនេះជួយឲ្យកូនយល់ច្បាស់ថាអាកប្បកិរិយាណាដែលគួរធ្វើម្តងទៀត។ តាមការស្រាវជ្រាវរបស់សាស្ត្រាចារ្យ Carol Dweck (សាកលវិទ្យាល័យ Stanford) បង្ហាញថា ការសរសើរដែលផ្តោតលើ "ការខិតខំប្រឹងប្រែង" គ្រាន់បើជាង "ពាក្យ "ឆ្លាត"
វាជួយឲ្យកូនមានទំនុកចិត្ត និងក្លាហានប្រឈមមុខនឹងបញ្ហាលំបាក។
៥. ចំណាយពេលជាមួយកូនប្រកបដោយគុណភាព
ទំនាក់ទំនងល្អរវាងឪពុកម្តាយនិងកូន គឺជាមូលដ្ឋានគ្រឹះនៃការណែនាំកូនប្រកបដោយប្រសិទ្ធភាព។ កូនដែលមានអារម្មណ៍ថាត្រូវបានស្រឡាញ់ និងយកចិត្តទុកដាក់ នឹងងាយស្រួលទទួលយកការណែនាំពីឪពុកម្តាយជាង។ត្រូវចំណាយពេលយ៉ាងហោចណាស់ ១៥-៣០ នាទីក្នុងមួយថ្ងៃ ដើម្បីលេង ឬនិយាយជាមួយកូនដោយមិនប្រើប្រាស់ទូរស័ព្ទ។ ស្តាប់កូននិយាយ មិនរំខាន ឬកែតម្រូវភ្លាមៗ និងបង្ហាញការចាប់អារម្មណ៍ចំពោះអ្វីដែលកូនចូលចិត្ត។ យោងតាមការស្រាវជ្រាវលើទ្រឹស្តីចំណងផ្លូវចិត្ត (Attachment Theory) បង្ហាញថា ទំនាក់ទំនងកក់ក្តៅ និងការឆ្លើយតបប្រកបដោយភាពស្និតស្នាលរវាងឪពុកម្តាយនិងកូន ជួយឲ្យកូនមានចំណងសុវត្ថិភាព (secure attachment) ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងអារម្មណ៍។
៦. អត់ធ្មត់ និងយល់ថាកូនកំពុងរៀនសូត្រ
កូនៗ នៅតែកំពុងអភិវឌ្ឍខួរក្បាល និងសមត្ថភាពគិត។ ការធ្វើខុសគឺជាផ្នែកមួយធម្មតានៃដំណើរការរីកចម្រើន។ ឪពុកម្តាយគួរមើលរាល់កំហុសឆ្គងជាឱកាសបង្រៀន មិនមែនជាបញ្ហាដែលត្រូវដាក់ពិន័យភ្លាមៗនោះទេ។ ជាក់ស្តែងតាមការវិភាគអំពីដំណើរការគិត ក្នុងទ្រឹស្តីរបស់ Bandura (1977) បញ្ជាក់ថា ការរៀនពីអាកប្បកិរិយាថ្មីៗ ត្រូវការជំហានចាំបាច់ចំនួន៤ គឺ ការយកចិត្តទុកដាក់ ការចងចាំ ការអនុវត្តឡើងវិញ និងការជម្រុញចិត្ត ដែលទាំងអស់នេះត្រូវការពេលវេលា និងការធ្វើម្តងហើយម្តងទៀត។
ការណែនាំកូនប្រកបដោយប្រសិទ្ធភាព មិនមែនមានន័យថាឪពុកម្តាយត្រូវតែល្អឥតខ្ចោះនោះទេ ប៉ុន្តែជាការខិតខំយល់ដឹង អត់ធ្មត់ និងបង្ហាញភាពច្បាស់លាស់។ រាល់ជំហានតូចៗ ដែលឪពុកម្តាយបំពេញដោយក្តីស្រឡាញ់ និងការគោរព នឹងជួយកូនធំធាត់ឡើងជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង និងចេះគោរពអ្នកដទៃ៕


