មានវិធីជាច្រើនណាស់ដែលអាចជួយអូសទាញមនុស្សចេញពីរណ្ដៅបំណុល ប៉ុន្តែក្នុចចំណោមវិធីទាំងអស់នោះមាន ផ្លូវដោះបំណុលល្បី២ប្រភេទប៉ុណ្ណោះ ដែលល្បីខ្លាំងបំផុតមនុស្សរាប់លាននាក់ធ្លាប់អនុវត្តន៍បានផលលឿន អ្វីដែលសំខាន់គឺអាចប្រើប្រាស់នៅក្នុងស្ថានភាពសេដ្ឋកិច្ចស្រុកខ្មែរដែរ។
ផ្លូវដោះបំណុលទី១ តាមក្បួនដុំព្រិល៖ ដើម្បីប្រើក្បួនដុំព្រិល លោកអ្នកត្រូវចាប់ផ្ដើមពីការកត់ត្រារាល់បំណុលទាំងអស់ដែលអ្នកមាន ដោយរៀបតាមលំដាប់ពីការប្រាក់ខ្ពស់ជាងគេ មកការប្រាក់ទាបបំផុត។ បន្ទាប់មកខំប្រឹងរកចំណូលបន្ថែម និងចាប់ផ្ដើមសងពីបំណុលដែលមានការប្រាក់ខ្ពស់ជាងគេមុន ហើយនៅក្នុងចំណោមបំណុលដែលមានការប្រាក់ខ្ពស់នោះ លោកអ្នកអាចសងពីបំណុលទាបជាងគេមុន (ក្នុងករណីមានម្ចាស់បំណុលការប្រាក់ខ្ពស់លើសពី២នាក់)។
ការប្រើក្បួនដុំព្រិល អាចជួយឱ្យលោកអ្នកមានឱកាសផ្ដោតលើការខំប្រឹងដោះបំណុលម្ដងមួយៗ ដោយមិនមានអារម្មណ៍តានតឹង ឬរញ៉េរញ៉ៃជាមួយនឹងបំណុលច្រើនក្នុងពេលតែមួយ។ វាអាចជួយឱ្យសម្ពាធកាន់តែស្រាល ប៉ុន្តែអាចនឹងពិបាកប្រសិនបើចរចារជាមួយនឹងម្ចាស់បំណុលមិនបាន ព្រោះថាក្បួននេះតម្រូវឱ្យលោកអ្នកចរចារនឹងម្ចាស់បំណុលសុំពេលផ្ដាច់កម្ចីម្ដងមួយៗ។ សូមបញ្ជាក់ផងដែរថា ក្បួនដុំព្រិលមិនសក្តិសមសម្រាប់ការផ្ដាច់កម្ចីទិញផ្ទះឡើយ។
ផ្លូវដោះបំណុលទី២ ក្បួនយកបំណុលថ្មីផ្ដាច់បំណុលចាស់៖ តាមក្បួននេះលោកអ្នកក៏ត្រូវកត់ត្រារាល់បំណុលទាំងអស់ដែអ្នកមាន បន្ទាប់មកខ្ចីលុយពីធនាគារផ្សេង ឬមិត្តភក្ដិបងប្អូន ដែលមានលទ្ធភាពយកអត្រាការប្រាក់ទាបជាងបំណុលចាស់។ លោកអ្នកអាចអាចយកលុយដែលខ្ចីបាននោះ ទៅផ្ដាច់បំណុលដែលមានការប្រាក់ខ្ពស់ជាងគេមុន រួចហើយបណ្ដោះតាមលំដាប់ជាបន្តបន្ទាប់។ វិធីសាស្រ្តមួយនេះ អាចជួយឱ្យលោកអ្នកចំណេញទាំងអត្រាការប្រាក់ ព្រមទាំងរយៈពេលសងថែមទៀតផង។
លោកអ្នកប្រហែលជាចង់ដឹងហើយមែនទេថា ក្បួនទាំង២នេះ គួរជ្រើសរើសប្រើមួយណាល្អជាង?
ចម្លើយគឺ អាស្រ័យលើស្ថានភាពរស់នៅរបស់បុគ្គលម្នាក់ៗ ជាពិសេសផ្លូវចិត្តតែម្ដង ព្រោះថាមនុស្សមានគំនិតមិនដូចគ្នាឡើយ។ អ្នកខ្លះយល់ថាការដែលបានរំដោះបំណុលតូចៗដាច់មុនធ្វើឱ្យគាត់មានកម្លាំងចិត្តបន្តសងគេ ឯអ្នកខ្លះទៀតយល់ថាការដែលបានកាត់បន្ទុកធំៗចេញមុននឹងធ្វើឱ្យគាត់ឆាប់ស្រាលខ្លួន និងមានកម្លាំងចិត្តបន្តដោះបំណុលផ្សេង។ ចំណែកមនុស្សមួយចំនួនទៀតគាត់យល់ឃើញថា ការដែលបង្កើតបំណុលថ្មីអាចជួយឱ្យគាត់ចំណេញការប្រាក់ ហើយថែមទាំងពេលវេលាទៀត ហើយស្របពេលដែលគាត់មានក្រេឌីតល្អដែលនោះ គាត់ក៏សម្រេចចិត្តខ្ចីបំណុលថ្មីតែម្ដង។
អាស្រ័យហេតុនេះហើយសូមលោកអ្នកធ្វើការជ្រើសរើសទៅតាមស្ថានភាពផ្ទាល់ខ្លួន បើយល់ថាមួយណាល្អសម្រាប់អ្នកសូមជ្រើសយកមួយហ្នឹងចុះ។ ហើយគួរចងចាំផងដែរថា មូលហេតុដ៏ធំបំផុតដែលនាំឱ្យមនុស្សធ្លាក់ក្នុងបំណុលធ្ងន់ធ្ងរគឺជាការខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដូច្នេះចាប់ពីពេលនេះទៅត្រូវខិតខំទាញយកចំណេះដឹងដាក់ខ្លួន ដើម្បីឆាប់រួចផុតពីរណ្ដៅបំណុល និងលែងធ្លាក់ចូលរណ្ដៅមួយនេះម្ដងទៀត។ សូមជូនពរឱ្យឆាប់អស់បំណុលណា!
អត្ថបទដោយ៖ សូ សុខលី


