មានមនុស្សច្រើនណាស់ដែលពិបាកចិត្តព្រោះរឿងបំណុលមិនដឹងរកផ្លូវណាដើម្បីដោះបានឆាប់ ដ្បិតអីប្រាក់ខែក៏តិចតែការចាយវាយប្រចាំខែមានច្រើន។ ការពិតទៅ ចង់ចាកចេញពីបំណុលភ្លាមៗមិនមែនជារឿងងាយស្រួលទេ តែក៏មិនមែនជារឿងដែលមិនអាចទៅរួចដែរ។ អ្វីដែលសំខាន់ឱ្យតែចេះរៀបផែនការល្អ និងមានវិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនច្បាស់លាស់។
ជំហានដំបូងដែលគួរធ្វើគឺ បង្កើតផែនការប្រចាំខែ៖ អ្នកត្រូវមានផែនមួយដែលច្បាស់លាស់ដឹងពីរបៀបរកប្រាក់ និងរបៀបដែលអ្នកត្រូវចាយវាយប្រចាំខែ។ ដើម្បីបង្កើតថវិកា អ្នកគួរចាប់ផ្តើមដោយសរសេរចំណូលទាំងអស់ដែលអ្នកទទួលបាន។ បន្ទាប់មក កត់ត្រារាល់ចំណាយរបស់អ្នកទាំងអស់ ដោយបែងចែកចំណាយជាពីរប្រភេទគឺ ចំណាយថេរ និងចំណាយអថេរ។ ចំណាយថេរសម្ដៅដល់ការបង់ថ្លៃផ្ទះ ថ្លៃទឹកភ្លើង ថ្លៃសិក្សា ហើយចំណាយអថេរដូចជា ការចំណាយលើអាហារ ការកម្សាន្ត និងទិញរបស់ដែលមិនចាំបាច់ផ្សេងៗ ដែលអ្នកគួរតែកាត់បន្ថយ។
ពេលអ្នកដកចំណាយទាំងអស់ចេញពីចំណូល អ្វីដែលនៅសល់គឺប្រាក់ដែលអ្នកអាចសម្រេចចិត្តប្រើបានដោយខ្លួនឯង។ ប្រាក់ចំនួននេះគួរបានបែងចែកមួយផ្នែកសម្រាប់សងបំណុលរាល់ខែ។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកដឹងច្បាស់ថា តើអ្នកអាចសងបំណុលបានប៉ុន្មាន ដោយមិនប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
មួយទៀតគឺរៀបផែនការសងបំណុល៖ បើអ្នកមានផែនការត្រឹមត្រូវច្បាស់លាស់ អាចជួយអ្នកផ្ដោតលើការសងបានត្រឹមត្រូវហើយអាចកាត់បន្ថយពេលថែមទៀត។ អ្នកគួររៀបបញ្ជីបំណុលទាំងអស់ដែលអ្នកមាន ព្រមទាំងចំនួនប្រាក់ដែលត្រូវបង់រាល់ខែសម្រាប់បំណុលមួយៗឱ្យច្បាស់ នឹងជួយឱ្យអ្នកមើលឃើញពីភាពជាក់ស្តែងនៃស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។
ជម្រើសមួយទៀតគឺ ការបង្រួមបំណុល៖ មានន័យថា រួមបញ្ចូលបំណុលច្រើនទៅជាបំណុលតែមួយ ដោយមានការបង់ប្រាក់ប្រចាំខែតែមួយ និងអត្រាការប្រាក់ទាបជាង។ វាអាចធ្វើឱ្យការគ្រប់គ្រងបំណុលកាន់តែងាយស្រួល និងបន្ថយសម្ពាធផ្លូវហិរញ្ញវត្ថុ ប៉ុន្តែអ្នកនៅតែត្រូវមានការទទួលខុសត្រូវក្នុងការសងប្រាក់ដើមឱ្យអស់។
សរុបមក ចង់ចាកចេញពីបំណុលគឺត្រូវការពេលបន្តិច ការអត់ធ្មត់ និងវិន័យ។ បើអ្នកអាចគ្រប់គ្រងចំណូល ចំណាយ រៀបចំផែនការសងបំណុលច្បាស់លាស់ នោះការរួចផុតពីបំណុលនឹងកាន់តែលឿន ហើយហិរញ្ញវត្ថុរបស់អ្នកក៏អាចមានស្ថិរភាពដែរ៕


