នៅក្នុងសម័យឌីជីថល បច្ចេកវិទ្យាកាន់តែទំនើប កាន់តែងាយស្រួល ប៉ុន្ដែវាបានក្លាយជាអាវុធមុខពីរសម្រាប់អ្នកដែលមិនសូវមានចំណេះដឹង ព្រោះជនខិលខូចអាចប្រើល្បិចបោកបញ្ឆោតដើម្បីចូលគ្រប់គ្រងគណនីបណ្ដាញសង្គមនានាក៏ដូចជាអាចចូលទៅលួចលុយពីកុងធនាគាររបស់អ្នកគ្មានសល់។
សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងៗដូចជា Facebook, Tik Tok និង Telegram ព័ត៌មានដែលអ្នកត្រូវរក្សាឲ្យជិត កុំឲ្យអ្នកណាដឹងគឺលេខ OTP។ លេខ OTP គឺប្រៀបបាននឹងទ្វារចុងក្រោយ បើជនខិលខូចអាចដឹងពីលេខOTP គឺគេអាចចូលទៅគ្រប់គ្រងគណនីបណ្ដាញសង្គមនិងចូលកុងធនាគាររបស់អ្នកបាន។
ដូច្នេះបើមានអ្នកណាម្នាក់សុំលេខ OTP ដែលបានផ្ញើសារមកទូរស័ព្ទរបស់អ្នក សូមកុំប្រាប់គេឲ្យសោះ បើមិនចង់ឲ្យគេHack គណនីបណ្ដាញសង្គមក៏ដូចជាកុងធនាគាររបស់អ្នក។ លេខOTP គឺជាលេខសម្ងាត់ដែលអ្នកមិនត្រូវប្រាប់អ្នកណាឡើយ ព្រោះបើគេដឹងលេខនេះ ជនខិលខូចអាចយកលេខនេះចូលទៅគ្រប់គ្រងគណនីបណ្ដាញសង្គមនិងចូលទៅប្រើប្រាស់គណនីធនាគាររបស់អ្នកបាន។
ជូនខិលខូចមានល្បិចជាច្រើនដើម្បីhackចូលគណនីបណ្ដាញសង្គមនិងគណនីធនាគាររបស់អ្នក។ ជាទូទៅពេលអ្នកបង្កើតគណនីបណ្ដាញសង្គមឬកុងធនាគារ ឬប្ដូរលេខសម្ងាត់គណនីបណ្ដាញសង្គមនិងកុងធនាគារ អ្នកតែងតែទទួលបានសារលេខOTP ផ្ញើចូលទូរស័ព្ទរបស់អ្នក ហើយអ្នកយកលេខOTP នេះដើម្បីបង្កើតគណនីឬប្ដូរលេខសម្ងាត់គណនីបណ្ដាញសង្គមនិងកុងធនាគារ។
ពេលជនខិលខូចព្យាយាមhackជិតបានសម្រេចគឺមានសារផ្ញើរលេខOTP ចូលទូរស័ព្ទរបស់អ្នក។ ត្រង់នេះបើជនខិលបោកបញ្ឆោតឲ្យអ្នកប្រាប់លេខOTP ទៅឲ្យគេ នោះជូនខិលខូចនឹងអាចhackចូលគណនីបណ្ដាញសង្គមនិងគណនីធនាគាររបស់អ្នកបាន។ ដូច្នេះមិនថាអ្នកណាសុំលេខOTP ដែលផ្ញើមកទូរស័ព្ទរបស់អ្នក សូមកុំប្រាប់គេឲ្យសោះ៕


