មនុស្សមួយចំនួនរកបាន ៣០០ដុល្លារក្នុង១ខែ ចាយមិនគ្រប់ ដល់ឥឡូវរកបាន ៥០០ដុល្លារក្នុងមួយ១ខែក៏ចាយមិនគ្រាន់ ដល់ថ្នាក់ពេលខ្លះឆក់កន្តៀតខ្ចីបុលគេដោះកូយចុងខែទៀតក៏មាន។
ដោយមើលឃើញពីបញ្ហានេះ លោកស្រី Elizabeth Warren ដែលជាអ្នកនយោបាយអាមេរិកនិងជាអតីតសាស្រ្តាចារ្យច្បាប់ បានបង្កើតតាមក្បួនចាយលុយ ៥០/៣០/២០ ធានាឈប់ខ្ចីលុយគេ ហើយសល់ទ្រព្យទៀត។ រូបមន្តចាយលុយ៥០/៣០/២០ ត្រូវអនុវត្តដូចខាងក្រោមនេះ៖
១/. តម្រូវការចាំបាច់ (៥០%) ស្មើនឹង ២៥០$
កន្លែងស្នាក់នៅ (ជួលបន្ទប់ /ផ្ទះ) ចំណាយចន្លោះពី ៥០$ - ១០០$
ចំណីអាហារ ចំណាយចន្លោះពី ១០០$ - ១៣០$
បង់ថ្លៃទឹក និងភ្លើងអគ្គិសនី ចំណាយចន្លោះពី ១៥$ - ៣០$
បង់ថ្លៃអ៊ីនធឺណេត និងទូរស័ព្ទ ចំណាយចន្លោះពី ១០$ - ២០$
ការធ្វើដំណើរ ចំណាយចន្លោះពី ២០$ ទៅ ៣០$
យ៉ាងណាមិញ ដើម្បីកាត់បន្ថយការចំណាយឲ្យនៅកាន់តែតិច អាចពិចារណាស្វែងរកទីតាំងជួលដែលមានតម្លៃសមរម្យ, រៀនចម្អិនម្ហូបមកពីផ្ទះដោយខ្លួនឯង និងសន្សំសំចៃអគ្គិសនីជាដើម។
២/. ចំណាយសម្រាប់ជីវិត (៣០%) ស្មើនឹង ១៥០$
ការកម្សាន្ត (ថ្លៃកាហ្វេ, ដើរលេង …) ចំណាយចន្លោះពី ៤០$ - ៦០$
ចំណាយផ្ទាល់ខ្លួន (សម្លៀកបំពាក់, គ្រឿងសម្អាង) ចំណាយចន្លោះពី ២០$ - ៤០$
អភិវឌ្ឍន៍សមត្ថភាព (ទិញសៀវភៅ, ចូលរៀនវគ្គសិក្សាខ្លីៗ, ពង្រឹងជំនាញបន្ថែម) ចំណាយចន្លោះពី ៣០$ - ៥០$
ក្នុងនោះគួរកាត់បន្ថយការចំណាយលើអ្វីដែលអាចសន្សំបានដូចជា ទិញអីវ៉ាន់ពេលប្រម៉ូលសិន ឬក្នុងឱកាសពិសសេស តើបើលែងចំណាយលើរឿងដែលមិនចាំបាច់តែម្តងកាន់តែប្រសើរ។
៣/. ការសន្សំ និងវិនិយោគ (២០%) ស្មើនឹង ១០០$
សន្សំសម្រាប់កញ្ចប់សង្គ្រោះបន្ទាន់ ៥០$ (លុយសម្រាប់រយៈពេល ៣ - ៦ខែ)
វិនិយោគ (ផ្សារហ៊ុន, ទិញប័ណ្ណបំណុល, ឬអ្វីដែលអ្នកមានជំនាញ ៣០$ - ៥០$
សរុបជារួម ដើម្បីអនុវត្តក្បួន ៥០/៣០/២០ ជាដំបូងត្រូវគិតបែងចែកលុយ ១០០% ជាបីចំណែកសិនគឺ ៥០%, ៣០% និង ២០% នៃចំនួនលុយសរុបរបស់អ្នក។ ឧទាហរណ៍៖ ប្រសិនបើអ្នកមានប្រាក់ចំណូល ៥០០$ ក្នុងមួយខែ នោះអ្នកត្រូវចែកជាបីចំណែកគឺ ៥០% = ២៥០ដុល្លារ, ៣០% = ១៥០ដុល្លារ និង ២០% = ១០០ដុល្លារ។ ៥០% លើតម្រូវការចាំបាច់, ៣០% លើការចំណាយផ្សេងៗ និងទុក ២០%សម្រាប់ការសន្សំ៕


