រាជរដ្ឋាភិបាល ប្រកាសផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រោះមូលហេតុទាំងនេះ
ធី ស្រីល័ក្ខSEPTEMBER 3 20253 K views

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលត្រូវនឹងថ្ងៃទី៤--៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ប៉ុន្តែនៅតាមបណ្តាខេត្តនានាអាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរនិងប្រជាពលរដ្ឋ។

 

បើតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលដែលមានប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងជាសាក្សី សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ ដោយមានការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេស និងដោយសាររាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក អាស៊ានជាអ្នកសង្កេតការណ៍។  ក្នុងស្មារតីនេះ លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញរាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖

 

១- ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

២- ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

៣- ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣(បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ២០៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។

៤- ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យជូនប្រជាពលរដ្ឋភៀសសឹកនៅតាមមូលដ្ឋានរៀងៗខ្លួន។

៥- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តយកចិត្តទុកដាក់ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីផ្សព្វផ្សាយ ឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។

៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងនិងជំរុញសេដ្ឋកិច្ច មូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុកនិង ធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានាដែលរាំងស្ទះដល់ សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និងវិនិយោគ។

៧- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀម បង្ការគ្រោះធម្មជាតិនានា ជាពិសេសគ្រោះទឹកជំនន់ ក៏ដូចជាការត្រៀមរៀបចំទីទួលសុវត្ថិភាព ជម្រក ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ។

៨- ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

១១១២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia