The Platform បានចាប់ដៃសហការជាមួយនឹង Black Panther New Moon ដើម្បីរៀបចំប្រារព្ធនូវព្រឹត្តិការណ៍ដើរបង្ហាញម៉ូដ Runway ដ៏ពិសេសមួយ ដែលអ្នកបង្ហាញម៉ូដនឹងដើរបង្ហាញនូវម៉ូដសម្លៀកបំពាក់ដែលច្នៃឡើងដោយអ្នករចនាម៉ូដដ៏មានស្នាដៃជាជនជាតិខ្មែរ និងបរទេស។
អ្នកតំណាងរបស់ The Platform បានលើកឡើងថា «លើសពីការរៀបចំកម្មវិធី The Platform បានបង្កើតនូវគំនិតផ្ដួចផ្ដើមដ៏មានតម្លៃមួយ ដើម្បីផ្ដល់ឱកាសឱ្យ អ្នកមានទេពកោសល្យនៅក្នុងការរចនាម៉ូដ និងអ្នកដែលកំពុងស្វែងរកមនុស្សមានស្នាដៃ បានជួបគ្នា កសាងទំនាក់ទំនង និងរួមកម្លាំងគ្នា ដើម្បីឱ្យការរចនាម៉ូដនៅកម្ពុជាកាន់តែរីកចម្រើន ឈានទៅកាន់កម្រិតអន្តរជាតិ»។
ការសហការគ្នារវាង The Platform និង Black Panther New Moon នឹងបង្កើតបាននូវឆាកបង្ហាញម៉ូដដ៏ប្រណិត និងឆើតឆាយ។ ហើយព្រឹត្តិការណ៍ Runway ដ៏ពិសេសមួយនោះ នឹងធ្វើឱ្យម៉ូដសម្លៀកបំពាក់កម្ពុជាភ្លឺចែងចាំងឡើងដល់កម្រិតអន្តរជាតិ។
គួរជម្រាបផងដែរថា The Platform x New Moon Runway នឹងត្រូវប្រព្រឹត្តិទៅឆាប់ៗនេះគឺ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលនឹងមានការបង្ហាញនូវម៉ូដសម្លៀកបំពាក់រចនាប្រកបដោយភាពច្នៃប្រឌិត ពីសំណាក់អ្នករចនាម៉ូដ ៨រូប ដែលក្នុងនោះមាន ៦រូបជាជនជាតិខ្មែរយើងផ្ទាល់តែម្ដង៕