ពិតណាស់ការរត់ប្លង់មិនមែនរត់ភ្លាមបានភ្លាមនោះទេយ៉ាងណាក៏ត្រូវប្រើរយៈពេលរាងយូរបន្តិចដែរ ព្រោះថារាល់ការរត់ប្លង់នីមួយៗពីមួយកន្លែងទៅមួយកន្លែងគឺមានច្រើនដំណាក់កាល ហើយនៅក្នុងកន្លែងនីមួយៗគឺត្រូវបំពេញបែបបទ ក៏ដូចជាឯកសារច្រើនផងដែរ។ ប៉ុន្តែប្រសិនបើលោកអ្នកមិនចង់ហត់ព្រោះហ្នឹងរត់ប្លង់រឹងទេលោកអ្នកក៏អាចជួលភ្នាក់ងារដើម្បីជួយបាន។
យ៉ាងណាទាក់ទងនិងដំណាក់កាលរត់ប្លង់នេះដែលលោកឈ្មោះ ណូត មេស៊ី ជាប្រធានការិយាល័យនៃរដ្ឋបាលស្រុកមួយនៃខេត្តកំពត បានប្រាប់ពីដំណាក់កាលនីមួយៗ នៃការផ្ទេរកម្មសិទ្ធអចលនវត្ថុ។
ថ្លែងប្រាប់Business Cambodia លោក ណូត មេស៊ី បានឱ្យដឹងថា ចំពោះនីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន ៥ ដំណាក់កាលធំៗរួមមាន៖
១. បំពេញឯកសារនៅការិយាល័យភូមិបាល
ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ (ដែលជាទូទៅគេហៅថា ការិយាល័យភូមិបាល) ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីបំពេញឯកសារនានា នៅមុខមន្ត្រីភូមិបាល ដោយមានសាក្សីមកជាមួយផង។
ភាគីទាំងសងខាង ត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖
– កិច្ចសន្យាទិញ-លក់ (លិខិតលក់ផ្តាច់ សម្រាប់ការផ្ទេរកម្មសិទ្ធិក្នុងករណីទិញ-លក់)
– លិខិតធ្វើអំណោយផ្តាច់ (ក្នុងករណីដីនោះ ត្រូវបានធ្វើអំណោយដល់នរណាម្នាក់)
– អត្តសញ្ញាណប័ណ្ណ (មានបញ្ជាក់ពីសាលាក្រុង ស្រុក/ ខណ្ឌ)
– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យប្តីប្រពន្ធ)
– ឯកសារបញ្ជាក់អត្តសញ្ញាណ (នៅលីវ រៀបការ និង លែងលះ….)
– និងឯកសារផ្សេងៗទៀត ទៅតាមតម្រូវការជាក់ស្តែងនៃអចលនទ្រព្យនោះ។
២. ប្រថាប់ត្រាដោយអាជ្ញាធរឃុំ-សង្កាត់
បន្ទាប់ពីបំពេញឯកសារនៅការិយាល័យភូមិបាលរួចរាល់ហើយ ម្ចាស់ដី ត្រូវយកឯកសារនោះ ទៅឱ្យអាជ្ញាធរឃុំ-សង្កាត់ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីត្រួតពិនិត្យនូវភាពស្របច្បាប់ និងប្រថាប់ត្រាលើឯកសារទាំងអស់នោះ។
៣. កសាងសាលកបត្រក្បាលដី និងពិនិត្យទីតាំង
បន្ទាប់ពីប្រថាប់ត្រារួចហើយ ម្ចាស់ដី ត្រូវបន្តយកឯកសារនោះទៅការិយាល័យភូមិបាលវិញ ដើម្បីមន្ត្រីអនុវត្តនីតិវិធីបន្ត។ មន្ត្រីភូមិបាល នឹងធ្វើការងារផ្ទេរសិទ្ធិអចលនទ្រព្យនោះ ដោយចុះទៅពិនិត្យទីតាំង កសាងសាលកបត្រក្បាលដី សម្រង់ពត៌មានក្បាលដី កសាងកំណត់ហេតុចុះវាស់វែង និងកសាងឯកសាររណបផ្សេងៗទៀតដែលពាក់ព័ន្ធ។
៤. សុំការអនុម័តមន្ទីរសុរិយោដី និងបង់ពន្ធ
ចំពោះដីដែលចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដីត្រូវយកឯកសារទាំងអស់នោះ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ឬហៅថាមន្ទីរសុរិយោដី) ដែលអចលនទ្រព្យនោះស្ថិតនៅ។ មន្ត្រីសុរិយោដីនៅទីនោះ នឹងធ្វើការត្រួតពិនិត្យ និងធីកលើឯកសារ។ ក្នុងករណីដែលឯកសារគ្រប់គ្រាន់តាមច្បាប់ហើយនោះ មន្ត្រីនឹងម្ចាស់ដីមកយកឯកសារដើម្បីទៅបង់ពន្ធនៅសាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ។ ដែលនិតិវិធីត្រូវរងចាំប្រហែលជាមួយខែ បន្ទាប់ពីត្រូវយកឯកសារនិងបង្កាន់ដៃពីពន្ធដារួចរាល់ម្ចាសើដីត្រូវឯកសារទាំងអស់ទៅដាក់នៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តឬរដ្ឋបាលខេត្ត។ សម្រាប់រយៈពេលរង់ចាំទទួលប្លង់រឹង ចន្លោះ៣ខែទៅ៦ខែ។
តែចំពោះដីដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) ក្រោយពីមន្ត្រីចុះវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ហើយ (ដំណាក់កាលទី ៣) អង្គភាពភូមិបាល នឹងរៀបចំឯកសារ ដើម្បីឱ្យអ្នកស្នើសុំយកឯកសារទៅបង់ពន្ធប្រថាប់ត្រា៤%។
យោងតាមសេចក្តីណែនាំលេខ ៨៧២៦ របស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ការផ្ទេរសិទ្ធិអចលនទ្រព្យ ត្រូវជាប់ពន្ធ ៤% ទាំងប្លង់រឹង និងប្លង់ទន់។ ដីដែលពុំទាន់បានចុះបញ្ជី អ្នកទទួលសិទ្ធិមានកាតព្វកិច្ចត្រូវបង់ពន្ធប្រថាប់ត្រា៤% ដូចដីដែលបានចុះបញ្ជីដែរ។
យ៉ាងណាមិញ នេះបើតាមសេចក្តីសម្រេចលេខ០៤ សសរ ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៦។ មានការផ្ទេរសិទ្ធិខ្លះគឺមិនជាប់ពន្ធនោះទេដូចជាការផ្ទេរអចលនទ្រព្យជាសំណង់ ឬ/និងដី៖
-រវាងឪពុក-ម្តាយបង្កើត និងកូនបង្កើត
-រវាងប្តី និងប្រពន្ធ
-រវាងយាយ-តាបង្កើតនិងចៅបង្កើត
៥. ចារឹកឈ្មោះលើប្លង់ដី
ជំហានចុងក្រោយ បន្ទាប់ពីបង់ពន្ធរួចហើយ សម្រាប់ដីដែលបានចុះបញ្ជីរួច (ប្លង់រឹង) ម្ចាស់ដី ត្រូវកាន់ឯកសារទាំងអស់មកមន្ទីរសុរិយោដីម្តងទៀត ដើម្បីមន្ត្រីធ្វើបច្ចុប្បន្នភាពអំពីម្ចាស់ដី នៅក្នុងប្រព័ន្ធកុំព្យូទ័រ និងធ្វើលេខាចារឹកលើប្លង់ដីនោះ។ ម្ចាស់ដីថ្មី នឹងទទួលបានប្លង់កម្មសិទ្ធិនោះ នៅពេលនីតិវិធីទាំងអស់នេះបានបញ្ចប់៕
អត្ថបទដោយ៖ ឌឿក ស្រី នុត


