គម្រោង ដឹ អូឡាំព្យា ស៊ីធី ប្រារព្ធកម្មវិធីមូលនិធិអូឡាំព្យាដើម្បីកុមារកម្ពុជា (The Olympia City Fund for Children) ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៦
Sreymom ChaJUNE 1 2026

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ គម្រោង ដឹ អូឡាំព្យា ស៊ីធី បានរៀបចំកម្មវិធីសប្បុរសធម៌មួយក្រោមប្រធានបទ៖ «មូលនិធិអូឡាំព្យាដើម្បីកុមារកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ដែលគោលដៅសំខាន់នៃកម្មវិធីនេះគឺដើម្បីលើកកម្ពស់ និងជំរុញសប្បុរសធម៌ មនុស្សធម៌ តាមរយៈការឧបត្ថម្ភសម្ភារៈ និងថវិកាដោយផ្ទាល់ទៅកាន់ប្អូនៗសិស្សានុសិស្សនៅក្នុងសហគមន៍ជនបទ ទីដាច់ស្រយាល។ 

Photo 2026 06 01 15 15 37


នៅសាលាបឋមសិក្សាខ្នាចប្រីយ៍ ស្រុកដងទង់ ខេត្តកំពត មានចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី៦ សិស្សសរុបចំនួន ១៥៤ នាក់ និងគ្រូបង្រៀនចំនួន ៧ នាក់បាននឹងកំពុងជួបប្រទះនូវបញ្ហាដូចខាងក្រោម៖ 
•    បញ្ហាកង្វះខាតសម្ភារសិក្សា ឯកសណ្ឋានសិស្ស។ 
•    បញ្ហាកង្វះខាតសម្ភារបង្រៀន។ 
•    បញ្ហាកង្វះខាតថវិកាសម្រាប់ការសាងសង់សាលា និងកែលម្អបរិស្ថានជុំវិញ។ 

Photo 2026 06 01 15 15 59


ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ កម្មវិធី មូលនិធិអូឡាំព្យាដើម្បីកុមារកម្ពុជា បានចេញនូវយុទ្ធនាការរៃអង្គាសថវិកា និងកៀរគរសម្ភារៈ ដោយបែងចែកជាកញ្ចប់ឧបត្ថម្ភសម្រាប់កុមាររួមមាន៖ឯកសណ្ឋានសិស្ស ឈុតកីឡា សម្ភារៈសិក្សា ដបទឹក (សៀវភៅសរសេរ ប៊ិច បន្ទាត់ ជ័រលុប គូល័រផាត់ពណ៌ ដែកខួង)។  កញ្ចប់ឧបត្ថម្ភសម្រាប់បង្រៀនមាន ដីសមួយកេសមានចំនួនសរុប ១០០ប្រអប់សម្រាប់ប្រើប្រាស់រយៈពេលមួយឆ្នាំ ជាមួយកញ្ចប់ថវិកាសរុបចំនួន ៣,១៧១,៨០០ រៀល និង ៨១ ដុល្លារ សម្រាប់កិច្ចការទិញសម្ភារៈសាងសង់សាលា និងកែលម្អបរិស្ថានជុំវិញទៅតាមតម្រូវការជាក់ស្ដែង។ សូមបញ្ជាក់ផងដែរថាថវិកាសរុបខាងលើនេះទទួលបានពីការរៃអង្គាសពីសំណាក់សប្បុរសជន តាមរយៈ QR Code លើបណ្ដាញសង្គមផ្លូវការរបស់គម្រោង ដឹ អូឡាំព្យា ស៊ីធី ក៏ដូចជាក្រុមការងារទាំងអស់នៃក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន និងអូស៊ីអាយស៊ីទៅតាមទឹកចិត្តសប្បុរសរៀងៗខ្លួន។ បន្ថែមពីលើសម្ភារៈសិក្សា សម្ភារៈបង្រៀន និងថវិកា ក៏មានការចូលរួមឧបត្ថម្ភបន្ថែមជាសម្លៀកបំពាក់ ចំនួន ២កេស រួមជាមួយ នំទែនតាចំនួន ២០០កញ្ចប់។ ក្រោមជំនួយសប្បុរសធម៌នេះបានផ្លាស់ប្តូរទិវាកុមារអន្តរជាតិទៅជាការអបអរសាទរដ៏គួរឱ្យចងចាំ ពោរពេញទៅដោយភាពរីករាយ ដែលជាការគាំទ្រនៃសកម្មភាពរួមគ្នានៅក្នុងសហគមន៍តាមរយៈកម្មវិធីកម្សាន្ត លេងហ្គេមយករង្វាន់ជាមួយនឹងប្អូនៗ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល។ មុននឹងឈានដល់កិច្ចបញ្ចប់ យើងខ្ញុំក៏មានកម្មវិធីទទួលទាននំបញ្ចុកសាមគ្គីរួមគ្នាដែលបានចូលរួមពីសំណាក់ក្រុមការងារទាំងអស់ ក៏ដូចជាវត្តមាននៃសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកនាយកសាលា និងអាណាព្យាបាលសិស្សនៅក្នុងកម្មវិធី មូលនិធិអូឡាំព្យាដើម្បីកុមារកម្ពុជា ផ្ទាល់ផងដែរ។

Photo 2026 06 01 15 15 53


ភាពជោគជ័យដ៏ត្រចះត្រចង់នៃកម្មវិធី មូលនិធិអូឡាំព្យាដើម្បីកុមារកម្ពុជា កើតឡើងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ គម្រោង ដឹអូឡាំព្យា ស៊ីធី The Fortune Tower The Mall Group (ផ្សារទំនើបអូឡាំព្យា ផ្សារទំនើបសូរិយា ផ្សារទំនើបរតនាផ្លាហ្សា) ការឧបត្ថម្ភពីសំណាក់សប្បុរសជន ក្រុមការងារទាំងអស់នៃក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន និងអូស៊ីអាយស៊ី រួមជាមួយកិច្ចសហប្រត្តិបត្តិការណ៍របស់ អភិបាលស្រុកដងទង់ គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ។

Photo 2026 06 01 15 15 46


ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដោយស្មោះស្ម័គ្រ ជូនចំពោះដៃគូសហការទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងចូលរួមជាផ្នែកមួយនៃមូលនិធិសប្បុរសធម៌ដ៏មានអត្ថន័យនេះ។ យើងជឿជាក់ថា កិច្ចសហការដ៏មានតម្លៃនេះ នឹងរួមចំណែកបង្កើតអនាគតកាន់តែប្រសើរសម្រាប់កុមារជំនាន់ក្រោយ និងបន្តជំរុញការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ 


អបអរសាទរទិវាកុមារអន្តរជាតិ។ ចូលរួមការលើកកម្ពស់សិទ្ធិ និងអនាគតកុមារកម្ពុជា។

Photo 2026 06 01 15 16 05

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia