លោក សិដ្ឋ សំណាង អគ្គនាយកបុរី មង្គលថ្មី បានវិនិយោគ អភិវឌ្ឍដីបឹង ដែលធ្លាប់លិចទឹកនៅក្បែរគល់ស្ពានអ្នកលឿង ឱ្យក្លាយជាផ្សារទំនើបមួយ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងកន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ អ្នកដំណើរ និងភ្ញៀវទេសចរ មកសំចតទទួលទានអាហារ និងទិញទំនិញផ្សេង។
ផ្សារអ្នកលឿងថ្មីនៅក្នុងបរិវេណបុរី មង្គលថ្មី ក្បែរគល់ស្ពាន អ្នកលឿង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានសម្ពោធដាក់ឱ្យដំណើរ ការជាផ្លូវការ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតី ភាព លោក សិដ្ឋ សំណាង អគ្គនាយកបុរី មង្គលថ្មី និងលោក កែវ ពិសី អភិបាលនៃគណៈអភិបាលស្រុក ពាមរក៍។
លោក សិដ្ឋ សំណាង មានប្រសាសន៍ថា ផ្សារអ្នកលឿងថ្មី ដែល មាន តូបអាជីវកម្មចំនួន ៣០០តូប នេះ គឺជាសមិទ្ធផលថ្មីមួយសម្រាប់ ផ្តល់ឱកាសដល់អាជីវករ និងបម្រើតម្រូវការរបស់ប្រជាពលរដ្ឋនៅ ទូទាំងស្រុកពាមរក៍ ក៏ដូចជាអ្នកដំណើរ និងភ្ញៀវទេសចរឆ្លងកាត់ ទាំងអស់។
លោកបានបញ្ជាក់ថា ទីតាំងសាងសង់បុរី មង្គលថ្មី និងផ្សារអ្នកលឿងថ្មី នេះ ដើមឡើយ គឺជាបឹងលិចទឹកជារៀងរាល់ឆ្នាំ។ មូលហេតុដែល លោកសម្រេចចិត្តវិនិយោគលើទីតាំងនេះ ព្រោះវាជាស្រុកកំណើត របស់លោក ហើយលោកចង់ចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យមានការ រីកចម្រើន បង្កើតឱកាសអាជីវកម្ម និងលើកកម្ពស់ជីវភាពរបស់ប្រជា ពលរដ្ឋក្នុងតំបន់។
ទន្ទឹមនឹងនេះ លោក សិដ្ឋ សំណាង បានបង្ហាញជំនឿជាក់ថា លោកនឹងសហការជាមួយអាជីវករទាំងអស់ ដើម្បីអភិវឌ្ឍផ្សារអ្នក លឿងថ្មីឱ្យក្លាយជាផ្សារដែលមានសក្ដានុពល ជាទីតាំងដ៏ទាក់ទាញ សម្រាប់ការទិញទំនិញ និងទទួលទានអាហាររបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងភ្ញៀវទេសចរ។
ដោយឡែក លោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានលើកឡើងថា វត្តមានផ្សារអ្នកលឿងថ្មីក្នុងបរិវេណបុរី មង្គលថ្មី បានបន្ថែមសោភណ ភាព និងមុខមាត់ថ្មីដល់ទឹកដីអ្នកលឿង និងជាសមិទ្ធផលថ្មីមួយ សម្រាប់ស្រុកពាមរក៍ ខេត្តព្រៃវែង។
លោកបានមានប្រសាសន៍ថា ផ្សារនេះមិនត្រឹមតែជាកន្លែង សម្រាប់ ការធ្វើពាណិជ្ជកម្ម និងដោះដូរទំនិញរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតក្នុងបរិវេណបុរី ដែលមានការរៀបចំប្រកបដោយ សោភណភាព សុវត្ថិភាព និងផាសុកភាព។
លោកបានសម្តែងក្តីសង្ឃឹមថា ផ្សារអ្នកលឿងថ្មី នឹងក្លាយជា មជ្ឈមណ្ឌលលក់ផលិតផលកសិកម្មស្រស់ៗ ដូចជាបន្លែ ត្រី សាច់ និងកសិផលធម្មជាតិ ផលិតដោយប្រជាពលរដ្ឋក្នុងស្រុក។

អាជីវករដែលបានចូលលក់ក្នុងថ្ងៃបើកសម្ពោធ បានលើកឡើងថា ផ្សារអ្នកលឿងថ្មីមានទំហំធំទូលាយ រៀបចំបានល្អ មានប្រព័ន្ធលូ បន្ទប់ទឹកអនាម័យ សុវត្ថិភាព និងបរិយាកាសល្អ ដែលផ្តល់ភាពងាយ ស្រួលទាំងដល់អាជីវករ និងអតិថិជន។
សូមបញ្ជាក់ថា ផ្សារអ្នកលឿងថ្មី នៅគល់ស្ពានអ្នកលឿង ត្រើយខាង កើតនេះ ត្រូវបានចំណាយពេលសាងសង់ ប្រមាណ ៤ឆ្នាំ មុននឹងបើក ដំណើរការជាផ្លូវការនាពេលនេះ៕



