បន្ទាប់ពីប្រឡងចប់បាក់ឌុប ការជ្រើសរើសជំនាញរៀននៅសាកលវិទ្យាល័យគឺជាជំហានដំបូងដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់មនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកជ្រើសរើសជំនាញត្រូវនឹងតម្រូវការទីផ្សារការងារ អ្នកនឹងមិនបាច់អង្គុយបារម្ភរឿងខ្វះការងារធ្វើ ឬទទួលបានប្រាក់ខែទាបឡើយ។ ខាងក្រោមនេះជាជំនាញកំពូលៗដែលទីផ្សារក្នុងស្រុក និងអន្តរជាតិកំពុងត្រូវការខ្លាំង៖
១. បច្ចេកវិទ្យាព័ត៌មាន និងវិទ្យាសាស្ត្រកុំព្យូទ័រ (IT & Computer Science)
សម័យនេះគ្រប់ក្រុមហ៊ុន និងស្ថាប័នទាំងអស់សុទ្ធតែត្រូវការប្រព័ន្ធកុំព្យូទ័រ និងអ៊ីនធឺណិតដើម្បីដំណើរការអាជីវកម្ម។ ការរៀនជំនាញនេះអនុញ្ញាតឱ្យអ្នកធ្វើជាអ្នកសរសេរកម្មវិធី ឬ ពាក្យដែលគ្រប់និយាយគឺ អ្នកសរសរកូដ (Software Developer) , អ្នកមើលថែសុវត្ថិភាពទិន្នន័យ (Cybersecurity) ឬ អ្នកវិភាគទិន្នន័យ (Data Analyst)។ លើសពីនេះទៅទៀតនោះ ការដែលចេះប្រើប្រាស់ AI មកជួយបង្កើនល្បឿននៃការធ្វើការងារក្នុងវិស័យនេះ នឹងធ្វើឱ្យអ្នកក្លាយជាធនធានដ៏មានតម្លៃ។ វាជាជំនាញដែលមានប្រាក់ខែខ្ពស់ខ្លាំង ហើយថែមទាំងអាចទទួលបានការងារបែប Freelance ឱ្យក្រុមហ៊ុនបរទេសដើម្បីរកប្រាក់ចំណូលបន្ថែមបានយ៉ាងងាយស្រួល។

២. ហិរញ្ញវត្ថុ ធនាគារ និងគណនេយ្យ (Finance & Accounting)
គ្រប់អាជីវកម្ម ក្រុមហ៊ុនឯកជន និងធនាគារទាំងអស់មិនអាចខ្វះអ្នកគ្រប់គ្រង និងវិភាគលំហូរលុយកាក់បានឡើយ។ ការងារផ្នែកនេះមានដូចជា អ្នកវិភាគការវិនិយោគ អ្នកគ្រប់គ្រងហានិភ័យ និងគណនេយ្យករអាជីព។ ប្រសិនបើអ្នកប្រឡងយកសញ្ញាបត្រអន្តរជាតិបន្ថែមដូចជា ACCA ឬ CPA នោះឱកាសការងាររបស់អ្នកនឹងកាន់តែទូលំទូលាយ។ វាជាជំនាញដែលមានការងារធ្វើរហូត មានស្ថេរភាពខ្ពស់ មិនងាយបាត់បង់ការងារ និងមានឱកាសស្ទុះឡើងទៅធ្វើជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ឬនាយកហិរញ្ញវត្ថុ (CFO) នាពេលអនាគតបានថែមទៀតផង។

៣. ទីផ្សារឌីជីថល និងការបង្កើតមាតិកា (Digital Marketing & Content Creation)
បច្ចុប្បន្នការលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មភាគច្រើនបានផ្លាស់ប្តូរមកលើបណ្តាញសង្គមដូចជា Facebook, TikTok, Instagram និង Telegram ទាំងស្រុង។ ក្រុមហ៊ុនតែងត្រូវការអ្នកចេះរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម និងអ្នកបង្កើតមាតិកាវីដេអូ ឬរូបភាព ដែលគ្រប់គ្នានិយមហៅថា Content Creator ដើម្បីទាក់ទាញអតិថិជន។ ជំនាញនេះស្រួលរកការងារធ្វើខ្លាំង មិនតម្រូវឱ្យអង្គុយតែក្នុងការិយាល័យ ហើយថែមទាំងអាចទទួលការងារក្រៅម៉ោងបែប Freelance រកប្រាក់ចំណូលបន្ថែម ឬបង្កើតអាជីវកម្មលក់ដូរផ្ទាល់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពទៀតផង។

៤. ភាសាបរទេសអន្តរជាតិ
ការស្ទាត់ជំនាញភាសាបរទេសដូចជា ភាសាអង់គ្លេស ចិន កូរ៉េ ឬជប៉ុន គឺជាកូនសោរបើកទ្វារទៅរកឱកាសការងារកម្រិតក្នុងស្រុក និង អន្តរជាតិ។ អ្នកអាចធ្វើជាអ្នកបកប្រែផ្ទាល់មាត់ អ្នកសម្របសម្រួលគម្រោង មន្ត្រីទំនាក់ទំនងអន្តរជាតិ ឬធ្វើការក្នុងក្រុមហ៊ុនវិនិយោគបរទេស អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នទូត ដែលផ្តល់ប្រាក់ខែ និងប្រាក់ឧបត្ថម្ភខ្ពស់។ ការចេះភាសាច្បាស់លាស់ បូករួមជាមួយជំនាញទំនាក់ទំនងល្អ នឹងធ្វើឱ្យអ្នកមានប្រៀបជាងអ្នកដទៃទៀតជានិច្ច។

៥. វិទ្យាសាស្ត្រសុខាភិបាល (Healthcare & Medical Sciences)
រឿងសុខភាព និងសម្រស់ គឺជាអ្វីដែលមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ជានិច្ច មិនថាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចបែបណានោះទេ។ ការរៀនធ្វើជាគ្រូពេទ្យឯកទេស ឱសថការី (អ្នកផ្សំថ្នាំ) ឬអ្នកជំនាញថែទាំស្បែក និងកែសម្ផស្ស គឺជាជម្រើសដែលមានទីផ្សារច្បាស់លាស់ និងប្រកបដោយកិត្តិយសក្នុងសង្គម។ ជំនាញនេះគ្មានថ្ងៃខ្វះការងារធ្វើឡើយ ហើយនៅពេលមានបទពិសោធន៍ និងដើមទុនគ្រប់គ្រាន់ អ្នកថែមទាំងអាចបើកអាជីវកម្មផ្ទាល់ខ្លួនដូចជា គ្លីនិក ពិគ្រោះជំងឺ ឬឱសថស្ថានបានទៀតផង។

កត្តាសំខាន់ដើម្បីទទួលបានប្រាក់ខែខ្ពស់ ទោះបីជាជ្រើសរើសជំនាញមួយណាក៏ដោយ អំឡុងពេលរៀននៅសាកលវិទ្យាល័យ អ្នកត្រូវខិតខំពង្រឹងភាសាអង់គ្លេស របៀបទំនាក់ទំនង ជំនាញដោះស្រាយបញ្ហា និងការធ្វើការជាក្រុម។ សិស្សនិស្សិតគួរសកម្មក្នុងការចូលរួមសកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងការចុះធ្វើកម្មសិក្សា ចាប់ពីឆ្នាំទី ២ ឬទី ៣ ឡើងទៅ ដើម្បីសន្សំបទពិសោធន៍ពិតប្រាកដដាក់ក្នុងប្រវត្តិរូបការងារ។ ត្រូវចាំថា សញ្ញាបត្រគ្រាន់តែជាសំបុត្រដែលអាចបើកទ្វារអ្នកអោយចូលធ្វើការ ប៉ុន្តែសមត្ថភាពធ្វើការបានពិតប្រាកដ និងការអភិវឌ្ឍខ្លួនឥតឈប់ឈរ គឺជាអ្នកកំណត់ទំហំប្រាក់ខែ និងជោគជ័យរបស់អ្នក!


