អ្នកគ្រប់គ្រងបែបម៉ាហ្វៀ! ផ្នត់គំនិតម៉ាហ្វៀ១០អាចប្រើក្នុងអាជីវកម្មបានល្អបំផុត អ្នកមានល្បីៗក៏ធ្វើ
Kan DaraFEBRUARY 7 2023991 views

អ្នកគ្រប់គ្រងបែបម៉ាហ្វៀ! គ្រាន់តែលឺពាក្យនេះ មនុស្សជាច្រើននឹងគិតដល់មេដែលមានចរិកកាច​ឬអាត្មានិយមអ្វីជាដើម។ ប៉ុន្តែម៉ាហ្វៀក្នុងន័យនេះមិនមែនមានន័យថា ក្រុមមនុស្សមិនល្អអ្វីនោះទេពោលគឺសម្តៅដល់អ្នកគ្រប់គ្រងដែលមានយុទ្ធសាស្រ្តធ្វើតិចតែបានផលច្រើន ធ្វើជាអ្នកឈ្នះគ្រប់ពេល និងរបៀបក្នុងការរៀបចំនិងដឹកនាំខ្លួនឯងទៅដល់គោលដៅ ចំណុចកំពូលលឿនបំផុត។

យ៉ាងណាមិញផ្នត់គំនិតអ្នកគ្រប់គ្រងបែបម៉ាហ្វៀទាំង១០ ដែលអាចប្រើប្រាស់ក្នុងការធ្វើជំនួញបានល្អបំផុតសូម្បីមហាសេដ្ឋីល្បីៗក៏ធ្វើដែរនេះបើយោង តាមស្នាដៃសៀវភៅ១ក្បាល របស់អ្នកនិពន្ធជនជាតិអាមេរិកលោក Thomas Dunne ​ដែលមានចំណងជើងថា “ The Mafia Manager” ពោលគឺអ្នកគ្រប់គ្រងបែបម៉ាហ្វៀ៖

១.  នៅពេលដែលអ្នកមានឈ្មោះមានតំណែងថ្មីថ្មោង រឿងដំបូងបំផុតដែលអ្នកត្រូវធ្វើគឺអប់រំខ្លួនឯងឱ្យល្អជាមុនសិនមើលគំរូអ្នកលេងពិតប្រាកដ ថាតើគេធ្វើអ្វីខ្លះនិងចាប់អារម្មណ៍លើអ្វីខ្លះនៅពេលគេកាន់តំណែងនេះមុនយើងនោះ បើកភ្នែក បិទមាត់ កៃច្នៃខ្លួនឯងជាមុនសិន។

២. ការដាក់ខ្លួននឹងធ្វើឱ្យអ្នកទៅមុខលឿនជាងមុន ប៉ុន្តែមិនមែនធ្វើច្រើនពេករហូតដល់អ្នកមានអារម្មណ៍ថាខ្លួនឯងមានសុជីវធម៌ហួសហេតុនោះដែរ។

៣. ពេលរកស៊ីចូលហ៊ុនគ្នាជាមួយមនុស្សចម្លែកចូលធ្វើវាឱ្យដូចជាមួយបងប្អូនរបស់អ្នក ប៉ុន្តែពេលរកស៊ីជាមួយបងប្អូនរបស់អ្នក ចូរធ្វើវាឱ្យដូចជាមួយមនុស្សចម្លែក។

៤. ពេលកំពុងផ្តោតលើអាជីវកម្មរបស់អ្នក កុំភ្លេចខ្លួនរៀនពីយុទ្ធសាស្រ្តរបស់មនុស្សជុំវិញខ្លួននិងដៃគូប្រកួតប្រជែងរបស់អ្នក តើអ្វីដែលធ្វើឱ្យគេទៅមុខលឿនរហ័សដែលអ្នកអាចយកមកអនុវត្តន៍បាន ពោលគឺលួចចំណេះគេ។

៥. រៀនឆ្លងយោបល់ពីមនុស្សទី២ មនុស្សទី៣ មុននឹងអនុវត្តលើគំនិតឬដំបូន្មានអាជីវកម្មណាមួយនោះ ទោះបីជាគំនិតនោះចេញពីមនុស្សជំនិតរបស់អ្នកយ៉ាងណាក៏ដោយ មិនត្រូវធ្វេសប្រហែសនោះទេ ព្រោះមនុស្សខ្លះនិងសប្បាយចិត្តដែលអ្នកបរាជ័យ។

៦.​កុំបង្កើតភាពស្និតស្នាលរាល់ទំនាក់ទំនងទាំងអស់ពេកក្នុងជីវិតរបស់អ្នក កុំគិតតែពីដកដាវប្រយុទ្ធ ដំបូងត្រូវមើលថាសមរភូមិមួយនោះ​ មានប្រយោជន៍អ្វីខ្លះសម្រាប់អ្នក ហើយកាន់តែមិនត្រូវបង្ហាញរឿងជីវិតផ្ទាល់ខ្លួនច្រើនពេកនោះដែរ។

៧. កុំរំពឹងផែនការល្អឥតខ្ចោះ ឬលទ្ធផលល្អគ្មានទាស់ ប៉ុន្តែត្រូវធ្វើសកម្មភាពគ្មានចន្លោះ ពេលណាផ្លែឈើធ្លាក់មកលើក្បាលរបស់អ្នកចូរហាមាត់ញុាំវាដោយរីករាយ។

៨. ដាស់យក្សកំណាចចេញពីក្នុងខ្លួនរបស់អ្នក នៅពេលណាដែលយក្សភ្ញាក់ គឺជាពេលវេលាដែលការងាររបស់អ្នកមានផលិតភាពបំផុត ពោលគឺពេលវេលាដែលអ្នកធ្វើការបានល្អបំផុត ទោះយប់ឬថ្ងៃឬថ្ងៃចុងសប្តាហ៍ពោលគឺមិនរើសពេលឱ្យតែយក្សភ្ញាក់ ។

៩.មុននឹងធ្វើការសម្រេចចិត្តអ្វីមួយ ត្រូវប្រាកដថាអ្នកទទួលបានព័ត៌មានល្អបំផុតតាមដែលអ្នកអាចធ្វើបាន ហើយពិនិត្យមើលដោយប្រុងប្រយ័ត្ន វិភាគ និងបង្កើតសេណារីយ៉ូវិជ្ជមាននិងអវិជ្ជមាន បន្ថែមកត្តាបូក ដក ពិភាក្សាជាមួយក្រុមការងាររបស់អ្នក ហើយធ្វើអ្វីដែលចិត្តអ្នកប្រាប់ឱ្យធ្វើ ។

១០. ដាក់ទោស១ គម្រាម១០០ ប្រសិនបើនរណាម្នាក់ធ្វើខុស អ្នកគ្រាន់តែលើកឧទាហរណ៍របស់នរណាម្នាក់ ដែលអ្នកបានពិន័យរួចហើយ អ្នកនឹងឃើញថាមនុស្សម្នាក់នោះយល់កំហុសខ្លួនឯងដោយអ្នកមិនបាច់ប្រាប់គេម្តងជាពីរដងទេ។

ជាមួយគ្នានេះដែរយោងតាមការស្រាវជ្រាវរបស់គេហទំព័រ Profitable Venture បានឱ្យដឹងថា ភាពជាអ្នកដឹកនាំ និងគោលការណ៍គ្រប់គ្រងដែលមានចែងក្នុងសៀវភៅនេះ ក៏ត្រូវបានប្រើប្រាស់ដោយ សហគ្រិនជោគជ័យមួយចំនួន ដូចជា Larry Ellison, Ingvar Kamprad, Donald Trump, Steve Jobs, Bill Gates, Howard Hughes, Ted Turner, Richard Branson, Thomas Edison, Henry Ford, John D. Rockefeller, Cornelius Vanderbilt និង Carlos Slim Helu ជាដើម៕

814 W Ln8 Atwl. Ac U L900 S R615,900

អត្ថបទដោយ៖ ពីង ជូអេង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia