កែជាបន្ទាន់! កំហុសធំៗ៥ ឪពុកម្ដាយធ្វើទាំងមិនដឹងខ្លួន ដែលធ្វើឲ្យកូនរឹងរូសនិងនិយាយមិនស្ដាប់
Toeuy HongAUGUST 4 2026567 views

ពេលឃើញកូនចាប់ផ្តើមឌឺដង រឹងរូស ឬប្រាប់អ្វីក៏មិនព្រមស្តាប់ ឪពុកម្តាយភាគច្រើនតែងតែគិតថា «កូនខូច» «កូនខុស»។ ប៉ុន្តែតាមពិតទៅ ជារឿយៗឥរិយាបថទាំងនេះកើតចេញពីកំហុសអចេតនារបស់យើង និង​បរិយាកាសជុំវិញខ្លួនគេទៅវិញទេ។

បើកូនរបស់លោកអ្នកកំពុងមានបញ្ហានេះ មកមើល ៥ ចំណុចដែលយើងតែងតែមានការធ្វេសប្រហែស

 

១. និយាយតែពាក្យ «ហាម» និង «បញ្ជា»បើមួយថ្ងៃៗកូនឮតែពាក្យ «កុំធ្វើនេះ!» «កុំប៉ះ!» «ធ្វើភ្លាមទៅ!» ខួរក្បាលពួកគេនឹងបង្កើតរបាំងការពារខ្លួនឯងដោយស្វ័យប្រវត្តិតែម្តង។ កាលណាត្រូវគេប្រាប់ឱ្យធ្វើនេះធ្វើនោះរហូត ដោយមិនបានពន្យល់ហេតុផល កូននឹងមានអារម្មណ៍ថាត្រូវគេជិះជាន់ ហើយក៏ចាប់ផ្តើមប្រឆាំងតែម្តង។

 

២. ប្រើអារម្មណ៍ និងស្រែកគំហកដាក់កូន

ពេលកូនធ្វើខុស បើយើងឆ្លើយតបទៅវិញដោយការស្រែកគំហក ឬខឹងសម្បារ កូនមិនបានរៀនយល់ពីកំហុសទេ តែគេនឹងរៀន «ធ្វើតាម» ចរិតនោះ។ ពេលយើងស្រែកដាក់គេ គេនឹងតមាត់ ឬធ្វើជាថ្លង់មិនស្តាប់ និង​ ឆ្លើយតបតមកវិញទេ។

 

៣. ច្បាប់ទម្លាប់ផ្លាស់ប្តូរចុះឡើង មិនច្បាស់លាស់

ថ្ងៃនេះហាមមិនឱ្យលេងទូរស័ព្ទទេ ប៉ុន្តែថ្ងៃស្អែកដោយសារតែយើងរវល់ ឬហត់នឿយ យើងក៏បណ្តោយឱ្យគេលេងតាមចិត្ត។ ការប្រែប្រួលបែបនេះធ្វើឱ្យកូនយល់ថា «ច្បាប់ក្នុងផ្ទះគ្មានន័យទេ» ហើយគេនឹងបន្តរឹងរូស ដើម្បីសាកល្បងមើលថា តើពេលណាដែលយើងព្រមបណ្តោយទៀត។

 

៤. កូនមានអារម្មណ៍ថា «គ្មាននរណាម្នាក់យល់ពីគេ»

ក្មេងៗក៏ចេះអន់ចិត្ត  ចេះហត់  និង ចេះស្ត្រេសដែរ។ បើយើងគិតតែពីបដិសេធអារម្មណ៍គេ    ដូចជា៖ «រឿងប៉ុណ្ណឹងសោះយំដែរ!» «កុំមកនិយាយច្រើន!» គេនឹងមានអារម្មណ៍ថាគ្មាននរណាស្តាប់គេឡើយ។ ដល់ពេលចុងក្រោយ គេក៏ជ្រើសរើសផ្លូវ «មិនស្តាប់យើងវិញ» ដូចគ្នា។

 

៥. យល់ព្រមតាមកូន ឱ្យតែគេយំទារ​ ឬ រករឿង

នេះជាកំហុសធំបំផុត! ពេលកូនយំរុកគួន ឬរឹងរូសខ្លាំង ហើយយើងទ្រាំមិនបាន ក៏ព្រមតាមចិត្តពួកគេដើម្បីឱ្យចប់រឿង... កូននឹងកត់ចំណាំភ្លាមថា «ឱ្យតែយំខ្លាំង ឬរឹងរូស ម៉ាក់ប៉ានឹងព្រមរហូត»។ បន្ទាប់មក ពួកគេនឹងប្រើវិធីនេះញឹកញាប់តែម្តង។

 ចុះគួរដោះស្រាយបែបណាវិញ?

  • និយាយដោយស្ងប់ស្ងាត់៖ ដកដង្ហើមធំៗមុននិយាយ។ ការនិយាយដោយសំឡេងស្មើ និងម៉ឺងម៉ាត់ មានប្រសិទ្ធភាពជាងការស្រែកខ្លាំងៗដាក់កូន។
  • ផ្តល់ជម្រើសឱ្យគេ៖ ជំនួសឱ្យការបញ្ជា(សាកល្បង) សួរថា «កូនចង់រៀបប្រដាប់លេងមុន ឬចង់ទៅលាងដៃមុន ដើម្បីឱ្យគេមានអារម្មណ៍ថាគេជាអ្នកសម្រេចចិត្ត។
  • ស្តាប់ និងយល់ពីអារម្មណ៍កូន៖ ប្រាប់គេថា «ប៉ា/ម៉ាក់ យល់ថាកូនកំពុងខឹង ប៉ុន្តែ...» ដើម្បីឱ្យគេមានអារម្មណ៍ថាមានអ្នកយល់ចិត្ត។
  • ចិត្តរឹង និងម៉ឺងម៉ាត់៖ អ្វីដែលត្រូវហាម គឺត្រូវហាមដោយស្ងប់ស្ងាត់ កុំចុះចាញ់តែដោយសារតែកូនយំឱ្យសោះ។

ការអប់រំកូនត្រូវប្រើពេលវេលា និងការអត់ធ្មត់។ ការប្រែប្រួលរបស់កូនៗ ផ្តើមចេញពីការផ្លាស់ប្តូរទម្លាប់តូចតាចរបស់ឪពុកម្តាយយើងជារៀងរាល់ថ្ងៃ៕

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia