អំឡុងឆ្នាំ២០២២និងឆ្នាំ២០២៣ ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក( Federal Reserve) បានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ដើម្បីប្រឆាំងទប់ទល់នឹងអតិផរណាដែលកើនឡើងគួរឲ្យកត់សម្គាល់ហើយការដំឡើងការប្រាក់ប្រមាណជាង១២ដងជាប់ៗគ្នានេះបានធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាជនជាពិសេសគឺអាជីវកម្មនិងក្រុមហ៊ុនជាច្រើនលើពិភពលោក។
យ៉ាងណាមិញនៅអំឡុងឆ្នាំ២០២៤នេះ ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកអាចនឹងទម្លាក់ការប្រាក់ដុល្លាររបស់ខ្លួន។ ប្រសិនបើធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកទម្លាក់ការប្រាក់តើនឹងផ្ដល់ផលវិជ្ជមានអ្វីខ្លះមកដល់ប្រទេសកម្ពុជា?
ទាក់ទងនឹងសំណួរខាងលើ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដាបានមានប្រសាសន៍ឲ្យដឹងថាប្រសិនបើធនាគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់នៅឆ្នាំនេះគឺផ្ដល់ផល់វិជ្ជមានដល់វិស័យធនាគារនៅកម្ពុជា។ ហើយមិនត្រឹមតែផ្ដល់ផលល្អដល់វិស័យធនាគារនោះ តែក៏ផ្ដល់ផលល្អដល់ម្ចាស់អាជីវកម្មនិងប្រជាជនកម្ពុជាផងដែរ។
លោកបណ្ឌិតបានឲ្យដឹងទៀតថាពេលធនាគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់ ធនាគារក្នុងស្រុកអាចនឹងខ្ចីបុលពីបរទេសក្នុងអត្រាការប្រាក់ទាបជាងមុន ដូច្នេះពេលធនាគារក្នុងស្រុកបញ្ចេញកម្ចីទៅអាជីវកម្មនិងប្រជាជននៅកម្ពុជាក៏ក្នុងអត្រាការប្រាក់កម្ចីទាបជាងមុនដូចគ្នា។ ត្រង់នេះហើយគឺជារឿងល្អនៅពេលអាមេរិកទម្លាក់ការប្រាក់ពោលគឺទាំងប្រជាជនកម្ពុជានិងម្ចាស់អាជីវកម្មអាចទទួលបានអត្រាការប្រាក់កម្ចីទាបដែលធ្វើឲ្យពួកគាត់អាចមានលទ្ធភាពខ្ចីធនាគារសម្រាប់តម្រូវការផ្សេងៗ។
លោកបណ្ឌិតក៏បានបង្ហើបផងដែរថា បើទោះបីជាធនាគារកណ្ដាលរបស់សហរដ្ឋអាមរិកមិនទាន់ទម្លាក់ការប្រាក់ក៏ពិតមែនប៉ុន្ដែលោកបណ្ឌិតបានកត់សម្គាល់ឃើញថាធនាគារក្នុងស្រុកមួយចំនួនបានចាប់ផ្ដើមទម្លាក់អត្រាការប្រាក់កម្ចីជាបណ្ដើរៗហើយ។
គួរបញ្ជាក់ផងដែរថាលោកបណ្ឌិតក៏ធ្លាប់បានពន្យល់ពីមូលហេតុ ដែលធនាគារក្នុងស្រុកដំឡើងការប្រាក់គឺដោយសារតែការប្រាក់បរទេសឡើងថ្លៃ។ ត្រង់នេះលោកបណ្ឌិតធ្លាប់បង្ហើបថាធនាគារក្នុងស្រុកក៏ខ្ចីបុលពីបរទេសដែរដើម្បីបានដើមទុនយកមកផ្ដល់កម្ចីបន្តដល់ប្រជាជនក៏ដូចជាអាជីវកម្មក្នុងស្រុក។
ស្របពេលដែលការប្រាក់ពីបរទេសជាពិសេសប្រាក់ដុល្លារកាន់តែថ្លៃ ដូច្នេះការខ្ចីបុលពីបរទេសរបស់ធនាគារក្នុងស្រុកត្រូវចំណាយថ្លៃដើមកាន់តែខ្ពស់ អ៊ីចឹងពេលធនាគារក្នុងស្រុកបញ្ចេញកម្ចីបន្តទៅកាន់ប្រជាជនក៏ដូចជាអាជីវកម្ម ការប្រាក់កម្ចីក៏កាន់តែខ្ពស់ទៅតាមហ្នឹងដែរ៕