មាសឡើងដល់៤៦៥$ក្នុង១ជី! ធនាគារធំបំផុតអាមេរិកព្យាករថា តម្លៃមាសនឹងបន្តឡើងដល់តម្លៃនេះ នៅចុងឆ្នាំ២០២៦
Toeuy HongOCTOBER 1 20252.1 K views

គិតត្រឹមថ្ងៃនេះ ហាងឆេងមាសបានឡើងថ្លៃខ្ពស់ដល់៣៨៦៥ដុល្លារក្នុងមួយអោន( ស្មើនឹង៤៦៥៦ដុល្លារក្នុងមួយតម្លឹង) ឬស្មើនឹង៤៦៥ដុល្លារក្នុងមួយជី ហើយត្រូវបានអ្នកជំនាញជាច្រើនព្យាករថាតម្លៃហាងឆេងមាសនឹងបន្តឡើងថែមទៀត។

 

បើយោងតាមការចុះផ្សាយរបស់ Yahoo Finance កាលពីពេលថ្មីៗនេះ លោក Patrick Jone អ្នកវិភាគនៅធនាគារ JP Morgan ដែលជាធនាគារធំបំផុតរបស់សហរដ្ឋអាមរិកបានព្យាករថា ហាងឆេងមាសនៅឆ្នាំ២០២៥នេះនឹងកើនឡើងខ្លាំងដោយសារតែធនាគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់ដុល្លារ។

 

លោកបានបន្តទៀតថាហាងឆេងមាសនឹងឡើងដល់៤ពាន់ដុល្លារក្នុងមួយអោននៅត្រឹមឆមាសទី២នៃឆ្នាំ២០២៦ខាងមុខនេះ ហើយវាអាចនឹងបន្តឡើងថ្លៃដល់៤,២៥០ដុល្លារក្នុងមួយអោន(ស្មើនឹង៥,១២០ដុល្លារក្នុងមួយតម្លឹង)ឬស្មើនឹង៥១២ដុល្លារក្នុងមួយជីនៅចុងឆ្នាំ២០២៦។

 

នៅក្នុងនោះដែរ លោក Patrick Jones ក៏បានបង្ហើបថាប្រសិនបើលោក Donald Trump ដកលោកស្រី Lisa Cook ដែលជាក្រុមប្រឹក្សាភិបាលនិងជាអភិបាលនៃធនាគារកណ្ដាលរបស់អាមេរិកចេញពីការងារ នោះមាសនឹងកាន់តែឡើងថ្លៃ។

 

ត្រង់នេះលោកបានបញ្ជាក់ថាការដកតំណែងមន្រ្តីធនាគារកណ្ដាលអាមេរិកសំខាន់ៗ ធ្វើឲ្យមនុស្សមានការព្រួយបារម្ភថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកការបាត់បង់ភាពឯករាជ្យ។ ហើយកំណើននៃការព្រួយបារម្ភរបស់អ្នកវិនិយោគជាសកលមានការកើនដែលរុញឲ្យតម្លៃមាសកើនឡើង។

 

គួរបញ្ជាក់ផងដែរថា ជុំវិញមាសឡើងថ្លៃ លោក Frank Holmes  នាយកប្រតិបត្តិក្រុមហ៊ុន Global Investor និងជាអគ្គនាយកក្រុមហ៊ុន Hive Digital Technologies បានឲ្យដឹងថាតម្លៃមាសអាចនឹងហក់ឡើងដល់៦០០០ដុល្លារក្នុងមួយអោននៅត្រឹមចុងអាណត្តិរបស់លោក Donald Trump

 

នាយកប្រតិបត្តិរូបនេះក៏បានបញ្ជាក់ផងដែរ កត្តាដែលធ្វើឲ្យមាសហក់ឡើងគឺមាន២ធំៗដោយទីមួយគឺការផ្លាស់ប្ដូរនៃប្រព័ន្ធហិរញ្ញវត្ថុសកលដោយប្រទេសជាច្រើនព្យាយាមគេចចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដែលធ្វើឲ្យប្រាក់ដុល្លារកាន់តែបាត់បង់ឥទ្ធពិលហើយមាសចាប់ផ្ដើមកើនឡើង។ ចំណែកទី២គឺធនាគារកណ្ដាលនៃប្រទេសជាច្រើនចាប់ផ្ដើមប្រមូលទិញមាសគឺជាកត្តាធំមួយធ្វើឲ្យមានបន្តឡើងផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia