នៅព្រឹកថ្ងៃពុធទី១៩ខែសីហានេះ តម្លៃហាងឆេងមាសអន្តរជាតិបានចាប់ផ្ដើមធ្លាក់ចុះវិញបន្តិចខណៈតម្លៃប្រេងអន្តរជាតិចាប់ផ្ដើមឡើងថ្លៃ។ ជាក់ស្ដែងហាងឆេងមាសអន្តរជាតិព្រឹកនេះធ្លាក់ថ្លៃចំនួន៨០ដុល្លារដោយធ្លាក់មកត្រឹម៤៣៣៦ដុល្លារក្នុងមួយអោន( ស្មើនឹង៥,២២៤ដុល្លារក្នុង១តម្លឹង ឬ៥២២ដុល្លារក្នុងមួយជី)។
មូលហេតុចម្បងដែលធ្វើឲ្យតម្លៃហាឆេងមាសចាប់ផ្ដើមដាំក្បាលចុះបន្តិចគឺដោយសារតែបណ្ណបំណុលរយៈពេលវែងអាមេរិកគឡើងថ្លៃយ៉ាងគំហុក។ បណ្ណបំណុលអាមេរិកឡើងថ្លៃតែងតែដាក់សម្ពាធឲ្យមាសធ្លាក់ថ្លៃព្រោះកាលណាបណ្ណកាន់តែឡើងថ្លៃអ្នកវិនិយោគកាន់តែបានការប្រាក់ច្រើនពីបណ្ណបំណុល។ ដូច្នេះ អ្នកវិនិយោគលក់មាសមកទិញបណ្ណបំណុលព្រោះបានចំណេញច្រើនជាងមាស ខណៈកាន់មាសមិនបានការប្រាក់ឡើយ។
ចំណែកកត្តាមួយទៀតដែលដាក់សម្ពាធឲ្យមាសចុះគឺដោយសារតែតម្លៃប្រេងអន្តរជាតិឡើងថ្លៃ។ ជាក់ស្ដែងសន្ទស្សន៍ប្រេង BRENT CRUDE អាមេរិក ឡើងដល់៩១ដុល្លារក្នុងមួយបារ៉ែលបន្ទាប់អាមេរិកនិងអ៊ីរ៉ង់កំពុងមានភាពតានតឹងដាក់គ្នាសារជាថ្មី។
ហេតុអ្វីតម្លៃប្រេងអន្តរជាតិឡើងថ្លៃតែងតែដាក់សម្ពាធឲ្យមាសធ្លាក់ចុះ?
តាមពិតទៅពេលតម្លៃប្រេងអន្តរជាតិឡើងថ្លៃបង្កើតបានជាក្ដីបារម្ភថាអតិផរណានឹងកាន់តែកើនឡើង។ ហើយកាលណាអ្នកវិនិយោគបារម្ភពីអតិផរណាកើនឡើងធ្វើអ្នកវិនិយោគរំពឹងថាធនាគារកណ្ដាលដំឡើងការប្រាក់ដុល្លារ។ ហើយការរំពឹងថាការប្រាក់ដុល្លារកាន់តែឡើងថ្លៃដាក់សម្ពាធឲ្យមាសចុះព្រោះគេលក់មាសទៅកាន់ប្រាក់ដុល្លារឬបណ្ណបំណុលដែលមានការប្រាក់កាន់តែខ្ពស់៕


