មាសបន្តធ្លាក់ថ្លៃខ្លាំង! មាសធ្លាក់ថ្លៃជាង២០០លេខថែមទៀត ដោយសារព័ត៌មានមួយនេះចេញពីទឹកដីអាមេរិក
Toeuy HongJUNE 11 20266.6 K views

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តម្លៃហាងឆេងមាសអន្តរជាតិបានបន្តធ្លាក់ថ្លៃជាង២០០លេខថែមទៀតដោយធ្លាក់មកត្រឹម៤០៤៧ដុល្លារក្នុងមួយអោន(ស្មើនឹង៤៨៧៥ដុល្លារក្នុង១តម្លឹងឬ៤៨៧ដុល្លារក្នុងមួយជី)

 

ហាងឆេងមាសបន្តរងសម្ពាធនៃការធ្លាក់ចុះដោយសារតែទិន្នន័យព័ត៌មានចេញពីទឹកដីសហរដ្ឋអាមេរិក។ ជាពិសេសគឺព័ត៌មាននៃការកើនឡើងអតិផរណារបស់សហរដ្ឋអាមេរិកបានបន្តដាក់សម្ពាធឲ្យមាសកាន់តែធ្លាក់ថ្លៃថែមទៀត។

 

ជាក់ស្ដែងអតិផរណារបស់សហរដ្ឋអាមេរិកកើនឡើងដល់៤.២%កាលពីខែឧសភាឆ្នាំ២០២៦គឺជាអត្រាកើនឡើងខ្ពស់ចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ។

 

ការកើនឡើងនៃអតិផរណា ធ្វើឲ្យក្រុមអ្នកវិនិយោគរំពឹងថាធនាគារកណ្ដាលរបស់អាមេរិកនឹងរក្សាអត្រាការប្រាក់ដុល្លារនៅតែខ្ពស់និងអាចដំឡើងអត្រាការប្រាក់ដុល្លារដែលធ្វើឲ្យហាងឆេងមាសរងសម្ពាធហើយកាន់តែធ្លាក់ចុះ។

 

មាសតែងតែរងសម្ពាធពីប្រាក់ដុល្លារ ព្រោះពេលប្រាក់ដុល្លារខ្លាំងនិងអត្រាការប្រាក់ដុល្លារខ្ពស់ អ្នកវិនិយោគនឹងធ្វើកាលក់មាសចេញទិញប្រាក់ដុល្លារព្រោះកាន់ដុល្លារបានការប្រាក់ ខណៈមាសមិនមែនជាទ្រព្យបង្កើតចំណូល ដូចដាក់លុយធនាគារបានការប្រាក់ ភាគហ៊ុនបានភាគលាភឡើយ។

 

គួរបញ្ជាក់ផងដែរ ធនាគារ Citigroup ដែលជាធនាគារដ៏ធំមួយរបស់អាមេរិកបានព្រមានថាតម្លៃហាងឆេងកើនឡើងនឹងមានការកំណត់។ ធនាគារក៏បានទម្លាក់ការព្យាករពីតម្លៃមាសផងដែរ ដោយធ្វើការព្យាករម្ដងទៀតថា៣ខែទៀតតម្លៃហាងឆេងមាសអាចនឹងធ្លាក់មកត្រឹម៤ពាន់ដុល្លារក្នុងមួយអោន(ស្មើនឹង៤៨១៩ដុល្លារក្នុង១តម្លឹងឬ៤៨១ដុល្លារក្នុងមួយជី)៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia