អគ្គនាយកដ្ឋានគយ បង្ហាញចំនួនចំណូលពន្ធ ប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ
ធី ស្រីល័ក្ខJULY 21 202631 views

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ រួមមាន ចំណូលដែលប្រមូលបានមានចំនួន ៦ ២៧៨,២ ប៊ីលានរៀល កើនឡើងប្រមាណ ៤,៥% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ត្រូវជាប្រមាណ ៥១,៦% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

 

ក្នុងនោះ សមាសភាគចំណូលពីទំនិញចម្រុះមានប្រមាណ ៣៩%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៥%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ១៨,៥%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៥% នៃចំណូលសរុប។

១៨

ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានគូសរំលេច​នូវ​ការ​ប្រែប្រួលរចនាសម្ព័ន្ធចំណូលប្រមូលដោយគយ ជាពិសេស គឺការថយចុះចំណូលពីប្រេងឥន្ធនៈនិងឧស្ម័ន បណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ដែលបានអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កន្លងមក, និងការកើនឡើងនៃចំណូលពីក្រុមទំនិញចម្រុះ ដែលជាលទ្ធផល​នៃការ​អនុវត្តវិធានការមុតស្រួចស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

១៧

ក្រៅពីការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏សម្រេច​បាននូវលទ្ធផលល្អប្រសើរលើការងារផ្សេងទៀត ជាពិសេសពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្ម រួមមាន​ដូចជា ការបន្តពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការធ្វើសាមញ្ញកម្មនីតិវិធីគយដើម្បីសម្រួលដល់​វិស័យបញ្ញើឆាប់រហ័ស និង SMEs, ការបង្កើនចំនួនប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការបង្កើនកិច្ចសហការជាមួយរដ្ឋបាលគយនៃបណ្តាប្រទេសជាដៃគូ និងកិច្ចសហការជាមួយវិស័យឯកជន ព្រមទាំងការកាត់បន្ថយចំណាយក្នុងការបំពេញបែបបទគយ ជាដើម៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia