បើអាជីវកម្មមិនដំណើរការ ឬម្ចាស់ក្រុមហ៊ុនចង់បិទក្រុមហ៊ុន កុំទុកក្រុមហ៊ុនចោល។ នេះជាកំហុសដែលម្ចាស់អាជីវកម្មជាច្រើនធ្វើ។ បើមិនបិទក្រុមហ៊ុនឲ្យបានត្រឹមត្រូវ ក្រុមហ៊ុននៅតែអាចមានកាតព្វកិច្ចពន្ធដារ ដូចជា ការដាក់លិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ និងបញ្ហាផ្សេងៗតាមក្រោយ។
ជំហានដំបូង គឺត្រូវពិនិត្យស្ថានភាពក្រុមហ៊ុនជាមុនសិន។ តើមានបំណុលពន្ធទេ? មានបំណុលអតិថិជន អ្នកផ្គត់ផ្គង់ បុគ្គលិក ឬធនាគារទេ? តើឯកសារគណនេយ្យ និងពន្ធដារ បានដាក់គ្រប់ខែឬនៅ ត្រឹមត្រូវទេ?
ជំហានទីពីរ គឺត្រូវរៀបចំឯកសាររំលាយក្រុមហ៊ុន ដូចជា សេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ឬដៃគូ របាយការណ៍រំលាយ បញ្ជីទ្រព្យសម្បត្តិ បំណុល និងឯកសារពន្ធផ្សេងៗទៀត។ ដំណើរការរំលាយអាចត្រូវការពេលវេលា ព្រោះពាក់ព័ន្ធនឹងការពិនិត្យឯកសារ និងការដោះស្រាយកាតព្វកិច្ចពន្ធ។ ដំណើរការរំលាយក្រុមហ៊ុនអាចចំណាយពេលប្រហែល ៦ ទៅ ១២ ខែ អាស្រ័យលើភាពស្មុគស្មាញ និងការឆ្លើយតបរបស់ស្ថាប័នពាក់ព័ន្ធ និងម្ចាស់អាជីវកម្មផ្ទាល់។
ជំហានទីបី គឺត្រូវដោះស្រាយជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបិទកាតព្វកិច្ចពន្ធ ឬស្នើសុំ tax clearance បន្ទាប់មកបន្តដំណើរការរំលាយ/លុបឈ្មោះជាមួយក្រសួងពាណិជ្ជកម្ម។
សង្ខេបខ្លី៖
“បើអាជីវកម្មមិនទៅមុខ កុំទុកក្រុមហ៊ុនចោល។ ត្រូវបិទឲ្យបានត្រឹមត្រូវ ដោយពិនិត្យបំណុល ពិនិត្យពន្ធ រៀបចំបញ្ជីគណនេយ្យ ដោះស្រាយកាតព្វកិច្ចជាមួយពន្ធដារ និងបន្តលុបឈ្មោះជាមួយក្រសួងពាណិជ្ជកម្ម។ ការបិទត្រឹមត្រូវ ជួយការពារម្ចាស់ក្រុមហ៊ុនពីបញ្ហាថ្ងៃក្រោយ។”
សារសំខាន់សម្រាប់អ្នកអាន
“ខ្ញុំចង់ផ្ញើសារទៅម្ចាស់អាជីវកម្មខ្មែរ ថា ការចុះបញ្ជីអាជីវកម្ម ការធ្វើបញ្ជីគណនេយ្យ និងការបង់ពន្ធអោយបានត្រឹមត្រូវ មិនមែនគ្រាន់តែជាបន្ទុកប៉ុណ្ណោះទេ។ វាជាមូលដ្ឋានគ្រឹះនៃអាជីវកម្មដែលមានសុវត្ថិភាព មានជំនឿទុកចិត្ត និងអាចរីកចម្រើនបានយូរ។ បើចង់ធ្វើអាជីវកម្មឲ្យធំ ត្រូវចាប់ផ្តើមពីការធ្វើឲ្យត្រឹមត្រូវជាមុនសិន។”


