នៅថ្ងៃទី២៩ ខែឧសភា តាមការចុះផ្សាយរបស់ប្រភព China Daily បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃបានអនុម័តវិធានការ ពន្យារទិដ្ឋាការ (Visa) ជាច្រើនប្រភេទ ជាពិសេសលើទិដ្ឋាការទេសចរណ៍ ដល់ភ្ញៀវទេសចរមកពីប្រទេសចំនួន ៣៦បន្ថែមទៀត ជាពិសេសអ្នកទេសចរចិន ដែលមានគម្រោងស្នាក់នៅក្នុងព្រះរាជាណាចក្រថៃលើសពី ៣០ថ្ងៃ។
បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារកន្លងទៅ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានបង្ហើបថា វិធានការពន្យាររយៈពេលនៃការស្នាក់នៅដោយគ្មានទិដ្ឋាការពី ៣០ថ្ងៃ ទៅ ៦០ថ្ងៃ នេះនឹងអនុវត្តជាធរមានពីខែមិថុនា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។
ក្នុងនោះរដ្ឋាភិបាលបានបង្កើនចំនួនប្រទេស ដែលមានសិទ្ធិស្នាក់នៅប្រទេសថៃដោយគ្មានទិដ្ឋាការ ពីចំនួន៥៧ ទៅ ៩៣ប្រទេស ពោលគឺបានបង្កើនឡើងចំនួន៣៦ប្រទេស ដោយក្នុងនោះរួមមានប្រទេស ឡាវ អាល់បានី កម្ពុជា ចិន ឥណ្ឌា ហ្សាម៉ាអ៊ីក កាហ្សាក់ស្ថាន ម៉ិកស៊ិក ម៉ារ៉ុក ប៉ាណាម៉ា រូម៉ានី ស្រីលង្កា អ៊ូសបេគីស្ថាន និងប្រទេសផ្សេងៗទៀត។
ដោយឡែកចំពោះប្រទេសដែលមានសិទ្ធិទទួលបានទិដ្ឋាការ ពេលមកដល់ (Visa Arrivals)ក៏នឹងត្រូវបានបន្ថែមពី១៩ប្រទេសទៅ ៣១ប្រទេសផងដែរ។
ទន្ទឹមនឹងនេះវិធានការពន្យារទិដ្ឋាការនេះ រដ្ឋាភិបាលថៃក៏បានអនុញ្ញាតឱ្យនិស្សិតសាកលវិទ្យាល័យបរទេសដែលបានទៅសិក្សានៅប្រទេសរបស់ខ្លួន អាចស្នាក់នៅបន្តរយៈពេល១ឆ្នាំបន្ទាប់ពីបញ្ចប់ការសិក្សានិងអនុញ្ញាតឱ្យពួកគេធ្វើការក្នុងវិជ្ជាជីវៈការងារដោយមិនកំណត់ ថានោះជាការងារសម្រាប់តែជនជាតិថៃប៉ុណ្ណោះទេ។
បន្ថែមពីនោះរយៈពេលនៃទិដ្ឋាការស្នាក់នៅប្រទេសថៃនឹងត្រូវបានកើនឡើងបីដងដោយពន្យារពី ៦០ថ្ងៃទៅ១៨០ ថ្ងៃ សម្រាប់អ្នកដែល ធ្វើការឯករាជ្យ ធ្វើការតាមឌីជីថល កម្មករ-ពលករ និស្សិតចំណីអាហារថៃនិងសិស្ស Muay Thai ។
យ៉ាងណាមិញអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Watcharong បានបង្ហាញថាការចំណាយប៉ាន់ស្មាននៃវិធានការពន្យារទិដ្ឋាការនេះគឺប្រហែល ១២.៣ ពាន់លានបាត ស្មើនឹង៣៤០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ លោកក៏បានបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណាក៏ដោយ គេក៏រំពឹងថានឹងមានការកើនចំណូលឡើងច្រើនពីបង្កាន់ដៃទេសចរណ៍ ចាប់ពី ៨០០ពាន់លានបាតដល់មួយពាន់ពាន់លានបាត៕
អត្ថបទដោយ៖ ពីង ជូអេង