ទីភ្នាក់ងាររៀបចំផែនការរដ្ឋរបស់ប្រទេសថៃ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្រុមប្រជាសាស្ត្រដែលមានវ័យក្មេងជាងគេរបស់ប្រទេស ដោយបានព្រមានថា ក្រុមអ្នកប្រើប្រាស់ «Gen Z» ដែលមានអាយុក្រោម ២៥ ឆ្នាំ កំពុងសន្សំសម្ភារៈនិយមរហូតបង្កើតបំណុលផ្ទាល់ខ្លួន និងធ្លាក់ខ្លួនទៅក្នុងស្ថានភាពអសមត្ថភាពក្នុងការសងបំណុល (Default) ក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) ការកើនឡើងនៃបំណុលនេះ គឺត្រូវបានជំរុញជាចម្បងដោយទម្លាប់នៃការទិញទំនិញតាមអារម្មណ៍ឆេវឆាវ (Impulsive shopping)។ ក្រុមអ្នកធ្វើការវ័យក្មេងកាន់តែច្រើនឡើង កំពុងតែទិញទំនិញ និងសេវាកម្មផ្សេងៗដែលផ្សព្វផ្សាយដោយបុគ្គលមានឥទ្ធិពលលើបណ្តាញសង្គម (Social Media Influencers) ដោយមិនបានវាយតម្លៃពីសមត្ថភាពសងត្រឡប់របស់ខ្លួននោះឡើយ។
ក្នុងការប្រកាសរបាយការណ៍ស្តីពី «និន្នាការសង្គមថៃសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦» លោក Danucha Pichayanan អគ្គលេខាធិការនៃ NESDC បានកត់សម្គាល់ថា ទោះបីជាបំណុលគ្រួសារជារួមបានកើនឡើងតែបន្តិចបន្តួចកាលពីត្រីមាសចុងក្រោយនៃឆ្នាំមុនក៏ដោយ ប៉ុន្តែវាបានកត់សម្គាល់នូវការកើនឡើងពីរត្រីមាសជាប់ៗគ្នា។
ទិន្នន័យម៉ាក្រូសេដ្ឋកិច្ច (Macro data) ជារួមនេះ បានបិទបាំងនិន្នាការមីក្រូសេដ្ឋកិច្ច (Micro trend) ដែលកំពុងមានភាពប្រែប្រួលខ្លាំង៖ នោះគឺការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃគុណភាពឥណទាន (សមត្ថភាពសងលុយ) ក្នុងចំណោមអ្នករកចំណូលបានដំបូងៗដែលទើបតែឈានជើងចូលក្នុងទីផ្សារការងារ។
ទិដ្ឋភាពឌីជីថលបានផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរនៅអាស៊ីអាគ្នេយ៍មួយនេះ។
ជំនួសឱ្យការដើរតួត្រឹមតែជាកន្លែងកម្សាន្ត ផ្លេតហ្វមនានាដូចជា YouTube, TikTok និង Facebook បានវិវត្តខ្លួនទៅជាម៉ាស៊ីនពាណិជ្ជកម្មចម្បង ដែលជាកន្លែងផលិត និងបង្កើតទំនុកចិត្តរបស់អ្នកប្រើប្រាស់៕


