បច្ចុប្បន្ន ទីផ្សារការងារនៅក្នុងស្រុករបស់យើង ពិតជាចង្អៀតបន្តិច ដោយមានយុវជនជាច្រើនបានចួបជាមួយវិបត្តិគ្មានការងារធ្វើ ខណៈបានរៀនចប់ហើយ ដោយសារកត្តាមួយចំនួន។ អាចថា មកពីសមត្ថភាពមិនគ្រប់គ្រាន់តាមតម្រូវការរបស់ក្រុមហ៊ុនផ្សេងៗ ឬគ្មានបទពិសោធន៍ ឬអាចមកពីការរៀនមិនត្រូវជំនាញជាដើម។
យ៉ាងណាក៏ដោយ ខាងក្រោមនេះ ជាបញ្ជីមុខជំនាញល្អៗនាពេលបច្ចុប្បន្ន និងជាការងារដែលកំពុងមានទីផ្សារខ្ពស់ ដែលងាយស្រួលដាក់ពាក្យបាន៖
១.បុគ្គលិកសុខាភិបាល៖ ក្នុងជំនាញមួយនេះ មិនថានៅទីក្រុង ឬក៏នៅតាមនិគមជនបទ សុទ្ធតែត្រូវការយ៉ាងចាំបាច់ សម្រាប់អ្នកដែលមានជំនាញខាងវិជ្ជសាស្រ្ត ជាគ្រូពេទ្យ ជាអ្នកព្យាបាល និងបម្រើសេវាសុខភាពដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។
២.អ្នកជំនាញផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រទិន្នន័យ៖ ផ្នែកនេះ ក៏ជាជម្រើសដ៏ល្អមួយផងដែរ សម្រាប់អ្នកដែលមានចំណូលចិត្តទាក់ទងទៅលើការគណនាលេខ ជាគណនេយ្យករ ជាអ្នកគ្រប់គ្រងទិន្នន័យ ដែលអាចបម្រើដល់ វិស័យធនាគារ ឬក្រុមហ៊ុនផ្សេងៗ។
៣. អ្នកបច្ចេកទេសវិទ្យាសាស្ត្រ៖ អ្នកចេះផ្នែកនេះ ក៏ជាជម្រើសដ៏ល្អ ក្នុងការធ្វើជាអ្នកស្រាវជ្រាវ មន្ទីរពិសោធន៍ ការពិនិត្យ ឬការធ្វើតេស្តឈាម ពិនិត្យ DNA ឬការធ្វើកោសលវិច័យ ជាដើម។
៤.គ្រូបង្រៀន៖ ក្នុងតួនាទីនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ ប៉ុន្តែមិនមែនអ្នកណាៗក៏អាចធ្វើបាន ដោយក្នុងនោះ បើសិនចង់បម្រើការក្នុងស្ថាប័នរដ្ឋ ត្រូវចូលរួមការប្រលងជ្រើសរើសប្រចាំខេត្តឬតំបន់។ រីឯក្នុងស្ថាប័នឯកជន យើងអាចដាក់ពាក្យតាមសាលារៀននានាបាន ព្រោះបច្ចុប្បន្នវិស័យអប់រំក៏មានការរីកចម្រើន និងមានសាលារៀនជាច្រើនបានបើកដំណើរការ និងជ្រើសរើសបុគ្គលិកអប់រំជាច្រើនផងដែរ។
៥.អ្នកជំនាញផ្នែកច្បាប់៖ ជំនាញមួយនេះ ក៏មានភាពងាយស្រួលក្នុងការរកការងារធ្វើ ព្រមទាំងទួលបានប្រាក់ចំណូលគួរសមដែរ។ ដែលយើងអាចធ្វើជា មេធាវី ឬក៏អាចបម្រើការងារជាមន្ត្រីនគរបាលជាដើម។
៦.ផ្នែកកម្សាន្ត និងកីឡា៖ អាចថា ផ្នែកមួយនេះ មើលទៅមិនសូវជាមានអ្នកចាប់អារម្មណ៍ ប៉ុន្តែបច្ចុប្បន្ន ការកម្សាន្តនៅតាមបណ្ដាញសង្គមកាន់តែទូលំទូលាយ ដូច្នេះ បើអ្នកចេះផ្នែកនេះ ពិតជាងាយស្រួល ដោយយើងអាចធ្វើជាអ្នកបង្កើតមាតិកាកម្សាន្ត ឬជាអ្នកផ្សព្វផ្សាយទាក់ទងក្នុងវិស័យកីឡាបានផងដែរ។
៧.វិស្វករ និង ស្ថាបត្យករ៖ សព្វថ្ងៃ ទាំងពីរជំនាញនេះ គឺដើរទន្ទឹមគ្នា មិនអាចខ្វះមួយណាបានឡើយ នៅក្នុងការសាងសង់ និងរចនាប្លង់អគារ ឬហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ដូច្នេះ បើអ្នកកំពុងរៀន ឬបានបញ្ចប់ការសិក្សាផ្នែកទាំងពីរនេះ សុទ្ធតែអាចរកការងារដែលខ្លួនស្រលាញ់បានយ៉ាងស្រួល។
៨.អ្នកគ្រប់គ្រងធនធានមនុស្ស៖ សម្រាប់ក្រុមហ៊ុនទាំងអស់ សុទ្ធសឹងតែត្រូវការអ្នកគ្រប់គ្រងផ្នែកធនធានមនុស្ស (HR) ដើម្បីឲ្យក្រុមហ៊ុនមួយនោះដំណើរការទៅបានរលូន។
៩.ជំនួយការរដ្ឋបាល៖ ផ្នែកមួយនេះ ក៏កំពុងមានទីផ្សារច្រើនដែរ ទាំងក្នុងក្រុមហ៊ុនធំៗ តាមបណ្ដារោងចក្រ សុទ្ធតែត្រូវការ ជំនួយការរដ្ឋបាល ដើម្បីជួយសម្រួលដល់ការងាររបស់ក្រុមហ៊ុន។
១០.ផ្នែកលក់ និង ផ្នែកទីផ្សារឌីជីថល៖ ជំនាញនេះ ជាការធ្វើទីផ្សារតាមបណ្ដាញសង្គម ដូចជា Facebook, TikTok, Instagram និងតាមបណ្ដា Platform ផ្សេងទៀត ព្រោះបច្ចុប្បន្ន នៅក្នុងស្រុក អ្នកលេងបណ្ដាញសង្គមកាន់តែច្រើន ដូច្នេះ បើអ្នកចេះផ្នែកនេះច្បាស់លាស់ ការងារដែលមានប្រាក់ខែសមល្មមដែលអ្នកត្រូវការ កំពុងរង់ចាំអ្នក។
គួរបញ្ជាក់បន្ថែមផងដែរថា ការងារដ៏ល្អមួយ មិនអាស្រ័យលើប្រាក់ខែតែមួយមុខទេ បរិយាកាសការងារ និងឪកាសអភិវឌ្ឍខ្លួនក៏សំខាន់ដែរ។ ហើយការងារទាំង ១០ខាងលើនេះ សុទ្ធតែជាការងារល្អៗ ដែលងាយស្រួលស្វែងរក។ ប៉ុន្តែយ៉ាងណាមិញ គ្រប់មុខជំនាញផ្សេងៗទៀត ក៏សុទ្ធតែល្អ និងមានតម្លៃដូចគ្នា។


