កូនអាយុក្រោម១៨ឆ្នាំ ងាយនឹងត្រូវសង្គមអូសទាញ! អ្នកស្រី ចេន សុភាព បង្ហើបគន្លឹះធំ៣ ក្នុងការអប់រំកូន
Ping Chou EngMARCH 2 20242.3 K views

សព្វថ្ងៃក្តីបារម្ភដ៏ធំបំផុតរបស់ឪពុកម្តាយគឺខ្លាចកូនត្រូវទទួលរងគ្រោះថា្នក់ដោយសារសង្គមអូសទាញ មានមិត្តភក្តិបនភឿនមិនល្អ ប្រព្រឹត្តិអំពើខុសច្បាប់ ពុលបណ្តេញសង្គម ភ្លេចខិតខំរៀនសូត្រ ជាពិសេសក្មេងៗជំទង់ៗដែលមានអាយុក្រោម១៨ឆ្នាំ។

 

ទន្ទឹមនឹងប្រធានបទនេះដែរ អ្នកស្រី ចេន  សុភាព ស្ថាបនិកនិងជា CEO អាជីវកម្មត្បាញក្រណាត់ខ្មែរ ដោយដៃគ្រប់ប្រភេទ ស៊ឹង ផាមួង ហូល ដែលមានឈ្មោះថា កីតម្បាញខ្មែរ បានចែករំលែកនៅក្នុងវីដេអូផ្ទាល់ខ្លួនមួយ អំពីរបៀបចិញ្ចឹមអប់រំកូនឱ្យមានប្រសិទ្ធិភាពជាងមុន ចំនួន៣គន្លឹះដល់ឪពុកម្តាយ ដែលមានកូនក្រោមអាយុ១៨ឆ្នាំ ដែលជាវ័យងាយត្រូវបានសង្គមអូសទាញបំផុត។

 

គន្លឹះទី១ ភាពស្និតស្នាលបែបមិត្តយល់ចិត្តអ្នកស្រីបានពន្យល់ថាបច្ចុប្បន្ននេះ ឪពុកម្តាយនិងកូនៗភាគច្រើនពុំសូវមានភាពស្និតស្នាលជាមួយគ្នានោះទេ ជាពិសេសសម្រាប់មាតាបិតាដែលមានកូនវ័យជំទង់ ដែលជាវ័យសិ្ថតក្នុងក្រុមកំពុងពិបាកទូន្មាន ក្បាលរឹង ងាយងាករេតាមសង្គម ស្តាប់និងជឿមិត្តភក្តិច្រើនជាងយើងជាឪពុកម្តាយ។

 

ដូច្នេះក្នុងនាមឪពុកម្តាយ អ្នកស្រីបានលើកទឹកចិត្តថាចូរយកចិត្តទុកជាមួយកូនឱ្យបានច្រើន ព្យាយាមបង្កើតទំនាក់ទំនងដែលមានភាពជាមិត្តភក្តិជាមួយកូនឱ្យបានច្រើន ដើម្បីឱ្យកូនហ៊ានបើកចំហនិយាយជាមួយយើង ហ៊ានបង្ហាញទុកកង្វល់ និងបញ្ហារបស់ពួកគាត់ ដោយកុំយកតួនាទីជាឪពុកម្តាយទៅដាក់សម្ពាធខ្លាំងជាមួយកូន ទើបងាយស្រួលជជែកគ្នានិងដោះស្រាយបញ្ហាបានល្អជាងមុន។

 

គន្លឹះទី២ រៀនប្រើប្រាស់ពាក្យសម្តី៖ ទោះបីជាឪពុកម្តាយក៏ត្រូវរៀនប្រើពាក្យសម្តីជាមួយកូនឱ្យបានល្អដែរ។ អ្នកស្រីបានបញ្ជាក់ថាការរៀនប្រើពាក្យសម្តីនិងរៀបចំសំណួរឱ្យបានច្បាស់លាស់ពេលសួរនាំឬនិយាយប្រាស្រ័យទាក់ទងជាមួយកូន គឺជាកត្តាដែលជួយជំរុញឱ្យទំនាក់ទំនងបែបជិតស្និតរវាងឪពុកម្តាយនិងកូនៗមានភាពល្អប្រសើរផងដែរ។

 

គន្លឹះទី៣ រៀនទប់កំហឹង៖ នេះជាចំណុចពិសេសមួយសម្រាប់ឪពុកម្តាយ ដើម្បីឱ្យការប្រាស័្រយ​ទាក់ទងជាមួយកូនរាល់ថ្ងៃល្អ គឺត្រូវរៀនទប់ទោសៈរបស់ខ្លួនឯង។ ក្នុងនោះអ្នកស្រីបានលើកឡើងថា “កុំខឹងគោវាយរទេះ ឪពុកម្តាយដែលប្រដៅកូនមិនបានហើយកូនក្លាយជាក្មេងខូច គឺនៅពេលដែលខ្លួនឯងសប្បាយចិត្ត កូនធ្វើអ្វីក៏មិនចេះខុសដែរ តែពេលខ្លួនឯងមួរម៉ៅ ខឹងគោវាយរទេះ” ។​

 

ត្រង់ចំណុចនេះអ្នកស្រីចង់សម្តៅថាជាឪពុកម្តាយត្រូវរៀនទប់កំហឹងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ​កុំប្រើអារម្មណ៍ដើម្បីអប់រំស្តីប្រដៅកូន ពេលយើងសប្បាយចិត្តអារម្មណ៍ល្អបណ្តោយកូន តែពេលកំពុងមួរម៉ៅឃើញកូនធ្វើខុសប្រើអារម្មណ៍តប់ប្រមល់លាយកំហឹងទៅអប់រំកូននោះ កូននឹងកាន់តែទម្រើសពិបាកប្រដៅ។

 

ជាការពិតឪពុកម្តាយគឺបានដើរតួនាទីយ៉ាងសំខាន់និងគ្មាននរណាជំនួសបានឡើយក្នុងជីវិតរបស់កូនៗ។ ទំនាក់ទំនងនេះមានភាពប៉ះពាល់ខ្លាំង ទាំងល្អនិងមិនល្អ ទៅលើការអភិវឌ្ឍន៍ផ្លូវចិត្ត ផ្លូវកាយ សង្គម និងផ្លូវចិត្តរបស់កុមារ ក៏ដូចជាសុភមង្គលរបស់ពួកគេផងដែរ។

 

ដូច្នេះ អ្នកស្រី ចេន សុភាព បានណែនាំនិងលើកទឹកចិត្តឱ្យឪពុកម្តាយនៅតែរៀនបន្ថែមពី​ យុទ្ធសាស្រ្ត វិធីសាស្រ្ត សិល្បៈអប់រំ ក្នុងជួយតម្រង់ទិសកូនៗបន្ថែម ក្រៅពីលោកគ្រូអ្នកគ្រូនៅសាលារៀន ដើម្បីឱ្យកូនរៀនក្លាយជាក្មេងល្អក្នុងគ្រួសារ ពលរដ្ឋល្អក្នុងសង្គម៕

 

អត្ថបទដោយ៖ ពីង ជូអេង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia