គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន សម្រេចបាន ៩៥ ភាគរយ
Bunthoeun KoemFEBRUARY 20 202611 views

គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ គិតដល់មកពេលនេះ សម្រេចបាន ៩៥ ភាគរយហើយ។ នេះបើយោងតាមការចេញផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយម។

 

ជាក់ស្ដែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងខាងលើនេះផងដែរ។

 

សូមជម្រាបជូនថា គម្រោងសាងសង់ទំនប់អាងទឹកនេះ បានចាប់ផ្តើមដំណើរការអនុវត្តការងារតាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដោយផ្ដោតលើការងារបច្ចេកទេសសំខាន់ៗ រួមមាន៖ សាងសង់ទំនប់អាងទឹកដែលមានកម្ពស់ ១២ម៉ែត្រ ទទឹងខ្នងទំនប់ ១៤ម៉ែត្រ និងបណ្តោយប្រវែង ១៣០ម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការ្យសរុបចំនួន ០២កន្លែង (ក្នុងនោះមានសំណង់លូចំនួន ០១កន្លែង និងសំណង់បង្ហៀរចំនួន ០១កន្លែង)។ គិតមកទល់ពេលនេះ វឌ្ឍនភាពការងារសរុបនៃគម្រោងទាំងមូល សម្រេចលទ្ធផលបានប្រមាណ ៩៥% ហើយ។

 

ឯកឧត្ដមអគ្គនាយក បានគូសបញ្ជាក់ថា បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ អាងទឹកនេះនឹងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងធនធានទឹក ដោយមានសមត្ថភាពស្ទាក់ទឹក និងរក្សាទុកទឹកហូរធ្លាក់ពីជួរភ្នំ និងផ្ទៃរងទឹកភ្លៀងបានរហូតដល់ ៦៥ម៉ឺនម៉ែត្រត្រីគុណ។ ប្រភពទឹកដ៏មានសក្តានុពលនេះ នឹងធានាការស្រោចស្រពលើផ្ទៃដីដាំដុះចំនួន ១៥០ហិកតា និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់បងប្អូនប្រជាកសិករចំនួន ១១៦គ្រួសារ ឱ្យមានលទ្ធភាពបង្កបង្កើនផលបានគ្រប់រដូវកាល សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងធានាបាននូវសន្តិសុខទឹកក្នុងមូលដ្ឋានប្រកបដោយចីរភាព។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស បន្តពង្រឹងការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាគុណភាពសំណង់ឱ្យរឹងមាំយូរអង្វែង។ បន្ថែមលើនេះ ឯកឧត្តមបានជំរុញឱ្យបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ក្នុងគោលដៅបម្រើដល់ការប្រើប្រាស់ស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

 

636859862 1230916365887369 6104274673716183876 N

637885880 1230917602553912 7950767484881018197 N

636856216 1230917522553920 7747464681346278273 N

637702573 1230917685887237 8531704737584542690 N

639143527 1230917769220562 8855284158520546616 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia