ជាសេដ្ឋីលេខ១នៅជប៉ុន ព្រោះរបរលក់ខោអាវ នេះជាមេរៀន៤ ដែលគួររៀនពីលោក Tadashi Yanai
Ping Chou EngFEBRUARY 27 20241.2 K views

និយាយអំពីវិស័យសម្លៀកបំពាក់នៅអាស៊ីគេមិនដែលភ្លេចរំលឹកអំពីយីហោ Uniqlo របស់លោក Tadashi Yanai មហាសេដ្ឋីលេខ១របស់ជប៉ុន​ ដែលសូម្បីមហាសេដ្ឋីរកស៊ីវិស័យលើបច្ចេកវិទ្យានិងហិរញ្ញវត្ថុលោក Masayoshi Son ក៏មានទ្រព្យសម្បត្តិតាមមិនទាន់លោក Yanai ដែរដោយគ្រាន់តែរកស៊ីលក់ខោអាវសោះ អាចក្លាយជាសេដ្ឋីលេខ១ ក្នុងប្រទេស និងមានទ្រព្យសម្បត្តិចំនួន៤១ពាន់លានរកស៊ី៣ទ្វីបនៅ អាស៊ី អាមេរិក និងអឺរ៉ុប ។  

 

គ្រាន់តែលក់ខោអាវក្លាយជាសេដ្ឋី វាមិនមែនជារឿងចៃដន្យទេសម្រាប់លោក Yanai។ រៀនចប់ផ្នែកអាជីវកម្ម ចាប់ផ្តើមធ្វើជាបុគ្គលិកលក់ខោអាវនិងកាន់ស្តុកនៅក្នុងផ្សារទំនើប យុវជនវ័យទើបតែ២២ឆ្នាំរូបនេះពិតជាចូលចិត្តការស្លៀកពាក់សាមញ្ញ ងាយស្រួលជាមួយអាវយឺតនិងខោខៅប៊ូយជាខ្លាំង។

 

រហូតដល់អ្នកគ្រប់គ្រងរបស់គាត់បង្ខំឱ្យពាក់អាវធំនឹងក្រវាត់ក តែYanai មិនព្រមជាដាច់ខាត ហើយថែមទាំងដាក់ពាក្យលាឈប់ សុខចិត្តមកធ្វើការនៅហាងកាត់ឈុតខោអាវធំតាមដងផ្លួវ​របស់ឪពុកខ្លួននៅទីក្រុងហ៊ីរ៉ូស៊ីម៉ាវិញ។ នៅក្នុងឆ្នាំ១៩៨៤ Yanai បានសម្រេចចិត្តបើកហាងទី១ ដោយប្តូរឈ្មោះហាងរបស់ឱពុកខ្លួនពី Ogori Shoji មកជា Fast Retailing ដែលជាក្រុមហ៊ុនមេរបស់ Uniqlo សព្វថ្ងៃនេះ។

 

គ្រប់យ៉ាងរបស់យីហោ Uniqlo បានកើតឡើងយ៉ាងល្អ ដោយលោក Yanai បានចាប់ផ្តើមជាអាជីវកម្មលក់រាយសម្លៀកបំពាក់ធម្មតាៗ ដែលជាតម្រូវការរបស់ប្រជាជនជប៉ុននាសម័យនោះ រហូតដល់យីហោរបស់Uniqlo ផ្ទុះខ្លាំងនៅជប៉ុន សាយភាយកើតកូនជាង៣០០ហាងនៅជប៉ុនក្នុងឆ្នាំ១៩៩៨ ដោយសារគុណតម្លៃធំៗ៣​ ទី១គឺការប្រើប្រាស់ជាប្រចាំ ទី២ ភាពសាមញ្ញច្រើនម៉ូត និងទី៣ គុណភាពខ្ពស់ខ្លាំងផ្សំតម្លៃថោកសមរម្យ ។

 

យ៉ាងណាមិញនៅក្នុងបទសម្ភាសន៍​ ជាមួយការសារព័ត៌មានសិង្ហបុរី CNA insider មហាសេដ្ឋីវ័យ៧៥ឆ្នាំលោក​ Tadashi Yanai បានផ្តល់ដំបូន្មានចំនួន៤ពីអាជីវកម្មនិងបទពិសោធន៍របស់លោកផ្ទាល់យ៉ាងដូច្នេះថា៖

 

១. បរាជ័យ ជាការប្រកួត៖ នៅពេលដែល Uniqlo បើកសាខាបរាជ័យនៅអង់គ្លេស នៅអាមេរិក​ និងប្រទេសចិនគ្រប់គ្នាគិតថាជាការបរាជ័យ​ ដើរដួលម្តងហើយម្តងទៀតមិនអាចទៅមុខបាន តែលោកបែរជាយល់ថាវាជាការប្រណាំងប្រជែងដ៏អស្ចារ្យមួយសម្រាប់ខ្លួនឯង ដែលលោកបានរកឃើញ។

 

២. លួចរៀនពីគេ​ឱ្យ៖ មុនពេលបង្កើត​ Uniqlo លោកបានបើកឱកាសឱ្យខ្លួនឯងទៅបរទេស និងលួចសិក្សាពីប្រេនម៉ាកលំដាប់ពិភពលោក​ជាច្រើនដូចជា Zara Gap H&M Nike Adidas រហូតដល់លោកអាចបង្កើតម៉ាករបស់ខ្លួនឯងបាន ហើយបន្ថែមអ្វីដែលខ្លួនឯងមានចូលទៅក្នុងនោះ។ 

 

៣. ផ្លាស់ប្តូរឬស្លាប់?៖ មេរៀនដឹកនាំមួយពី Yanai ហើយ​គឺ​សម្រាប់​បុគ្គលិក Uniqlo ទាំងអស់ថា ប្រសិនបើអ្នកមិនអាចផ្លាស់ប្តូរបានទេ អ្នកនឹងមិនអាចរស់បានឡើយ ដូច្នេះការផ្លាស់ប្តូរនិងការសម្របខ្លួនគឺជាគន្លឹះក្នុងការរក្សាជំហរ និងឈរជើងក្នុងសង្គមបាន។

 

៤. រឿង១ដែលលំបាកបំផុតពេលធ្វើអាជីវកម្ម៖ ជាម្ចាស់ក្រុមហ៊ុនដែលមានតម្លៃថ្លៃលំដាប់ទី៣៩ ក្នុងលោកក៏ពិតមែនតែមហាសេដ្ឋីវ័យ៧៥ឆ្នាំ រូបនេះនៅតែមានបញ្ហាលំបាកបំផុតក្នុងការធ្វើអាជីវកម្ម​ ដោយលោកបានឱ្យដឹងថាការព្រួយបារម្ភ១ដ៏ធ្ងន់ធ្ងររបស់លោកគឺពិបាកក្នុងការជ្រើសរើសមនុស្សដ៏ត្រឹមត្រូវមកធ្វើការជាមួយ និងបន្តតំណែងជំនួសលោកបាន៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia