រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើតដូចជាខេត្ដព្រៃវែងជាដើម ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល២០ឆ្នាំខាងមុខ។ នេះបើយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតីបានមានប្រសាសន៍ថា៖ ខ្ញុំគិតថាសក្ដានុពលរបស់ខេត្ដស្វាយរៀង បើនិយាយពីកសិកម្មមួយហើយ ប៉ុន្ដែអ្វីដែលធំគឺឧស្សាហកម្មទៅថ្ងៃមុខ ហើយខ្ញុំមានសុទិដ្ឋិនិយមថា រោងចក្រឧស្សាហកម្ម កន្លែងផលិតកម្ម ដែលជាមូលដ្ឋានដ៏សំខាន់ មិនត្រឹមតែប្រមូលម្ដុំនៅក្រុងបាវិតទេ ប៉ុន្ដែថ្ងៃក្រោយអាចនឹងរីក។ ហើយខ្ញុំសង្ឃឹមថាក្នុងរយៈពេល ២០ ឆ្នាំទៀត អាចនឹងក្លាយជាបណ្ដុំឧស្សាហកម្មក៏ធំមួយនៅក្នុងប្រទេសរបស់យើង។
សម្ដេចបញ្ជាក់ទៀតថា ដោយសារភូមិសាស្ដ្រខេត្ដស្វាយរៀងនៅជាប់ប្រទេសវៀតណាម ហើយបន្ដិចទៀតរាជរដ្ឋាភិបាលនឹងសាងសង់ផ្លូវល្បឿនលឿន ហើយការសិក្សាទៅថ្ងៃក្រោយនឹងមានផ្លូវដែកភ្ជាប់ពីខេត្ដស្វាយរៀងទៅកាន់រាជធានីភ្នំពេញ។ អ៊ីចឹងកសិ-ឧស្សាហកម្មក្ដី ឧស្សាហកម្មក្ដី កម្មន្ដសាលក្ដី គឺជាអាទិភាពធំសម្រាប់ទិញខាងកើតនេះ។ ហើយបើឧស្សាហកម្មរីកនៅខេត្ដស្វាយរៀង យូរនិងឆាប់វានឹងរីកទៅដល់ខេត្ដព្រៃវែង។
គួរជម្រាបផងដែរថា កាលពីឆ្នាំ២០២៥ កន្លងទៅ ខេត្ដស្វាយរៀងទទួលបានគម្រោងវិនិយោគថ្មីៗទាំងធំទាំងតូចសរុបចំនួន ១៣៩ គម្រោង ជាប់លេខ២ ជាខេត្ដដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេប្រចាំឆ្នាំ បន្ទាប់ពីខេត្ដកំពង់ស្ពឺ៕




