បច្ចុប្បន្ននេះ ខេត្ដស្វាយរៀងគឺជាខេត្ដដែលមានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ បើធៀបទៅនឹងបណ្ដាលខេត្ដដទៃផ្សេងទៀតនៅទូតាំងប្រទេស។ ជាក់ស្ដែងខេត្ដមួយនេះ មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៣ កន្លែងឯណោះ។
តាមការលើកឡើងពីលោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងកិច្ចសម្ភាសន៍ជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃបានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ វិស័យការងារនៅក្នុងខេត្ដស្វាយរៀងមានការកើនឡើងគួរជាទីមោទនភាព ដោយជាក់ស្ដែងនាពេលបច្ចុប្បន្ននេះយើងមានតំបន់សេដ្ឋកិច្ចពិសេសដល់ទៅ ១៣ កន្លែង និងបានដំណើរការ ១២ កន្លែងរួមមក។ បើប្រៀបធៀបនៅទូទាំងប្រទេស គឺខេត្ដស្វាយរៀងមានច្រើនគេ។
ក្នុងនោះមានរោងចក្រសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ១ ១០៨ កន្លែង ដែលមានកម្មករនិយោជិតកំពុងធ្វើការចំនួន ១៦៥ ៦៤៤ នាក់។ ហើយនៅឆ្នាំ ២០២៦ ខេត្ដស្វាយរៀងក៏កំពុងត្រូវការកម្លាំងពលកម្មជាង ២ ម៉ឺននាក់បន្ថែមទៀត ដោយសារកំណើនរោងចក្រថ្មីៗ និងរោងចក្រចាស់ៗបានពង្រីកផលិតកម្មរបស់ខ្លួន។
យ៉ាងណាមិញ ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្ដេជ្ញាគៀងគរអ្នកវិនិយោគិនពីក្រៅប្រទេស មកបណ្ដាក់ទុនវិនិយោគ នៅក្នុងខេត្តកាន់តែច្រើន។ នេះជាការលើកឡើងរបស់ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ក្នុងកិច្ចសម្ភាសន៍ជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃក្នុងពេលជាមួយគ្នានោះ។
យោងតាមរបាយការណ៍របស់ គណៈកម្មាធិការវិនិយោគកម្ពុជា បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា បានកើនដល់ចំនួន ៦៥ តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង ២៥ ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ ពាន់នាក់បន្ថែមទៀតផងដែរ។
សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស បាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗជាពិសេសឧស្សាហកម្មផលិតសំបកកង់រថយន្ត, ឧស្សាហកម្មផ្គុំនិងដំឡើងយានយន្ត, ឧស្សាហកម្មដំឡើងកង់, ឧស្សាហកម្មផលិតសម្ភារៈអេឡិកត្រូនិចគ្រប់ប្រភេទ, ឧស្សាហកម្មផលិតគ្រឿងបង្គុំសង្ហារិម និងផលិតផលគ្រឿងសង្ហារិម ជាដើម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕


