ប្រែក្លាយពីស្ករត្នោតធម្មតា ក្រុមហ៊ុនមួយនៅខ្មែរឈ្មោះ HESED ច្នៃស្ករតោ្នតខ្មែរក្លាយទៅជាផលិតផលសម្រេចរហូតអាចនាំចេញដល់ក្រៅប្រទេស។ ជាក់ស្តែង ក្នុងកិច្ចសម្ភាសន៍ជាមួយ លោក សេង សំបូរ អ្នកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន HESED បានឱ្យដឹងថា សហគមន៍ផលិតស្ករត្នោតមួយនេះបានចាប់កំណើតឡើងដោយអង្គការបារាំងមួយតាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ ដោយមានសមាជិកខ្មែរជាអ្នកមើលការខុសត្រូវ លុះក្រោយមកនៅក្នុងឆ្នាំ ២០១៧ ក៏មានអ្នកវិនិយោគមកពីប្រទេសកូរ៉េបានទិញសិទ្ធិយកទៅមើលការខុសត្រូវបន្តនិងបានបង្កើតជាក្រុមហ៊ុនមកដល់បច្ចុប្បន្ននេះ។
លោក សំបូរ បានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីកូរ៉េចូលខ្លួនទទួលខុសត្រូវសហគមន៍ស្ករត្នោតនេះមក កូរ៉េក៏បានរៀបចំបច្ចេកទេសផលិតស្ករថ្មី បង្កើតឱកាសទីផ្សារថ្មី និងចាប់ផ្តើមធ្វើការយ៉ាងជិតស្និតជាមួយប្រជាកសិករដែលជាអ្នកឡើងត្នោតដើម្បីប្រមូលទិញទឹកត្នោតយកមកចម្រាញ់ក្នុងរោងចក្ររហូតក្លាយជាផលិតផលស្ករត្នោតប្រភេទម្សៅ “ស្ករត្នោតសុវណ្ណៈ” និងអាចយកស្ករត្នោតនេះលក់នៅប្រទេសធំៗចំនួន ៥ប្រទេសរួមមាន ៖ប្រទេស កូរ៉េ ជប៉ុន ចិន ញូហ្សឺលែន និង សហរដ្ឋអាមេរិក ។
ក្នុងចំណោមទីផ្សារនាំចេញធំទាំង ៥ ដែលក្រុមហ៊ុនបាននាំចេញ ប្រទេសកូរ៉េជាទីផ្សារនាំចេញធំបំផុតខណៈក្នុងមួយឆ្នាំក្រុមហ៊ុនអាចនាំស្ករត្នោតសុវណ្ណៈ ទៅក្រៅប្រទេសសរុបចន្លោះពី ៦០ ទៅ ៧០ តោន ។ ចំណែកឯការផលិតវិញជាមធ្យមក្នុងមួយឆ្នាំក្រុមហ៊ុន Hesed អាចផលិតស្ករត្នោតបានប្រមាណជា ១២០តោន ជាមួយនឹងដៃគូសហការដែលជាប្រជាកសិករប្រមាណជា ៥៤ គ្រួសារ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនផលិតស្ករត្នោតសុវណ្ណៈ មានរោងចក្រផលិតនិងវេចខ្ចប់ចំនួន ២ទីតាំងធំៗ គឺស្ថិតនៅខេត្តកំពង់ឆ្នាំង និងមួយទៀតស្ថិតនៅខេត្តកំពង់ស្ពឺ។ ហើយសម្រាប់បងប្អូនដែលចង់ជាវនូវផលិតផលខ្មែរ ផលិតត្រឹមត្រូវតាមស្តង់ដារ មានគុណភាពនិងអនាម័យខ្ពស់ បងប្អូនស្វែងរកស្ករត្នោតខ្មែរ សុវណ្ណៈបាននៅគ្រប់ផ្សារទំនើបធំៗដូចជា ផ្សារទំនើបម៉ាក្រូ ជីបម៉ុង អេអន ផ្សារទំនើបឡាក់គី និងផ្សារទំនើបធំៗដទៃផ្សេងទៀត ឬអាចធ្វើការទំនាក់ទំនងទិញដុំនិងរាយតាមរយៈហ្វេសប៊ុកផេក Sovannak Palm Sugar ស្ករត្នោត សុវណ្ណ: ឬតាមលេខទំនាក់ទំនង 085 894 949 ៕


