ការជ្រើសរើសរវាងការទិញដីធ្លី និងការទិញខុនដូសម្រាប់ការវិនិយោគ នៅតែជាសំណួរពេញនិយមសម្រាប់អ្នកមានបំណងចង់ដាក់ទុនក្នុងវិស័យអចលនទ្រព្យ។ ទាក់ទងនឹងចំណោទនេះដែរ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអ្នកជំនាញអចលនទ្រព្យ បានផ្ដល់នូវគំនិត និងការវិភាគមួយចំនួនដើម្បីឲ្យលោកអ្នកយកទៅពិចារណាមុននឹងធ្វើការវិនិយោគ។

តាមការបញ្ជាក់ពីលោក សន សៀប បានមានប្រសាសន៍ដូច្នេះថា៖ ចំពោះខ្ញុំ ចម្លើយមិនមានតែមួយទេ តែគឺអាស្រ័យទៅលើគោលបំណង។ ក្នុងនោះដែរអ្នកជំនាញរូបនេះក៏បានលើកពីអត្ថប្រយោជន៍នៃដី និងខុនដូផងដែរ។
"ទីមួយ បើយើងនិយាយពីដី តម្លៃដីឡើងមានកំណើនខ្ពស់ជាងខុនដូ ក៏ប៉ុន្តែត្រូវរង់ចាំយូរ ហើយដាក់ជួលក៏មិនបានជាតម្លៃខ្ពស់ប៉ុន្មានដែរ។ ចំណែកឯខុនដូ ងាយស្រួលដាក់ជួល មានចំណូលជួល ក៏ប៉ុន្តែសម្រាប់ការឡើងថ្លៃ អាចនឹងទាបជាងដី។ ទិញដីអាចឡើង ២ ទៅ ៣ ដង ក្នុងរយៈពេល ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ក៏ប៉ុន្តែបើទិញខុនដូ គឺជួលបានប្រហែលជា ៥ ទៅ ៨ ភាគរយក្នុងមួយឆ្នាំ។ ហើយបើបងប្អូនមានផែនការចង់រៀបចំវិនិយោគទៅលើអចលនទ្រព្យ អាចទាក់ទងមកខ្ញុំដើម្បីជួយពិគ្រោះយោបល់បាន"។ នេះជាការលើកឡើងរបស់លោក សន សៀប។
សរុបមក ប្រសិនបើលោកអ្នកចង់វិនិយោគទទួលបានការចំណេញច្រើនជាដុំកំភួននៅពេលអនាគត «ដីធ្លី» គឺជាជម្រើសចម្បង។ ប៉ុន្តែ ប្រសិនបើលោកអ្នកចង់បានចំណូលប្រចាំខែសម្រាប់បង្វិល និងដោះស្រាយការចំណាយប្រចាំថ្ងៃ «ខុនដូ» គឺជាជម្រើសដ៏ប្រសើរ៕




