ស្រ្តេសគឺជាជំងឺផ្នែកផ្លូវចិត្តមួយ អាចប៉ះពាល់រាលដាលដល់សុខភាពផ្លូវកាយ ស្រ្តេសអាចកើតឡើង លើមនុស្សស្ទើរគ្រប់ពេលនិងគ្រប់វ័យ ប្រសិនបើមនុស្សមិនចេះគ្រប់គ្រងវា ។ យ៉ាងណាមិញខាងក្រោមនេះគឺជាវិធីសាស្រ្តធំៗ៦ផ្លូវ ក្នុងការគ្រប់គ្រងស្រ្តេស ដែលណែនាំដោយអង្គការសុខភាពពិភពលោក ឬហៅកាត់ថា WHO។
១. បង្កើតទម្លាប់ប្រចាំថ្ងៃ៖ ទម្លាប់ប្រចាំថ្ងៃសម្រាប់ការងារនិងធ្វើឱ្យមនុស្សមានវិន័យជាងមុន ធ្វើការងារតាមលំដាប់លំដោយ ការមានទម្លាប់ប្រចាំថ្ងៃត្រឹមត្រូវនឹងជួយមនុស្សមិនឱ្យស្រ្តេស ហើយអាចបែងចែកពេលវេលាបានល្អ។
២. គេងឱ្យបានទៀងទាត់៖ គេងឱ្យបានទៀងទាត់ មិនមែនម្តងគេងពេលជិតភ្លឺ ឬម្តងគេងទាំងថ្ងៃនោះទេពោលគឺគេងឱ្យបានគ្រប់គ្រាន់និងទៀងពេលវេលា។
៣. ធ្វើទំនាក់ទំនងជាមួយអ្នកដទៃ៖ បង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ ការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកដទៃក៏ជាវិធីជួយយើងបំបាត់ស្រ្តេសផងដែរ។
៤. ទទួលទានអាហារសុខភាព៖ យើងជាអ្វីដែលយើងញុំា! ដូច្នេះប្រសិនបើយើងញុំាអាហារមិនល្អច្រើន សុខភាពអារម្មណ៍និងសុខភាពផ្លូវចិត្តយើងក៏ដូចគ្នា។
៥. ហាត់ប្រាណជាប្រចាំ៖ ការហាត់ប្រាណបញ្ចេញញើសប្រចាំថ្ងៃចោល គឺជាការបញ្ចេញចោលនូវជាតិពុលអាក្រក់ ដេញអារម្មណ៍មិនល្អ និងបង្កើតអរម៉ូនរីករាយ។
៦. រៀនបន្ថែមពីការគ្រប់គ្រងស្រ្តេស៖ ការគ្រប់គ្រងស្រ្តេសមានច្រើនបែប ច្រើនវិធីតម្រូវតាមការរស់នៅនិងជីវិតរបស់់មនុស្សម្នាក់ៗដែលអាចខុសប្លែកពីគ្នា តាមចំណូលចិត្ត អ្នកខ្លះគ្រប់គ្រងស្រ្តេសដោយការរត់ ដើរក្នុងធម្មជាតិ ការអាន ការកម្សាន្តឬញុំាជាដើម។
ដូច្នេះលោកអ្នកអាចស្វែងរកវិធីគ្រប់គ្រងស្រ្តេសតាមរបៀបផ្ទាល់ខ្លួន អ្វីដែលធ្វើឱ្យអ្នករីករាយនិងប្រសើរជាងមុន៕
អត្ថបទដោយ៖ ពីង ជូអេង