ថ្មីៗនេះមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេក្នុងលោកគឺ Elon Musk បាននិយាយថា “លុយមិនអាចទិញសុភមង្គលបានទេ” ដែលឃ្លានេះធ្វើឱ្យមានមតិវែកញែកមានទាំងអ្នកយល់ស្រប និងមិនយល់ស្រប។ ដោយហេតុថាសម្រាប់មនុស្សខ្លះ លុយ ពិតជាសំខាន់ ជាពិសេសនៅពេលមានបំណុលជាប់ខ្លួនផងបើគ្មានលុយគឺពួកគេរកសុភមង្គលមិនឃើញតែម្ដង។ ខណៈដែលអ្នកខ្លះជាប់បំណុលគេច្រើនលើសលប់ពេកធ្វើឱ្យប៉ះពាល់ផ្លូវចិត្ត គិតអ្វីមិនចេញដល់ថ្នាក់សម្លាប់ខ្លួនក៏មាន។
ជាការពិតទៅ ដើម្បីដោះបំណុល មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចធ្វើបាន ប៉ុន្តែមានរឿងសំខាន់មួយបើអ្នកមិនចេះធ្វើទេ អ្នកនឹងមិនអាចដោះបំណុលអស់ឡើយ។ រឿងសំខាន់ដែលអ្នកគួរតែធ្វើនៅជំហ៊ានដំបូងគេក្នុងការដោះបំណុលគឺ "ត្រូវថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តខ្លួនឯងឱ្យបានល្អ"។ រឿងដ៏សំខាន់នេះតែងតែត្រូវបានគេមើលរំលង ហើយផ្ដោតខ្លាំងទៅលើការរកលុយតែមុខគត់។ នៅពេលនរណាម្នាក់មានបំណុលជាប់ខ្លួន អារម្មណ៍តានតឹង ការព្រួយបារម្ភ និងសម្ពាធផ្លូវចិត្តនឹងកើតឡើងដោយឯងៗ។ ប្រសិនបើអ្នកមិនថែរក្សាខ្លួនឯងឱ្យបានល្អ ស្ថានភាពទាំងនេះអាចប៉ះពាល់ដល់ការគិត ការសម្រេចចិត្ត និងសមត្ថភាពក្នុងការដោះស្រាយផ្សេងៗ។
សុខភាពផ្លូវកាយល្អ ធ្វើឱ្យអ្នកមានថាមពលក្នុងការធ្វើការងារ បន្តខិតខំ និងស្វែងរកឱកាសថ្មីៗ។ តែបើរាងកាយអស់កម្លាំង ឬឈឺចាប់ អ្នកនឹងពិបាកបន្តការងារ ខាតបង់ប្រាក់ចំណូលដែលធ្វើឱ្យការដោះបំណុលកាន់តែយឺតយ៉ាវ ឬក៏អាចមានបំណុលថ្មីកើតឡើង ព្រោះអ្នកត្រូវការលុយដើម្បីព្យាបាលជំងឺ។
នៅផ្នែកផ្លូវចិត្ត នៅពេលអ្នកមានសុខភាពផ្លូវចិត្តរឹងមាំនឹងជួយឱ្យអ្នកអាចគ្រប់គ្រងរាល់សម្ពាធគ្រប់យ៉ាងបាន ហើយស្មារតីក្នុងការគិត និងការសម្រេចិត្តក៏បានត្រឹមត្រូវដែរ។ ផ្ទុយទៅវិញ ប្រសិនបើផ្លូវចិត្តអ្នកទន់ខ្សោយ ឆាប់អស់សង្ឃឹម ឬបណ្ដោយឱ្យខ្លួនតានតឹងខ្លាំងពេក គិតអ្វីមិនចេញយូរទៅអាចនឹងបាក់ចិត្ត បំណុលចាស់ដោះមិនរួច បំណុលថ្មីចេះតែកើតឡើង ចុងក្រោយអាចនឹងគិតខ្លីថែមទៀត។ ដូច្នេះ ដើម្បីអាចដោះបំណុលបានជោគជ័យ កុំផ្ដោតលើការរកលុយជាផ្លូវតែមួយ តែត្រូវយកចិត្តទុកដាក់លើខ្លួនឯងជាជំហានដំបូងសិន ព្រោះនៅពេល សុខភាពផ្លូវកាយ និងផ្លូវចិត្ត របស់អ្នករឹងមាំហើយនោះមានន័យថាអ្នកជោគជ័យមួយជំហ៊ានហើយ៕


