គ្រាន់តែដឹងពីហានិភ័យមិនទាន់គ្រប់គ្រាន់ទេ! SoftFlex Solutions សហការជាមួយ Qualys និង FranklinOne រៀបចំសិក្ខាសាលាស្វែងយល់ពីសុវត្ថិភាពសាយប័រក្នុងយុគសម័យ AI
Sakada Khon•OCTOBER 9 2026•

ការវិវឌ្ឍយ៉ាងលឿននៃបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទិដ្ឋភាពសន្តិសុខសាយប័រក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក ខណៈដែល AI បានជួយឱ្យជនអនាមិកអាចស្វែងរក និងទាញយកប្រយោជន៍ពីចំណុចខ្សោយនៃប្រព័ន្ធកាន់តែលឿន និងស្មុគស្មាញជាងមុន។

បច្ចុប្បន្ននេះ ស្ថាប័ននានាមិនអាចពឹងផ្អែកត្រឹមតែការស្វែងរក និងមើលឃើញចំណុចខ្វះខាតនៃប្រព័ន្ធតែមួយមុខនោះទៀតឡើយ ផ្ទុយទៅវិញ ពួកគេចាំបាច់ត្រូវយល់ឱ្យច្បាស់ថាតើទ្រព្យសកម្មឌីជីថលណាខ្លះកំពុងប្រឈម ចំណុចខ្សោយណាដែលបង្កគ្រោះថ្នាក់ខ្លាំងជាងគេ និងត្រូវមានវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

Photo 2026 10 09 19.09.35

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់នេះ ក្រុមហ៊ុន SoftFlex Solutions បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់អន្តរជាតិ Qualys និងក្រុមហ៊ុនចែកចាយ FranklinOne រៀបចំសិក្ខាសាលាថ្នាក់ដឹកនាំក្រោមប្រធានបទ Cyber Risk in the AI Era: From Visibility to Remediation នៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ។

កម្មវិធីនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំ និងអ្នកជំនាញជាន់ខ្ពស់ ជាច្រើនរូបច្រើនស្ថាប័ន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកយុទ្ធសាស្ត្ររួមគ្នាក្នុងការទប់ស្កាត់ការគំរាមកំហែងដែលកំពុងវិវឌ្ឍយ៉ាងរហ័ស។

Photo 2026 10 09 19.10.00

នៅក្នុងអង្គសិក្ខាសាលា វាគ្មិនជំនាញបានសង្កត់ធ្ងន់លើទស្សនៈសំខាន់មួយថា ការដឹងពីហានិភ័យមិនបានធ្វើឱ្យយើងមានសុវត្ថិភាពនោះទេ ប៉ុន្តែការកែប្រែ និងដោះស្រាយហានិភ័យជាក់ស្តែងទើបជាដំណោះស្រាយពិតប្រាកដ។ ខណៈដែលបរិបទបច្ចេកវិទ្យាកាន់តែស្មុគស្មាញ រាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ IT, Cloud, Endpoints រហូតដល់ឧបករណ៍ IoT ការផ្តោតតែលើការមើលឃើញចំណុចខ្សោយគឺមិនទាន់គ្រប់គ្រាន់ឡើយ។

ស្ថាប័ននានាត្រូវចេះកំណត់អាទិភាព ដោយរួមបញ្ចូលព័ត៌មានពីការគំរាមកំហែង ភាពសំខាន់នៃទិន្នន័យអាជីវកម្ម និងលទ្ធភាពនៃការវាយប្រហារ ដើម្បីបង្វែរធនធានទៅការពារចំណុចគន្លឹះឱ្យចំគោលដៅ ព្រមទាំងជំរុញយន្តការជួសជុលស្វ័យប្រវត្តិកុំឱ្យយឺតពេល។

ជាពិសេសសម្រាប់វិស័យធនាគារ និងស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា សុវត្ថិភាពសាយប័រមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតទៅនឹងនិរន្តរភាពអាជីវកម្ម ទំនុកចិត្តរបស់អតិថិជន និងភាពធន់នៃប្រតិបត្តិការទាំងមូល។ តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ SoftFlex Solutions បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងនាមជាដៃគូបច្ចេកវិទ្យា និងសន្តិសុខសាយប័រក្នុងស្រុក ដែលតែងតែដើរតួជាអ្នកគាំទ្រ និងផ្តល់ដំណោះស្រាយជាក់ស្តែងដល់ស្ថាប័ននានានៅកម្ពុជា រួមជាមួយអ្នកជំនាញបច្ចេកវិទ្យាពី Qualys និងក្រុមហ៊ុនចែកចាយ FranklinOne ដើម្បីរួមគ្នាលើកកម្ពស់ស្តង់ដារសុវត្ថិភាពឌីជីថលឱ្យកាន់តែរឹងមាំក្នុងយុគសម័យបញ្ញាសិប្បនិម្មិតនេះ៕

Photo 2026 10 09 19.10.43

Photo 2026 10 09 19.10.58

Photo 2026 10 09 19.11.23

Photo 2026 10 09 19.11.46

Photo 2026 10 09 19.12.09

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia