“មនុស្សពូកែពិត ភាគច្រើនមិនពូកែអួត” ភាពប៉ិនប្រសព្វលើការសិក្សាមុនវិជ្ជាអ្វីមួយ ឬជំនាញវិជ្ជាជីវៈរបស់ខ្លួនតែមួយមុខ ពុំបានបង្ហាញថាអ្នកជាមនុស្សឆ្លាតវៃខ្លាំងឡើយ។ ខាងក្រោមនេះគឺជារឿងធំៗទាំង៥ ដែលបង្ហាញថាអ្នកជាមនុស្សឆ្លាតពិត ទោះមិនអួតប្រាប់គេក៏ដោយ យោងតាមអ្នកជំនាញផ្នែកចិត្តសាស្ត្រអ្នកស្រី Mia Zhang មកពីស្ថាប័ន Hack Spirit៖
១/. ស្តាប់ និងមើលដោយការចង់ចេះចង់ដឹងពិតប្រាកដ៖ យោងតាមចិត្តវិទ្យា មានមនុស្សតែ ១០% ប៉ុណ្ណោះដែលស្តាប់ប្រកបដោយប្រសិទ្ធភាព។ គ្រូបង្វឹកចិត្តវិទ្យាវិជ្ជមាន Caren Osten បានពន្យល់យ៉ាងដូច្នេះថា៖ «ជារឿយៗយើងគិតថាខ្លួនឯងកំពុងស្តាប់ដោយយកចិត្តទុកដាក់ ប៉ុន្តែការពិតយើងគ្រាន់តែពិចារណាពីរបៀបដើម្បីនិយាយរឿងផ្ទាល់ខ្លួនរបស់យើង ផ្តល់ដំបូន្មាន ឬសូម្បីតែធ្វើការវិនិច្ឆ័យជាដើម។ វាមានន័យថា យើងមិនស្តាប់ដើម្បីយល់ទេ ប៉ុន្តែជាការស្តាប់ដើម្បីឆ្លើយតបទៅវិញ»។
២/. ស៊ូនៅស្ងៀម បើអ្នកគ្មានអ្វីមានតម្លៃក្នុងការរួមចំណែក៖ ប្រសិនបើស្ថិតនៅក្នុងស្ថានភាពជជែកវែកញែកអំពីប្រធានបទមួយ ខណៈពេលដែលអ្នកមិនទាន់មានគំនិតអ្វីទាំងអស់ ចូរនៅឲ្យស្ងៀម ប្រសើរជាផ្តល់យោបល់ដែលគ្មានប្រយោជន៍ ឬបើប្រធានបទនោះគ្មានន័យទេ អ្នកគួរដកខ្លួនចេញ។ ពេលខ្លះរឿងឆ្លាតបំផុតដែលអ្នកអាចធ្វើបានគឺនៅស្ងៀម ហើយស្តាប់។
៣/. រៀនពេញមួយជីវិត៖ ការស្វែងរកចំណេះដឹងថ្មីៗ ធ្វើឲ្យមនុស្សកាន់តែមានភាពវ័យឆ្លាត និងចេះបត់បែនតាមការវិវឌ្ឍរបស់ពិភពលោកទាន់សម័យកាល។ ក្នុងនាមជាអ្នកចិត្តសាស្រ្តអភិវឌ្ឍន៍ Marilyn Price-Mitchell Ph.D. បាននិយាយថា៖ «ការចង់ដឹងចង់ឃើញ គឺជាបេះដូងនៃការរៀនសូត្រពេញមួយជីវិត។ វាមិនត្រឹមតែផ្តល់ឱ្យកុមារនូវអត្ថប្រយោជន៍នៅក្នុងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែអ្នកដឹកនាំអាជីវកម្មនាពេលបច្ចុប្បន្ននេះយល់ស្របថា ការរៀនពេញមួយជីវិតគឺជាបេះដូងនៃអាជីវកម្មដែលរីកចម្រើនផងដែរ»។
៤/.ការអត់ធ្មត់ និងសតិអារម្មណ៍៖ តើអ្នកស្គាល់ និងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានកម្រិតណា? សិល្បៈនៃការរក្សាចិត្តត្រជាក់នៅក្រោមសម្ពាធ និងការអត់ធ្មត់ក្នុងស្ថានភាពស្ត្រេស គឺបង្ហាញពីភាពឆ្លាតវៃរបស់មនុស្សម្នាក់។ មនុស្សដែលមិនចេះអត់ធ្មត់ តែងតែលំបាកក្នុងការដឹកនាំជីវិត ព្រោះពួកគេឆាប់បោះបង់ពេក។
៥/. ហ៊ានអានសៀវភៅនៅទីសាធារណៈ៖ អ្នកជំនាញផ្នែកចិត្តសាស្ត្រ Mia Zhang បានលើកឡើងថា៖ «បើអ្នកកំពុងស្វែងរកវិធីដើម្បីបង្ហាញថា អ្នកជាមនុស្សឆ្លាតដោយមិននិយាយអ្វីមួយម៉ាត់ ចូរបើកសៀវភៅអាន នៅលើរថភ្លើង ឬសួនច្បារសាធារណៈ»។ ការធ្វើដូច្នេះវាជំរុញឲ្យអ្នកកាន់តែមានភាពក្លាហាន មិនខ្លាចក្នុងការធ្វើរឿងត្រឹមត្រូវ និងកាន់តែមានទំនុកចិត្តលើខ្លួនឯង។
យ៉ាងណាមិញ ភាពឆ្លាតវៃតែផ្នែក IQ តែមួយមុខមិនទាន់គ្រប់គ្រាន់ទេ អ្នកត្រូវមានភាពវ័យឆ្លាតផ្នែក EQ ទៀត ទើបអាចដឹកនាំជីវិតឆ្ពោះទៅរកភាពល្អប្រសើរ ពោលគឺសុខកាយ សប្បាយចិត្ត និងមានបញ្ញាខ្ពស់ដើម្បីប្រឈមមុខនឹងពិភពលោកមួយនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/hangchhengH24


