រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីគម្រោងសាងសង់ផ្លូវអាកាស និងរថភ្លើងក្រោមដីនាពេលខាងមុខ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ពិសេសចរាចរណ៍ពីតំបន់អាកាសយានដ្ឋានអន្ដរជាតិតេជោមកកាន់ទីក្រុង។
តាមការបញ្ជាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីកាលពីពេលកន្លងទៅបានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមកភ្នំពេញ។ ឯកឧត្ដមបានបញ្ជាក់ថា “យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ”។

ក្រៅពីគម្រោងសាងសង់ផ្លូវលើអាកាសនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (METRO) ដើម្បីដោះស្រាយបញ្ហាកក់ស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនេះផងដែរ។ ដោយក្នុងឱកាសនោះឯកឧត្ដមក៏បានគូសបញ្ជាក់ដូច្នេះថា “ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមករាជធានីភ្នំពេញនិងផ្លូវចូលក្រុងផងដែរ”។
បើយោងតាមរបាយការណ៍សិក្សាបឋមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងមន្ដ្រីជំនាញរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) គម្រោងផ្លូវរថភ្លើងក្រោមដីដំបូងនៅកម្ពុជានេះ គ្រោងនឹងសាងសង់ចំនួន ៤ខ្សែ ដែលខ្សែផ្លូវនីមួយៗ មានប្រវែងពី ១៦គីឡូម៉ែត្រ ទៅ ២៩ គីឡូ ម៉ែត្រ។ ហើយនេះគ្រោងចំណាយថវិកាប្រមាណ ៣.៥ ពាន់លានដុល្លារឯណោះ៕


