អាយុនៅក្រោម ៣០ ឆ្នាំគឺជាពេលវេលាដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់មនុស្សយើង ព្រោះវាជាពេលដែលអ្នកនៅមានកម្លាំងពេញ និងមានឱកាសច្រើន ហើយក៏ជាពេលដែលអ្នកនៅមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀនសូត្របានលឿនជាងវ័យផ្សេងៗ។ អ្វីដែលអ្នកបានរៀន និងអភិវឌ្ឍន៍នៅក្នុងវ័យនេះ នឹងក្លាយជាគ្រឹះសម្រាប់អនាគតរយៈពេលវែង។ មានមនុស្សជាច្រើនខំរៀនជំនាញបច្ចេកទេសផ្សេងៗ តែមិនសូវបានយកចិត្តទុកដាក់លើជំនាញជីវិតនោះទេ ទាំងដែលវាគឺជាមេរៀនសំខាន់។ ហើយនេះគឺជាជំនាញ ៥ ដែលអ្នកគួររៀននៅអាយុមុន ៣០ឆ្នាំ៖
១. ជំនាញគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន៖ មានមនុស្សមួយចំនួនរកលុយបានច្រើន ប៉ុន្តែមិនសូវចេះពីរបៀបគ្រប់គ្រងទេ។ បើអ្នកចេះដឹងពីរៀបទុកដាក់ គ្រប់គ្រងលើការចំណាយឱ្យបានល្អជីវិតអ្នកនឹងមិនបាច់ភ័យរឿងរកព្រឹកខ្វះល្ងាច ឬភ័យនឹងការរស់នៅជាមួយនឹងបំណុលឡើយ។ ចឹងហើយទើបបានថា ទាន់វ័យនៅក្មេងត្រូវរៀនឱ្យចេះពីរបៀបគ្រប់គ្រង់ហិរញ្ញវត្ថុរបស់ខ្លួន ត្រូវមានផែនការលើការចំណាយឱ្យច្បាស់លាស់ អនាគតអ្នកនឹងមិនចាំបាច់រត់តាមប្រាក់ពេញមួយជីវិតទេ ប៉ុន្តែអាចឱ្យប្រាក់ធ្វើការជំនួសអ្នកបាន។
២. ជំនាញទំនាក់ទំនង និងការប្រាស្រ័យទាក់ទងជាមួយមនុស្ស៖ ទោះបីអ្នកជាមនុស្សដែលមានចំណេះដឹងខ្ពស់ តែមិនចេះពីរបៀបក្នុងការនិយាយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ មិនចេះបង្ហាញគំនិត និងមិនចេះស្ដាប់អ្នកដទៃ អ្នកងាយនឹងបាត់បង់ឱកាសច្រើនណាស់នៅក្នុងជីវិត។ នៅក្នុងអាជីពការងារ និងអាជីវកម្ម មនុស្សដែលពូកែនិយាយ ពូកែបញ្ចុះបញ្ចូល នឹងមានឱកាសរីកចម្រើនលឿនជាងអ្នកដែលមានតែជំនាញ តែគ្មានឱកាសនឹងបញ្ចេញ។ ដូច្នេះហើយអ្នកត្រូវតែរៀនក្នុងការទំនាក់ទំនង និងការនិយាយដូចជា ឡើងនិយាយជាសាធារណៈ ហ៊ានបញ្ចេញគោលគំនិត និងការបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។
៣. ជំនាញគិតវិភាគ និងដោះស្រាយបញ្ហា៖ ខណៈពេលដែលពិភពលោកសព្វថ្ងៃកំពុងតែផ្លាស់ប្តូរយ៉ាងលឿន ហើយបញ្ហាថ្មីៗកើតឡើងរៀងរាល់ថ្ងៃ។ មនុស្សដែលអាចគិតដោយខ្លួនឯង វិភាគព័ត៌មាន និងសម្រេចចិត្តដោយមានហេតុផល នឹងមិនងាយត្រូវគេបោកបញ្ឆោត ឬធ្វើការសម្រេចចិត្តខុសដែលប៉ះពាល់ដល់អនាគតរបស់ខ្លួនទេ។ ជំនាញនេះជួយឱ្យអ្នកអាចបែងចែកថា អ្វីគួរជឿ អ្វីគួរមិនជឿ និងអ្វីគួរធ្វើក្នុងស្ថានភាពលំបាក។
៤. ជំនាញរៀនដោយខ្លួនឯង និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ៖ នៅសម័យបច្ចេកវិទ្យា AI និង Digital Transformation មុខរបរជាច្រើនកំពុងបាត់បង់ ហើយមុខរបរថ្មីៗកំពុងកើតឡើង។ ប្រសិនបើអ្នកមិនអាចរៀនអ្វីថ្មីៗ និងមិនអាចសម្របខ្លួនទៅនឹងបរិបទថ្មី អ្នកអាចនឹងជាប់គាំងមិនអាចរីកចម្រើនបានឡើយ។ ជំនាញនេះមានន័យថា អ្នក្រូវតចេះស្វែងរកចំណេះដឹងដោយខ្លួនឯង តាមរយៈការអានសៀវភៅ មើលវីដេអូ ឬស្វែងរកតាមអ៊ីនធឺណិត ហើយកុំពឹងផ្នែកតែការរៀននៅក្នុងសាលា។
៥. ជំនាញគ្រប់គ្រងអារម្មណ៍ និងវិន័យខ្លួនឯង៖ មនុស្សជាច្រើនមានបញ្ហាមិនមែនដោយសារខ្វះចំណេះដឹងទេ ប៉ុន្តែដោយសារមិនអាចគ្រប់គ្រងអារម្មណ៍ និងពេលវេលារបស់ខ្លួន។ បើអ្នកចេះអត់ធ្មត់ គ្រប់គ្រងភាពស្ត្រេស និងរក្សាវិន័យក្នុងការងារ និងជីវិតប្រចាំថ្ងៃបានល្អ នោះគឺជាគន្លឹះសំខាន់សម្រាប់ភាពជោគជ័យ។
គួរបញ្ជាក់ថា ជំនាញទាំងប្រាំនេះ មិនត្រឹមតែអាចជួយអ្នកក្នុងអាជីពការងារបាននោះទេ តែវាជាជំនាញប្រើសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ បើអ្នកអាចអភិវឌ្ឍវាបានមុនអាយុ ៣០ ឆ្នាំ អ្នកនឹងមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អនាគត ហើយអាចប្រឈមមុខនឹងការផ្លាស់ប្តូរនៃសង្គម និងបច្ចេកវិទ្យាបានយ៉ាងងាយស្រួល និងពោរពេញដោយទំនុកចិត្ត។ អនាគតរបស់អ្នក មិនមែនកំណត់ដោយសារសំណាងទេ តែវាស្ថិតនៅក្នុងដៃអ្នក អ្នកជាអ្នកកំណត់វា ចាប់ផ្ដើមរៀន និងអនុវត្តវាចាប់ពីថ្ងៃនេះទៅ៕


