ឪពុកម្ដាយភាគច្រើនគិតថា ជំនាញទាំងនេះ រៀនចប់ កូនអត់ការងារធ្វើ! តែទីផ្សារកំពុងខ្វះមនុស្សធ្វើខ្លាំងបំផុត នៅប៉ុន្មានឆ្នាំខាងមុខ
Chan SophonSEPTEMBER 4 20261.2 K views

ជាទូទៅ ឪពុកម្តាយតែងតែចង់ឲ្យកូនរៀនជំនាញណាដែល ស្តាប់ទៅពីរោះ និងស្លៀកពាក់ស្អាតបាតដូចជា ការងារធនាគារ គ្រប់គ្រង គណនេយ្យ ឬច្បាប់ ជាដើម។ ប៉ុន្តែពិភពលោក និងទីផ្សារការងារកម្ពុជាបានផ្លាស់ប្តូរលឿនខ្លាំងណាស់! ជំនាញដែលធ្លាប់តែល្បីកាលពី ១០ ឆ្នាំមុន ក៏កំពុងប្រឈមមុខនឹងការគ្មានការងារធ្វើ ឬ AI ចូលមកជំនួស។ ដូច្នេះ ជំនាញ ៣ យ៉ាងខាងក្រោមនេះ ដែលចាស់ៗតែងតែមើលរំលង ឬគិតថា "រៀនធ្វើអ្វី អត់ការងារធ្វើទេ" បែរក្លាយជា ទីផ្សារការងារ កំពុងខ្វះមនុស្សធ្វើខ្លាំងបំផុតចាប់ពីឆ្នាំ ២០២៦ ដល់ ២០៣០៖

 

១.ជំនាញទិន្នន័យ និងវិភាគព័ត៌មាន៖ អ្វីដែលឪពុកម្តាយភាគច្រើនគិត "រៀនទិន្នន័យ ឯកសារ ធ្វើតែការងាររៀបលេខឬ? ទៅធ្វើការអ្វីកើត"? តែការពិតនៃទីផ្សារឥឡូវនេះ ក្រុមហ៊ុននៅកម្ពុជាចាប់ពី SMEs រហូតដល់ក្រុមហ៊ុនធំៗ លែងសម្រេចចិត្តរកស៊ីតាមការទស្សន៍ទាយ ឬអារម្មណ៍ទៀតហើយ។ គេត្រូវការ អ្នកវិភាគទិន្នន័យ (Data Analyst) ដើម្បីមើលថាតើ អតិថិជនចូលចិត្តទិញអ្វី? វេលាណា? និងគួរទម្លាក់ថ្លៃ Marketing លើកន្លែងណា? សម្រាប់ឱកាសការងារក្នុងជំនាញនេះមានដូចជា ធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ ហាងលក់រាយ (Retail) និងក្រុមហ៊ុន E-commerce ស្ទើរតែទាំងអស់ កំពុងដណ្តើមត្រូវការបំផុតអ្នកចេះជំនាញនេះ ជាមួយប្រាក់ខែដំបូងខ្ពស់ជាងជំនាញទូទៅ។

 

២.ជំនាញបច្ចេកវិទ្យាកសិកម្ម និងអាហារ៖ អ្វីដែលឪពុកម្តាយភាគច្រើនគិត "ខំរៀនដល់មហាវិទ្យាល័យធ្វើអី បើចុងក្រោយទៅធ្វើស្រែ ចិញ្ចឹមមាន់ ធ្វើកសិករដដែល"? នាពេលអនាគត នេះមិនមែនជាកសិកម្មបែបបុរាណ ហាលថ្ងៃហាលខ្យល់ទៀតទេ។ កម្ពុជាកំពុង push ខ្លាំងលើ Agri-Tech (ការប្រើប្រាស់ Drones ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ Smart Greenhouse) និង Food Processing (ការកែច្នៃអាហារ/កសិផលឲ្យមានស្តង់ដារនាំចេញ) ជាដើម។ ឱកាសការងារសម្រាប់ជំនាញនេះ មានដូចជា អ្នកជំនាញកែច្នៃអាហារ អ្នកគ្រប់គ្រងកសិដ្ឋានបច្ចេកវិទ្យា និងម្ចាស់អាជីវកម្មផ្គត់ផ្គង់កសិផល ដែលទីផ្សារត្រូវការជាចាំបាច់ និងមានចីរភាពខ្ពស់បំផុត។

 

៣.ជំនាញបច្ចេកទេស និងសេវាកម្មឯកទេស៖  អ្នកខ្លះគិតថា "រៀនខាងជួសជុល ខាងបច្ចេកទេស ធ្វើការងារប្រឡាក់ប្រឡូក មិនស្អាតបាត ដូចធ្វើការការិយាល័យទេ"។ ប៉ុន្តែនៅក្នុងសម័យ AI ជំនាញការិយាល័យទូទៅជាច្រើនត្រូវគេជំនួសដោយកុំព្យូទ័រ។ ប៉ុន្តែ ជំនាញបច្ចេកទេសពិតប្រាកដ ដូចជា អ្នកជំនាញដំឡើង និងថែទាំប្រព័ន្ធសូឡា វិស្វករជួសជុលឡានអគ្គិសនី និងអ្នកជំនាញប្រព័ន្ធ IT Infrastructure គឺជាមនុស្សដែល AI មិនអាចជំនួសបានឡើយ។ ឱកាសការងារសម្រាប់ជំនាញទាំងនេះមានដូចជា ក្រុមហ៊ុនថាមពល រោងចក្រឧស្សាហកម្ម ក្រុមហ៊ុនរថយន្តអគ្គិសនី ឬអាចបើកអាជីវកម្មសេវាកម្ម ដោយខ្លួនឯងដែលរកចំណូលបានរឹងមាំជានិច្ច។

 

ក្រើនរំឮកទៅកាន់បងប្អូន និងអាណាព្យាបាលផងដែរថា ជំនាញដែលមើលទៅល្អមើល មិនប្រាកដថាជាជំនាញដែលអាចផ្ដល់ផលប្រយោជន៍ឲ្យយើងនៅថ្ងៃអនាគតដូចអ្វីដែលយើងគិតនោះឡើយ។ ដូច្នេះ កុំជ្រើសរើសរៀនជំនាញដោយសារតែ ឈ្មោះពីរោះឲ្យសោះ។ ត្រូវចាប់ផ្តើមសម្លឹងមើល តម្រូវការពិតប្រាកដនៃទីផ្សារ និង បច្ចេកវិទ្យានាពេលអនាគត។ ព្រោះអ្នកដែលចេះជំនាញដែលទីផ្សារខ្វះ គឺជាអ្នកដែលកំណត់តម្លៃខ្លួនឯង និងមានការងារធ្វើមុនគេបង្អស់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia