គម្រោងវិនិយោគចំនួន ៦ បានបោះទីតាំងនៅ ខេត្តស្វាយរៀង បាត់ដំបង តាកែវ ពោធិ៍សាត់ កណ្តាល និងកំពង់ស្ពឺ។ ខណៈគម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ១៧៤លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣ពាន់ប្រាំរយកន្លែង។

យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគទាំង ៦គម្រោងនេះផងដែរ។ ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

សូមជម្រាបថា គម្រោងវិនិយោគទាំង ៦ នេះគឺមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៤គម្រោងរួមមាន៖ ផលិតដើមណូអែល អំពូលភ្លើងលំអ និងសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យណូអែល, ផលិតដីសគ្រប់ប្រភេទ និងគ្រឿងតុបតែងលម្អពីប្លាស្ទិក, ផ្គុំដំឡើងរថយន្ត និងផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ ប្រដាប់ប្រដាក្មេងលេង កាបូប វាំងនន និងបោះពុម្ភផលិតផលសម្រេច។
ចំពោះវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺគម្រោងបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ (មៀនប៉ៃលិន) និងសាងសង់រោងចក្រកែច្នៃ។ និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន១គម្រោងដែរ គឺគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាសអានុភាព៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៤០មេហ្គាវ៉ាត់៕



