រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ (Singmed International Medical Center) បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអគារសម្រាកព្យាបាលថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ពិធីសម្ពោធនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស្ទីវិន ផាំង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និងឧកញ៉ា ពិន នេត្រា ស្ថាបនិក និងអគ្គនាយិកាមន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ រួមជាមួយភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ ឧកញ៉ា ពិន នេត្រា បានលើកឡើងថា ការពង្រីកអគារថ្មីដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០២៥ រហូតលេចចេញជារូបរាងនាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពកាន់តែខ្ពស់របស់ប្រជាពលរដ្ឋកម្ពុជា។ ក្រៅពីការបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបចុងក្រោយ មន្ទីរពេទ្យក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវេជ្ជបណ្ឌិតឯកទេសទាំងក្នុង និងក្រៅប្រទេស ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងផ្ដល់ការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងស្រុកផ្ទាល់។

អគ្គនាយិការូបនេះបានសង្កត់ធ្ងន់ថា ចក្ខុវិស័យសំខាន់របស់ ស៊ីងមេដ គឺការកាត់បន្ថយលំហូរអ្នកជំងឺ និងការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស។ លើសពីនេះ ស៊ីងមេដ ក៏មានមហិច្ឆតាប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍វេជ្ជសាស្ត្រនាពេលអនាគត តាមរយៈការទាក់ទាញភ្ញៀវទេសចរ និងអ្នកជំងឺពីបណ្តាប្រទេសជិតខាងឱ្យមកទទួលសេវាព្យាបាលស្តង់ដារអន្តរជាតិនៅកម្ពុជាវិញម្តង ដោយមិនមែនត្រឹមតែនាំអ្នកជំងឺទៅរកសេវាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺការនាំយកសេវាអន្តរជាតិមកកាន់តែជិតប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្តែងនូវការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ ដែលបានអភិវឌ្ឍពីមជ្ឈមណ្ឌលវេជ្ជសាស្ដ្រ ស៊ីងមេដ ចាប់តាំងពីឆ្នាំ២០១៩ រហូតក្លាយជាមន្ទីរសម្រាកព្យាបាលអន្ដរជាតិដ៏ធំ និងទំនើប ដោយផ្សារភ្ជាប់ជំនាញវេជ្ជសាស្ត្ររបស់សិង្ហបុរីជាមួយធនធានមនុស្សក្នុងវិស័យសុខាភិបាលកម្ពុជា។ ការសម្ពោធអគារថ្មីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី បានបន្តថា ការពង្រីកសេវារបស់មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ រួមមានការធ្វើរោគវិនិច្ឆ័យ ការពិគ្រោះជាមួយគ្រូពេទ្យឯកទេស ការសម្រាកព្យាបាល និងការសង្គ្រោះបន្ទាន់ នឹងរួមចំណែកឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។ ការវិនិយោគនេះក៏អាចជួយបង្កើនទំនុកចិត្តលើសេវាព្យាបាលនៅក្នុងប្រទេស និងកាត់បន្ថយតម្រូវការធ្វើដំណើរទៅព្យាបាលនៅក្រៅប្រទេស ដែលតែងភ្ជាប់ជាមួយការចំណាយខ្ពស់ និងការលំបាកនានា។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ ចំពោះការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្ទេរចំណេះដឹង និងកិច្ចសហការរវាងគ្រូពេទ្យកម្ពុជា និងអ្នកឯកទេសអន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក ដើម្បីពង្រឹងជំនាញ និងសមត្ថភាពក្នុងវិស័យនេះឱ្យកាន់តែប្រសើរឡើង។
គួររំលឹកផងដែរថា មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ បានចាប់ផ្ដើមឡើងដំបូងក្រោមឈ្មោះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីងមេដ (SingMed Medical Center) ដែលជាការសហការរវាងសិង្ហបុរី និងកម្ពុជាដំបូងគេបង្អស់ចាប់តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ។ យ៉ាងណាមិញ ដើម្បីអបអរសាទរការបើកសម្ពោធអគារថ្មីនេះ មន្ទីរសម្រាកព្យាបាលអន្តរជាតិ ស៊ីងមេដ បានផ្តល់ជូនការបញ្ចុះតម្លៃពិសេសចាប់ពី ១០% រហូតដល់ ៥០% លើគ្រប់សេវាកម្ម រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 230 766 / 069 612 777 / 012 277 799 ៕













