ស្របពេលដែលមនុស្សជាច្រើន តែងតែរអ៊ូរទាំរឿងរកលុយមកមិនដែរសល់ អ្នកស្រី Kumiko Love ដែលជាស្រ្តីមេម៉ាយ មានភារកិច្ចចិញ្ចឹមកូនតែម្នាក់ឯង បែរជាអាចដោះបំណុលអស់ដល់ទៅជាង ៧៧,០០០ដុល្លារ ព្រមទាំងអាចនៅសល់លុយសន្សំសម្រាប់ផ្គត់ផ្គង់គ្រួសារ និងធ្វើជាគ្រូបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុថែមទៀតផង។
តាមការចុះផ្សាយរបស់ Good Morning America បានឱ្យដឹងថា ដើម្បីឆាប់អស់បំណុលអ្នកស្រី Love បានដើរតាមគន្លឹះពិសេសចំនួន៤ ដូចខាងក្រោម៖
១. កំណត់គោលដៅ
ជំហានដំបូងអ្នកស្រីលើកទឹកចិត្តឱ្យចាប់ផ្ដើមពីការកំណត់គោលដៅដែលយើងចង់បានឱ្យច្បាស់លាស់ជាមុនសិន។ ហើយបន្ទាប់មកផ្ដោតទៅលើគោលដៅនោះ រហូតដល់ទទួលបានលទ្ធផលទៅតាមអ្វីដែលគ្រោងទុក។
ដើម្បីកំណត់គោលដៅឱ្យមានប្រសិទ្ធភាព អ្នកស្រីពន្យល់ថា យើងត្រូវធ្វើរឿង៣សំខាន់ៗគឺ៖ ទី១.មើលពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ទី២.ពិនិត្យមើលការចំណាយកន្លងមក និងទី៣.ស្គាល់ពីច្រកចូលនិងច្រកចេញរបស់លុយឱ្យច្បាស់។ ដូច្នេះហើយអ្នកត្រូវសរសេរចុះនូវរាល់ចំណូលដែលរកបាន ព្រមទាំងកត់រាល់ចំណាយដែលចេញទៅ មិនថាតិចឬច្រើនប៉ុនណាឡើយ ធ្វើឱ្យប្រាកដថាលុយរបស់អ្នកមិនបានបាត់ដោយមិនដឹងមូលហេតុ។
២. កាត់រាល់ចំណាយមិនចាំបាច់
ប្រសិនបើអ្នកមានលុយសល់តិចតួចបន្ទាប់ពីទូទាត់នូវការចំណាយប្រចាំខែរបស់អ្នក អ្វីដែលគួរធ្វើគឺព្យាយាមកាត់បន្ថយនូវរាល់ របស់តូចៗ ឬការចំណាយតូចៗណាដែលមិនចាំបាច់ចេញឱ្យអស់។ អ្នកស្រី Love បានលើកជាឧទាហរណ៍ដែរថា ប្រសិនបើអ្នកធ្លាប់តែបង់លុយថ្លៃសមាជិកហាត់ប្រាណ អ្នកអាចប្ដូរមកជាហាត់ប្រាណនៅផ្ទះជំនួសវិញបានដែរ។ ដូច្នេះហើយព្យាយាមរកមើលថាអ្វីដែលអ្នកអាចកាត់បាន កាត់វាសិនទៅដើម្បីឆាប់សម្រេចគោលដៅដែលបានកំណត់។
៣. រៀបចំផែនការ
អ្នកស្រី Love បានសរសេរចុះរាល់បំណុលទាំងអស់ដែលគាត់មាន ដោយកត់ត្រាទាំងចំនួនបំណុល អត្រាការប្រាក់ និងកាលបរិច្ឆេទរបស់បំណុលនីមួយៗ។ បន្ទាប់មកគាត់រៀបផែនការដោយផ្ដោតលើរឿងសំខាន់២គឺ៖ ទី១.អ្វីដែលរារាំងអ្នកពីការសងបំណុល និងទី២.តើអ្នកត្រូវដោះបំណុលខ្ពស់បំផុតមុន ឬតូចបំផុតមុនសិន។
ចំពោះអ្នកស្រីផ្ទាល់ គាត់បានជ្រើសរើសដោះបំណុលដែលមានអត្រាការប្រាក់ខ្ពស់បំផុតមុនគេ ហើយចរចាជាមួយនឹងម្ចាស់បំណុលសុំលើកថ្ងៃកំណត់ដើម្បីបន្ថយភាពតានតឹង។ អ្នកស្រីក៏បញ្ជាក់ដែរថា គាត់ព្យាយាមដោះស្រាយបំណុលម្ដងមួយៗ មិនបង្ខំសម្រុកច្រើនពេកឡើយ ទើបជួយឱ្យគាត់មានកម្លាំងផ្ដោតបានល្អ។
៤. ប្រើឱកាសបញ្ចុះតម្លៃដើម្បីកាត់បន្ថយចំណាយ
ទម្លាប់សំខាន់មួយទៀតដែលធ្វើឱ្យអ្នកស្រីសល់លុយកាន់តែច្រើន គឺការសន្សំសំចៃតាមដែលអាចធ្វើទៅបាន។ ជាក់ស្ដែងអ្នកស្រីបានប្រើប្រាស់រាល់ឱកាសបញ្ចុះតម្លៃដែលគេផ្ដល់ជូន ដើម្បីទិញរបស់ចាំបាច់ដែលត្រូវការប្រើប្រាស់ជាប្រចាំ។ ប៉ុន្តែទន្ទឹមនឹងនោះអ្នកស្រីក៏បានផ្ដាំដែរថា ទោះបីជាគេបញ្ចុះតម្លៃច្រើនលើសលប់ប៉ុនណាក៏ដោយ ក៏មិនត្រូវចំណាយលុយទិញជាដាច់ខាត បើសិនជាវាមិនចាំបាច់។
ជាចុងក្រោយអ្នកស្រី Love បានគូសបញ្ជាក់ថា ការពិតទៅស្ថានភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើងមួយផ្នែកធំគឺអាស្រ័យលើការចាត់ចែងលុយកាក់របស់យើង។ អ្នកច្បាស់ជាមិនអាចជោគជ័យលើហិរញ្ញវត្ថុផ្ទាល់ខ្លួនបានឡើយបើអ្នកមិនមានផែនការច្បាស់លាស់។ ហើយផែនការហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ វាអាស្រ័យលើស្ថានភាពជីវភាពរៀងៗខ្លួន។ ដូច្នេះអ្នកត្រូវចេះចាត់ចែងលុយកាក់ឱ្យស្របតាមខ្លួនឯង ដោយពឹងផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនផង និងយកបទពិសោធន៍ពីអ្នកដទៃផង ដូចជាការអានអត្ថបទខាងលើនេះជាដើម៕


