នៅក្នុងសង្គមបច្ចុប្បន្ន មនុស្សជាច្រើនតែងតែច្រឡំរវាង ការស្រ្តេសធម្មតា និង ជំងឺថប់អារម្មណ៍ដោយគិតថាវានឹងបាត់ ទៅវិញដោយខ្លួនឯង។ ការមើលរំលងសញ្ញាព្រមានតូចតាច ប្រៀបដូចជាការបណ្តោយឱ្យបិសាចលាក់មុខនេះបំផ្លាញ សុខភាពផ្លូវចិត្តរបស់អ្នកស្ងាត់ៗ។
ខាងក្រោមនេះជាសញ្ញាព្រមានធំៗ ៣ យ៉ាងដែលអ្នកត្រូវប្រញាប់ពិនិត្យមើលលើខ្លួនឯង៖
១. គិតច្រើនជ្រុល និងភ័យខ្លាចរឿងមិនទាន់កើតឡើង
សញ្ញាដំបូងបង្អស់គឺខួរក្បាលមិនព្រមសម្រាក ដោយតែងតែគិតដល់រឿងអាក្រក់បំផុតចំពោះរឿងតូចតាច ឬរឿងមិនទាន់កើតឡើង។ វានឹងធ្វើឱ្យអ្នកគិតវិលវល់ពេញមួយថ្ងៃ ពិបាកប្រមូលអារម្មណ៍ធ្វើការងារ មានបញ្ហាគេងមិនលក់ និងធ្វើឱ្យខួរក្បាលអស់ថាមពលជារៀងរាល់ថ្ងៃ។
២. រាងកាយបញ្ចេញប្រតិកម្មចម្លែកៗ
ជំងឺថប់អារម្មណ៍មិនត្រឹមតែប៉ះពាល់ដល់ចិត្តនោះទេ ប៉ុន្តែវានឹងស្តែងចេញតាមរាងកាយដូចជា បេះដូងដើរញាប់ខុសធម្មតា ពិបាកដកដង្ហើម ដកដង្ហើមមិនឆ្អែត ណែនទ្រូង វិលមុខ បែកញើសដៃ ឬឆាប់ឈឺពោះ/រាគរូស ពេលដែលភ័យ។ បើមើលរំលងយូរទៅ វាអាចកើនឡើងជា ការភ័យរន្ធត់ភ្លាមៗ ដូចជាខ្យល់គ ឬគាំងបេះដូង។
៣. ចាប់ផ្តើមរត់គេច និងកាត់ផ្តាច់ខ្លួនឯងពីគេឯង
នៅពេលអារម្មណ៍ថប់បារម្ភចាប់ផ្តើមធ្ងន់ធ្ងរ វានឹងធ្វើឱ្យអ្នកបាត់បង់ទំនុកចិត្ត លែងចង់ជួបជុំមិត្តភក្តិ ខ្លាចការចូលរួម កម្មវិធីសង្គម ឆាប់ខឹងមួរម៉ៅ និងព្យាយាមគេចវេសពីពិភពខាងក្រៅ។ ការនៅឯកោម្នាក់ឯងបែបនេះ នឹងរុញច្រានអ្នកឱ្យធ្លាក់ចូលទៅក្នុង ជំងឺធ្លាក់ទឹកចិត្ត ឬហៅថាDepression កាន់តែធ្ងន់ធ្ងរ។
វិធីដោះស្រាយ
នៅពេលអារម្មណ៍ថប់បារម្ភចាប់ផ្តើមកើតឡើង អ្នកអាចចាប់ផ្តើមពី ការដកដង្ហើមចូលតាមច្រមុះឱ្យវែងៗ រួចដកដង្ហើមចេញតាមមាត់យឺតៗ ដើម្បីឱ្យប្រព័ន្ធប្រសាទបានស្ងប់។ បន្ទាប់មក ត្រូវរំលឹក និងសួរខ្លួនឯងថា តើរឿងដែលកំពុងភ័យនោះកើតឡើងពិតមែន ឬគ្រាន់តែជាការស្រមៃអវិជ្ជមានរបស់ខួរក្បាល? ហើយរឿងដែលសំខាន់បំផុត កុំស៊ូទ្រាំ ឬលាក់បាំងតែម្នាក់ឯង ការដែលបើកចិត្តនិយាយប្រាប់មិត្តភក្តិ គ្រួសារ ឬអ្នកជំនាញសុខភាពផ្លូវចិត្ត គឺជាផ្លូវចេញដ៏ល្អ និងជួយសម្រាលបន្ទុកបានលឿនបំផុត។
សរុបមកការទទួលស្គាល់ថាខ្លួនឯងកំពុងជួបបញ្ហាផ្លូវចិត្ត មិនមែនជាភាពទន់ខ្សោយនោះទេ គឺវាជាការចាប់ផ្តើម យកចិត្តទុកដាក់ និងថែទាំផ្លូវចិត្តរបស់អ្នកបានយ៉ាងប្រសើរ។


