ក្រុងសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជា ខណៈក្រុងប៉ោយប៉ែត គឺជាតំបន់សេដ្ឋកិច្ចប៉ូលដ៏សំខាន់មួយផងដែរ។ បើងាកមកមើលវិស័យអចលនទ្រព្យនៅក្រុងពីរនេះវិញ បច្ចុប្បន្នកំពុងតែស្ថិតក្នុងដំណាក់កាលកែទម្រង់ និងប្រឈមមុខនឹងការប្រែប្រួលយ៉ាងខ្លាំង។ ការប្រែប្រួលនេះ កើតឡើងដោយសារឥទ្ធិពលរួមគ្នានៃកត្តាភូមិសាស្ត្រនយោបាយសកល វិបត្តសេដ្ឋកិច្ច បញ្ហាព្រំដែន និង ការរៀបចំរចនាសម្ព័ន្ធអាជីវកម្មផ្ទៃក្នុង បើទោះបីជា ក្រុងទាំងពីរមានសក្ដានុពលមូលដ្ឋានខុសគ្នាក៏ដោយ។
ជុំវិញបច្ចុប្បន្នភាពនៃតំបន់ទាំង ២ នេះ លោក ព្រឿន ថាត នាយកប្រតិបត្តិក្រុមហ៊ុន OPI Realty ដែលជាអ្នកជំនាញ ប្រចាំការផ្ទាល់នៅតំបន់នោះ បានបញ្ជាក់ថា ក្រុងប៉ោយប៉ែត ជាទីក្រុងជាប់ព្រំដែនកម្ពុជា-ថៃ ធ្លាប់បានរីកលូតលាស់យ៉ាងខ្លាំងនៃសំណង់អគារខ្ពស់ៗ ចន្លោះឆ្នាំ ២០២៤ ដល់ដើមឆ្នាំ ២០២៦។ ប៉ុន្តែនៅពេលនេះ ទីផ្សារមួយនេះកំពុងជួបប្រទះវិបត្តិអគារជាប់គាំង ឬ ខ្វះអ្នកជួល ស្រដៀងគ្នា នឹងអ្វីដែលបានកើតឡើង នៅក្រុងព្រះសីហនុ កាលពីពេលមុនដែរ។

លោកថា កត្តាចម្បងដែលរុញច្រាន ឱ្យមានស្ថានភាពបែបនេះ រួមមាន ការរឹតបន្តឹងផ្នែកច្បាប់លើអាជីវកម្មខុសច្បាប់ និងល្បែងអនឡាញ ( Online Scam ) រួមផ្សំនឹងការបិទច្រកព្រំដែនមួយចំនួនរវាងកម្ពុជា-ថៃ។ លើសពីនេះ ការពឹងផ្អែកខ្លាំងពេកលើវិស័យកាស៊ីណូតែមួយមុខ និងកង្វះការសិក្សាពីមុខងារប្រើប្រាស់អគារ (ដូ ចជាបញ្ហាខ្វះចំណតរថយន្តក្នុងអគារកម្ពស់ពី ៥ ទៅ ១០ ជាន់ ) បានធ្វើឱ្យអគារជួលជាច្រើនត្រូវទុកចោល។
លោក ព្រឿន ថាត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ « នៅក្នុងរូបភាពនេះ យើងមិនទាន់បានសិក្សាស៊ីជម្រៅទៅលើ បទដ្ឋានគតិយុត្តក្នុងការសាងសង់នៅឡើយទេ។ ជារួម ក្រុងប៉ោយប៉ែតដែលទិដ្ឋភាពអគាររីកលូតលាស់ និង មានកំណើនសំណង់អគារខ្លាំងក្នុងចន្លោះឆ្នាំ ២០២៤ ដល់ដើមឆ្នាំ ២០២៦ ពេលនេះយើងទទួលបទពិសោធន៍ស្រដៀងគ្នាទៅនឹង ក្រុងព្រះសីហនុ ដែលមានអគារជាច្រើនត្រូវបានទុកចោល »។

ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា តម្រូវការអចលនទ្រព្យនៅប៉ោយប៉ែត មិនមែនគាំងទាំងស្រុងនោះទេ ពោលគឺ វានៅមានសម្រាប់ប្រភេទដូចជា៖
· ទីតាំងដី ឬ អគារដែលមានអាជ្ញាប័ណ្ណកាស៊ីណូ ស្របច្បាប់។
· ទីតាំងដី និង អគារដែលអាចបំប្លែងទៅជា អាជីវកម្មជាក់ស្ដែង និង មានសុវត្ថិភាពផ្នែកច្បាប់។
ដោយឡែក សម្រាប់ក្រុងខេត្តសៀមរាបវិញ ស្ថានភាពមានលក្ខណៈខុសប្លែកពី ក្រុងប៉ោយប៉ែត ដោយសារតែ ក្រុងនេះមិនបានរងផលប៉ះពាល់ផ្ទាល់ពីបញ្ហាព្រំដែនកម្ពុជា-ថៃនោះទេ។ ប៉ុន្តែ ដោយសារតែ សៀមរាប ជាទីក្រុងពឹងផ្អែកទាំងស្រុងលើ វិស័យទេសចរណ៍ ការធ្លាក់ចុះសេដ្ឋកិច្ចសកល ដែលបណ្ដាលមកពីសង្គ្រាមនៅអឺរ៉ុប និង តំបន់មជ្ឈិមបូព៌ា ( អាមេរិក-អ៉ីរ៉ង់ ) បានធ្វើឱ្យ ទីផ្សារអចលនទ្រព្យនៅទីនេះ មានការថមថយល្បឿនបន្តិច បើធៀបនឹងឆ្នាំ ២០២៤ និង ២០២៥។
លោកបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្ន បានរុញច្រានឱ្យទីផ្សារ អចលនទ្រព្យ សៀមរាបក្លាយជា « ទីផ្សាររបស់អ្នកទិញ » ឬ ( Buyer's Market ) ដែលមានន័យថា អ្នកទិញមានជម្រើសច្រើន និង មានអំណាចក្នុងការចរចាតម្លៃ។ ទោះជាយ៉ាងណា សម្រាប់តំបន់ស្នូលពាណិជ្ជកម្ម និង ទេសចរណ៍ ដូចជា ជុំវិញ ផ្សារចាស់ និង ផាប់ស្ទ្រីត ( Pub Street ) ក្នុងរង្វង់ ២ គីឡូម៉ែត្រ គឺនៅតែរក្សាបាននូវតម្រូវការខ្ពស់ ទាំងប្រភេទ ដី ផ្ទះ និង អគារ ដោយសារតែជា បេះដូងនៃការរកចំណូលពីភ្ញៀវទេសចរ។
គួររំលឹកដែរថា កាលពីអំឡុងខែ សីហា ឆ្នាំ ២០២៥ ក្រុមហ៊ុនកូរ៉េចំនួន ២ គឺ៖ ក្រុមហ៊ុន N.H.O និង Atomy Global Group បានសហការគ្នានៅក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីមួយមានឈ្មោះថា DreamVille ។ ដោយគម្រោងនេះ មានទីតាំងនៅជាប់ផ្លូវបំបែក ផ្លូវជាតិលេខ ៦ ផ្លូវក្រវ៉ាត់ក្រុងទី ៣ និង ផ្លូវល្បឿនលឿនទៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុង សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប ខេត្ត សៀមរាប។ គម្រោងលំនៅឋានថ្មីនេះ ត្រូវបានអភិវឌ្ឍន៍នៅលើផ្ទៃដីសរុប ៣៥.៤ ហិកតា ដោយនៅក្នុងនោះក្រៅពីការសាងសង់ផ្ទះដ៏ទំនើប ក្រុមហ៊ុនក៏បានធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា៖ សាលារៀន សួនកម្សាន្ដ មណ្ឌលសុខភាព និង ហាងលក់ទំនិញ ជាដើម។ ដោយក្នុងនោះ ក្រុមហ៊ុនបានចំណាយផ្ទៃដីជាង ១៩ ហិកតា ស្មើនិង ៥៥% នៃផ្ទៃដីសរុប សម្រាប់ការសាងសង់សួនច្បារ និង កន្លែងសម្រាប់សកម្មភាពសហគមន៍នេះ។

យ៉ាងណាមិញ នៅក្នុងដំណាក់កាល ដែលទីផ្សារកំពុងមានភាពមិនច្បាស់លាស់នេះ និន្នាការនៃការទិញ-លក់ក៏មានការប្រែប្រួលដែរ។ បើតាមការកត់សម្គាល់ពីអាជីវកម្មផ្ទាល់របស់ក្រុមហ៊ុន OPI Realty នាពេលបច្ចុប្បន្ន អតិថិជនភាគច្រើន មានទំនោរទៅលើការសាកសួរ និង ធ្វើប្រតិបត្តិការលើប្រភេទ « ដី និង ផ្ទះលំនៅឋាន សម្រាប់រស់នៅផ្ទាល់ខ្លួន » ច្រើនជាងទីតាំងសម្រាប់ធ្វើ អាជីវកម្មធំៗ។
ដោយឡែក ចំពោះអតិថិជនដែលកំពុងមាន សកម្មភាពទិញ-លក់ ទាំងនោះ មានប្រភពមកពីបណ្ដាខេត្ត-ក្រុងនានា ដូចជារាជធានីភ្នំពេញ កំពង់ធំ សៀមរាប និង បណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមាន ក្រុងប៉ោយប៉ែត បាត់ដំបង និង ព្រះវិហារ ជាដើម។

ដើម្បីឆ្លើយតប នឹងការប្រកួតប្រជែងដ៏ស្វិតស្វាញនេះ ក្រុមហ៊ុន OPI Realty របស់លោក ព្រឿន ថាត វិញ បានដាក់ចេញនូវយុទ្ធសាស្ត្រពង្រឹងសមត្ថភាពដល់ភ្នាក់ងារ យ៉ាងម៉ត់ចត់ ដោយក្នុងនោះតម្រូវឱ្យ៖ ១. ស្វែងយល់ពីតម្រូវការពិតប្រាកដ៖ ភ្នាក់ងារត្រូវជជែក និង វាយតម្លៃឱ្យច្បាស់ ពីតម្រូវការ និង លទ្ធភាពហិរញ្ញវត្ថុពិតប្រាកដរបស់អតិថិជន។ ២. សម្រិតសម្រាំងទ្រព្យក្រោមតម្លៃទីផ្សារ៖ ដើរតួជាអ្នកស្វែងរកទ្រព្យដែលមានតម្លៃសមរម្យ ឬ ទ្រព្យលក់ប្រញាប់ដែលក្រោមតម្លៃទីផ្សារ ចាប់ពី ៣០% ទៅ ៥០%។ ៣. ធានាសុវត្ថិភាពគតិយុត្ត៖ ចុះពិនិត្យទីតាំងជាក់ស្ដែង និង ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃម្ចាស់កម្មសិទ្ធិ ក៏ដូចជា ប័ណ្ណដីធ្លីមុននឹងយកមកលក់ ដើម្បីធានាសុវត្ថិភាព ១០០% ជូនអ្នកទិញ។ ៤. ការប្រើប្រាស់បច្ចេកវិទ្យាជំនួយ៖ ជំរុញឱ្យភ្នាក់ងារ សិក្សាជំនាញឌីជីថល ដូចជា ការប្រើប្រាស់បណ្ដាញសង្គម ( Social Media ) និង ការយកបច្ចេកវិទ្យា AI មកជួយវិភាគទិន្នន័យ ក៏ដូចជា មុខងារប្រើប្រាស់របស់អចលនទ្រព្យ។

ជាចុងក្រោយ ក្នុងកាលៈទេសៈដែលទីផ្សារកំពុងស្វែងរកលំនឹងថ្មីនេះ លោក ព្រឿន ថាត បានផ្ដល់ដំបូន្មាន និង លើកទឹកចិត្តដល់សាធារណជន ជាពិសេស អ្នកដែលចង់វិនិយោគលើវិស័យអចលនទ្រព្យថ្មីថ្មោង គួរតែផ្លាស់ប្ដូរទម្លាប់ពីការទិញ-លក់តាមចិត្តចង់ មកជា ការប្រឹក្សាយោបល់ជាមួយក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រឹមត្រូវវិញ។
លោកបានពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើការជាមួយ ក្រុមហ៊ុនភ្នាក់ងារស្របច្បាប់ថា៖ « ការជ្រើសរើសក្រុមហ៊ុនដែលមាន អាជ្ញាបណ្ណ និង មានជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺដើម្បីធានាបាននូវ ការទិញ ឬ វិនិយោគដោយសុវត្ថិភាព និង ចំណេញពេលវេលា។ ក្រុមហ៊ុនស្របច្បាប់ មានអត្ថប្រយោជន៍ធំៗ ដូចជា៖ មានការិយាល័យពិតប្រាកដ , មានអាជ្ញាបណ្ណជំនាញពីក្រសួង , មានមេធាវីប្រចាំការជួយពិនិត្យផ្លូវច្បាប់ , ធ្វើការតាមវិជ្ជាជីវៈដោយមិនកាត់ថ្លៃដាក់លើ , និង ជួយរៀបចំឯកសារ កិច្ចសន្យា ព្រមទាំងសម្របសម្រួលដំណើរការតាំងពីដើមរហូតដល់បញ្ចប់ការកាត់ឈ្មោះជាស្ថាពរ »។
ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលចង់ដឹងព័ត៌មានបន្ថែម ឬ មានតម្រូវការប្រឹក្សាយោបល់លើការវិនិយោគអចលនទ្រព្យគ្រប់ប្រភេទ ( ដីធ្លី អគារពាណិជ្ជកម្ម និងឧស្សាហកម្ម ) នៅតំបន់ក្រុងប៉ោយប៉ែត និង សៀមរាប លោកអ្នកអាចទំនាក់ទំនងទៅកាន់ លោក ព្រឿន ថាត ផ្ទាល់ តាមរយៈលេខតេឡេក្រាម ( Telegram )៖ +855 17 531 163។



