ឆ្លៀតបាន ឆ្លៀត! មានដើមទុនក្រោម ២០០$ ចង់រកចំណូលបន្ថែម ថ្ងៃសៅរ៍អាទិត្យ កុំមើលរំលង របររកស៊ីទាំងនេះ
Chan SophonAUGUST 22 2026963 views

ពិតណាស់ សម្រាប់អ្នកធ្វើការ ការិយាល័យ បុគ្គលិកក្រុមហ៊ុន ឬសិស្ស-និស្សិតជាច្រើន ការពឹងផ្អែកលើ ប្រាក់ខែមួយមុខ នៅយុគសម័យបច្ចុប្បន្ន គឺមានហានិភ័យខ្ពស់ណាស់។ មនុស្សជាច្រើនចង់បង្កើតប្រភពចំណូលទី២ ប៉ុន្តែតែងតែជួបឧបសគ្គពីរគឺ គ្មានពេលធ្វើការងារក្រៅម៉ោង និង គ្មានដើមទុនច្រើនទៅរកស៊ី។ តែជាក់ស្តែង ថ្ងៃសៅរ៍ និងអាទិត្យ គឺជា ពេលវេលាមាស ក្នុងការសាកល្បងសមត្ថភាពរកស៊ី ជាពិសេស បើមានដើមទុនត្រឹមតែ ក្រោម ២០០ដុល្លារ អ្នកអាចចាប់ផ្តើមអាជីវកម្មខ្នាតតូចដែលបង្កើតសាច់ប្រាក់បានភ្លាមៗយ៉ាងមានប្រសិទ្ធភាព។

 

១.លក់ភេសជ្ជៈ ឬអាហារសម្រន់តាម Mobile Stand Pop-up Boothចុងសប្តាហ៍ គឺជាពេលដែលមនុស្សម្នាចេញមកកម្សាន្ត ហាត់ប្រាណ ឬដើរទិញអីវ៉ាន់តាមសួនច្បារ និងតំបន់ជុំវិញទីក្រុង។ ទុនវិនិយោគដំបូង គួរមាន $៥០ ទៅ  $១៥០ ដើម្បីទិញធុងទឹកកក តុបត់មួយ កែវ និងគ្រឿងផ្សំភេសជ្ជៈ ឬអាហារសម្រន់ (ដូចជា កាហ្វេ តែក្រូចឆ្មា ទឹកផ្លែឈើស្រស់ ឬប្រហិតបំពង) ជាដើម។ រីឯយុទ្ធសាស្ត្រ ត្រូវជ្រើសរើសទីតាំង ដែលមានមនុស្សដើរកាត់ច្រើន (ជិតសួនច្បារ ក្បែរកន្លែងហាត់ប្រាណ ឬច្រកចូលបុរី)។ ផ្តោតលើភាពស្អាតបាត រហ័ស និងតម្លៃសមរម្យ។ ធ្វើតែ ២ ថ្ងៃ (សៅរ៍អាទិត្យ) អ្នកអាចរកប្រាក់ចំណេញបង្វិលបានភ្លាមៗ។

 

២.អាជីវកម្មលក់សម្លៀកបំពាក់មួយទឹក (secondhand)៖ ទីផ្សារសម្លៀកបំពាក់ និងរបស់ប្រើប្រាស់មួយទឹក កំពុងតែមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យ។ ត្រូវមានទុនវិនិយោគ $៨០ ទៅ $១៥០ ហើយយកដើមទុន ទៅបោះដុំខោអាវចម្រុះ ឬរ៉ូបស្អាតៗពីបាវក្បាលគីប (ឬប្រមូលខោអាវផ្ទាល់ខ្លួនដែលនៅថ្មី តែលែងប្រើ) រួចយកមកបោកទឹកឲ្យស្អាត និងអ៊ុតឲ្យស្អាត។ ហើយអ្នកអាចឡាយលក់ តាម FacebookTikTok នៅយប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ឬយកទៅដាក់តាំងលក់តាមផ្សាររាត្រី និងតាមកម្មវិធីផ្សេងៗផងដែរ។

 

៣.សេវាកម្មសម្អាត និងថែទាំតាមផ្ទះ ឬយានយន្ត៖ នៅថ្ងៃចុងសប្តាហ៍ មនុស្សធ្វើការភាគច្រើនរវល់ និងចង់សម្រាក ដូច្នេះគេសុខចិត្តចំណាយលុយឲ្យអ្នកដទៃមកជួយធ្វើការងារផ្ទះជំនួស។ គួរតែមានទុនវិនិយោគប្រហែល  $៣០ ទៅ  $១០០ ដើម្បីទិញឧបករណ៍ និងទឹកថ្នាំសម្អាតស្តង់ដារ (ដូចជា សម្អាតម៉ាស៊ីនត្រជាក់ លាងឡាន ឬម៉ូតូដល់ផ្ទះ ឬសេវាបោកសម្អាតពូក ឬសាឡុង)ជាដើម។ ត្រូវផ្សព្វផ្សាយសេវាកម្មរបស់អ្នកតាមរយៈគ្រុប Telegram Facebook ក្នុងបុរី តំបន់ដែលអ្នករស់នៅ។ ទទួលការណាត់ជួប (Booking) តែថ្ងៃសៅរ៍ និងអាទិត្យ ដោយផ្តល់សេវាកម្មលឿន និងស្មោះត្រង់។

 

៤.បង្កើតសេវាកម្ម Freelance តាមជំនាញ ឬថតរូបចុងសប្តាហ៍៖ ប្រសិនបើអ្នកមានជំនាញស្រាប់ ដូចជា ថតរូប កាត់តវីដេអូ ឌីហ្សាញ ឬបង្រៀន អ្នកមិនចាំបាច់ចំណាយទុនលើទំនិញឡើយ គឺប្រើ ជំនាញជាដើមទុន ដោយយកទុនវិនិយោគពី $០ ទៅ $២០០ ក្នុងការចំណាយលើការដាក់ Ads តិចតួច ឬការរៀបចំ Portfolio ស្នាដៃរបស់អ្នកឲ្យស្អាត។ អាចទទួលថតរូបក្នុងពិធីជប់លៀងតូចៗ កម្មវិធីថ្ងៃកំណើត ឬថតរូប Pre-wedding ឲ្យគូស្នេហ៍នៅថ្ងៃចុងសប្តាហ៍ ឬទទួលធ្វើការងារ Freelance ផ្សេងទៀតដូចជាDesign ឬសរសេរ Content តែថ្ងៃសៅរ៍-អាទិត្យ ក៏បាន។

 

យ៉ាងណាមិញ កុំចាំទាល់តែមានលុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ទើបចាប់ផ្តើមរកស៊ី។ អាជីវកម្មធំៗជាច្រើន សុទ្ធតែចាប់ផ្តើមចេញពីមុខរបរតូចតាចនៅចុងសប្តាហ៍បែបនេះឯង។ ការធ្វើបែបនេះ មិនត្រឹមតែជួយអ្នកបង្កើតចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាលារៀន រៀនរកស៊ីពិតប្រាកដ ដែលបង្រៀនអ្នក ពីការលក់ ការគ្រប់គ្រងលុយ និងការដោះស្រាយបញ្ហាដោយផ្ទាល់ដៃ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia