ក្រោយបញ្ហាប្តឹងផ្តល់គ្នារវាងក្រុមហ៊ុនTikTok និងអាមេរិក CEOវ័យ៣៥ឆ្នាំរបស់កម្មវិធីនេះ ហាក់ឡើងកូដខ្លាំងក្នុងឆ្នាំ២០២៣។ ដូច្នេះថ្ងៃនេះយើងសូមពាំនាំឱ្យស្គាល់ស្រ្តីឆ្នើម១រូប ឈរពីក្រោយបុរសខ្លាំងដូចជាលោក Shou Zi Chew ។
គេថាប្តីខ្លា ប្រពន្ធប្រហែលមិនមែនទន្សាយនោះទេ ភរិយារបស់លោកគឺលោកស្រី Vivian Kao ដែលជានាយកប្រតិបត្តិ និងជានាយកសាលា Tamarind Global ដែលបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលនៃមហាវិទ្យាល័យ Wellesley ក្នុងរដ្ឋ Massachusetts ។
លោកស្រីបានទទួលសញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងសិក្សាភាសាចិន មុនពេលនាងផ្លាស់ទៅសាកលវិទ្យាល័យ Harvard សម្រាប់ថ្នាក់ MBA ក្នុងឆ្នាំ២០១០។
Vivian Kao បានជួបស្វាមីរបស់នាងដំបូង ក្នុងឆ្នាំ២០០៨ នៅពេលដែលពួកគេទាំងពីររៀនជាមួយគ្នានៅសាលា Harvard Business School និងធ្លាប់ជាបុគ្គលិកនៅក្រុមហ៊ុន Xiaomi ជាមួយគ្នាមុនបានរៀបការក្នុងឆ្នាំ២០១៧។
ស្រ្តីវ័យ៣៩ឆ្នាំ ជនជាតិអាមេរិក-តៃវ៉ាន់ រូបនេះគឺស្រ្តីអ្នកជំនួញឆ្នើមក្នុងវិស័យហិរញ្ញវត្ថុនិងមានបទពិសោធន៍ការងារក្រាស់ក្រែលក្នុងក្រុមហ៊ុនបច្ចេកវិទ្យា។ បច្ចុប្បន្ននេះនាងក៏ជានាយកឯករាជ្យ និងនាយកប្រតិបត្តិនៅ Sun Hung Kai & Co ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅហុងកុង។
អ្នកទាំងពីរបានទទួលចំណងដៃកូនតូចពីរដែលម្នាក់មានអាយុ៦ឆ្នាំ និងម្នាក់៨ឆ្នាំ។ លោកនិងភរិយាមិនអនុញ្ញាតឲ្យកូនៗលេង TikTok នៅឡើយទេ ក្រោមមូលហេតុពួកគេនៅក្មេងៗពេក ព្រោះកម្មវីធីនេះគឺសម្រាប់តែក្មេងៗមានអាយុ១៣ឆ្នាំឡើងប៉ុណ្ណោះ។ លើសពីនេះលោកស្រីនិងស្វាមីត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិជាង២០០លាន$ មុខជំនួញនិងទ្រព្យជាច្រើនទៀតនៅក្នុងដៃ ប៉ុន្តែពួកគេបិទបាំងពីភ្នែកសាធារណៈជន ។
គួរជម្រាបផងដែរថា លោក Shou Zi Chew គឺជានាយកប្រតិបត្តិក្រុមហ៊ុន Tiktok ដែលលោក Zhang Yiming ជាស្ថាបនិកបានផ្តល់ការទុកចិត្ត និងផ្ទេរតំណែងឱ្យលោកកាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ក្រោយពី Shou Zi Chew បានកាន់តំណែងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនTiktok មិនដល់១ខែផងនោះ៕
អត្ថបទដោយ៖ ពីង ជូអេង