ការចេះប្រើប្រាស់លុយក្នុងសន្សំទ្រព្យទិញទ្រព្យគឺជារឿងសំខាន់ដែលអ្នកគួរធ្វើ បើចង់សល់លុយ សល់ទ្រព្យនិងមានទ្រព្យដែលផ្ដល់ជាប្រភពចំណូលដល់អ្នកជាប្រចាំ ធ្វើឲ្យអ្នករស់នៅមិនជួបបញ្ហាលុយកាក់ហើយរស់នៅមានសេរីភាព។
ទាក់ទងនឹងរឿងលុយកាក់នេះដែរ បើអ្នកមានចំណូលចាប់៥០០ដុល្លារ ខាងក្រោមនេះគឺជាទ្រព្យទាំង៧ដែលអ្នកកសាងឲ្យមាននៅក្នុងដៃ បើចង់សល់លុយ សល់ទ្រព្យលឿនមុនអាយុ៤០ឆ្នាំ។
១. សន្សំលុយបម្រុងទុកការពារពេលមានអាសន្ន
នេះជាជំហានដំបូងដែលអ្នកត្រូវធ្វើមុននឹងអ្នកយកលុយទៅវិនិយោគទិញទ្រព្យផ្សេងៗ។ លុយសន្សំបម្រុងទុកការពារពេលមានអាសន្នគឺជួយអ្នកពេលអ្នកបាត់បង់ការងារនិងជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយយើងមិនអាចដឹងមុន។ ជាពិសេសការមានលុយសន្សំបម្រុងទុក អ្នកមិនចាំបាច់លក់ទ្រព្យពេលសេដ្ឋកិច្ចមានបញ្ហាឡើយព្រោះអ្នកមានលុយសន្សំសម្រាប់ដោះជីវភាពពេលបាត់ចំណូលឬចំណូលធ្លាក់ចុះ។
សម្រាប់លុយសន្សំបម្រុងពេលមានអាសន្ន អ្នកគួរមានលុយបម្រុងសម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅឲ្យបានពី៣ទៅ៦ខែ។ ឧទាហរណ៍បើការរស់នៅរបស់អ្នកចំណាយ៥០០ដុល្លារក្នុងមួយខែ អ្នកគួរមានលុយសន្សំបម្រុងទុកពី១៥០០ទៅ៣០០០ដុល្លារ។
២. កសាងបណ្ដាញនិងកេរ្តិ៍ឈ្មោះ
គេថាទំនាក់ទំនង មានបណ្ដាញ ស្គាល់គេច្រើនគឺជាឱកាសពោលគឺឱកាសរកលុយ ដូចជាឱកាសការងារ ឱកាសជាដៃគូរកស៊ី និងឱកាសវិនិយោគជាដើម។ ដូច្នេះអ្នកគួរចេញក្រៅចូលរួមកម្មវិធីផ្សេងៗទាក់ទងនឹងការងារ ការរកស៊ីនិងការវិនិយោគដើម្បីស្គាល់មនុស្សថ្មីៗ កសាងទំនាក់ទំនងធ្វើឲ្យអ្នកមានឱកាសរកលុយបានកាន់តែច្រើន។
៣. វិនិយោគលើជំនាញដែលអាចបង្កើនចំណូល
គេថាទ្រព្យដ៏សំខាន់នៅក្នុងជីវិតវ័យក្មេងគឺសមត្ថភាពក្នុងការរកលុយ។ ដូច្នេះបើចង់រកលុយបានកាន់តែច្រើន អ្នកត្រូវវិនិយោគលើជំនាញដែលអាចបង្កើនចំណូលឲ្យបានច្រើន។ ជំនាញដែលអាចរកលុយបានច្រើនមានដូចជា ជំនាញធ្វើអាជីវកម្ម ជំនាញលក់ ជំនាញឌីជីថល ហិរញ្ញវត្ថុ ជំនាញបច្ចេកវិទ្យានិងភាសាជាដើម។
៤. វិនិយោគមាស
អ្នកគួរវិនិយោគមាសខ្លះ ព្រោះមាសគឺជាទ្រព្យដែលប្រជាជនយើងទុកចិត្តបំផុត។ វិនិយោគមាសដើម្បីការពារអតិផរណានិងរក្សាតម្លៃលុយរបស់អ្នកកុំឲ្យបាត់បង់ពេលសេដ្ឋកិច្ចមិនច្បាស់លាស់។ ត្រូវចាំថាមាសគឺដើម្បីការពារទ្រព្យកុំឲ្យបាត់បង់តម្លៃ ដូច្នេះអ្នកគួរមានមាសត្រឹមតែ១០%នៃលុយសរុបដែលអ្នកមានបានហើយ។
៥. វិនិយោគអចលនទ្រព្យ
យោងតាមប្រវត្តិ អចលនទ្រព្យគឺជួយឲ្យប្រជាជនខ្មែរច្រើនអាចបង្កើតទ្រព្យនិងកសាងភាពមានបានចេញពីអចលនទ្រព្យ ព្រោះអចលនទ្រព្យពីមួយឆ្នាំទៅមួយឆ្នាំកាន់តែឡើងថ្លៃ ហើយអចលនទ្រព្យអាចដាក់ជួលដើម្បីបង្កើតប្រភពចំណូលអកម្មបាន។
ដូច្នេះអ្នកអាចគិតគូអចលនទ្រព្យដូចជាទិញដីនៅតំបន់មានសក្ដានុពល វិនិយោគលើអចលទ្រព្យផ្សេងៗដូចជា ផ្ទះជួល ខុនដូ អគារពាណិជ្ជកម្មជាដើម។ នៅក្នុងបរិបទប្រទេសយើងគឺអាចអាចកសាងភាពមានបានក្នុងវិស័យអចលនទ្រព្យយូរទៀតមុននឹងវាដល់ចំណុចឆ្អែត។
៦. អាជីវកម្មបន្ទាប់បន្សំ
ការឆ្លៀតធ្វើអាជីវកម្មតូចៗជាប្រភេទអាជីវកម្មក្រៅម៉ោងក៏អាចឲ្យអ្នករកឃើញផ្លូវក្នុងការចាប់ផ្ដើមអាជីវកម្មបានដែរ។ ឧទាហរណ៍ស្រួលៗ បើយកទំនិញពីចិនមកលក់នៅខ្មែរ នេះក៏ជាផ្លូវមួយដែលអ្នកអាចចាប់ផ្ដើម ហើយបើអ្នកចេះធ្វើទីផ្សារ អ្នកនឹងរកចំណូលបានច្រើនពីការលក់របស់អ្នក។ ត្រូវចាំថាសេដ្ឋីជាច្រើនកសាងទ្រព្យចេញពីការរកស៊ី ការធ្វើអាជីវកម្មនេះហើយ។
៧. វិនិយោគលើផ្សារហ៊ុន
ការវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗដែលរីកចម្រើនគឺជាផ្លូវក្នុងការកសាងទ្រព្យរយៈពេលវែង។ នៅប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនដែរដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា” ដែលប្រជាជនទូទៅសុទ្ធតែអាចវិនិយោគបានព្រោះវិនិយោគលើផ្សារហ៊ុនមិនទាមទារដើមទុនច្រើនឡើយ។ តម្លៃហ៊ុនក្រុមហ៊ុនខ្លះតែខ្ទង់២ពាន់រៀលប៉ុណ្ណោះក្នុង១ហ៊ុន ហើយគេអនុញ្ញាតឲ្យយើងទិញតែ១ហ៊ុនក៏បាន។ ដូច្នេះលុយតិចក៏អាចវិនិយោគបាន។
មានក្រុមហ៊ុនធំៗជាច្រើននៅលើផ្សារហ៊ុនដែលបងប្អូនអាចវិនិយោគទិញភាគហ៊ុនបាន មានដូចជា ធនាគារ អេស៊ីលីដា ក្រុមហ៊ុនសែលកាត រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ កំពុងផែក្រុងភ្នំពេញ កំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនិងក្រុមហ៊ុនជាច្រើនទៀត។
ពេលវិនិយោគលើភាគហ៊ុន អ្នកនឹងបានចំណូលពីផ្លូវ។ ទីមួយគឺបានចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍ បើទិញហ៊ុន ធនាគារ អេស៊ីលីដាក្នុងតម្លៃ៧ពាន់រៀលក្នុងមួយហ៊ុន ហើយក្រោយមកហ៊ុនឡើងដល់១ម៉ឺនរៀលក្នុងមួយហ៊ុន អ្នកចំណេញ៣ពាន់រៀល ឃើញចំណេញ អ្នកអាចលក់យកលុយចំណេញបាន។
ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលពីភាគលាភ។ ឧទាហរណ៍ពេលអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដា អ្នកនឹងក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា ហើយពេលអេស៊ីលីដារកស៊ីចំណេញ គេចែកប្រាក់ចំណេញដល់អ្នកដែលយើងហៅថាភាគលាភ។ ឧទាហរណ៍ អេស៊ីលីដាចែកភាគលាភ៥០០រៀលក្នុងមួយហ៊ុន ហើយអ្នកកាន់ហ៊ុនចំនួន ១ម៉ឺនហ៊ុននោះអ្នកបានប្រាក់ភាគលាភសរុបចំនួន៥រៀលរៀលដែលស្មើនឹង១២៥០ដុល្លារ។
ហើយប្រាក់ភាគលាភគឺជាចំណូលអកម្ម ដោយអ្នកមិនចាំបាច់ចំណាយពេលនិងកម្លាំងក៏បានចំណូលដែរ។ ដូច្នេះបើអ្នកវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗដែលរឹងមាំ រីកចម្រើន រកស៊ីប្រាក់ចំណេញកើនឡើងរាល់ឆ្នាំ នោះអ្នកនឹងបានចំណូលភាគលាភកាន់តែច្រើនហើយជាប្រភពចំណូលរយៈពេលវែង ពោលគឺដរាណាក្រុមហ៊ុននៅតែឈរជើងលើទីផ្សារ នៅតែរកស៊ីចំណេញ អ្នកនៅតែបានចំណូលពីភាគលាភព្រោះអ្នកជាម្ចាស់ភាគហ៊ុន។
ចង់ចេះវិនិយោគលើផ្សារហ៊ុនទិញភាគលាភក្រុមហ៊ុនធំៗ អាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong


