រដ្ឋបាលលោក ត្រាំ កំពុងពិចារណាដាក់ចេញ ពន្ធគយថ្មី ខណៈប្រទេស ៣ នេះនៅអាស៊ី នឹងរងគ្រោះខ្លាំងជាងគេ
Kan DaraFEBRUARY 3 202611.4 K views

រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបង្កើនកម្ដៅសង្រ្គាមពាណិជ្ជកម្មជាថ្មី ដោយពិចារណាគ្រោងដាក់ចេញនូវពន្ធគយថ្មីៗជាច្រើន ក្រោមការប្រើប្រាស់ មាត្រា ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ ១៩៦២ ដើម្បីដាក់ពន្ធគយលើទំនិញនាំចូលក្រោមហេតុផល "ការពារសន្តិសុខជាតិ"។

 

យោងតាមការវិភាគរបស់ Council on Foreign Relations (CFR) និងទិន្នន័យពី Nikkei Asia បានបង្ហាញថា ទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ីប្រមាណ ៦២១ ពាន់លានដុល្លារ នឹងត្រូវរងផលប៉ះពាល់ដោយផ្ទាល់ពីគោលនយោបាយនេះ។ ក្នុងនោះ ប្រទេសចំនួន ៣ ដែលនឹងរងគ្រោះខ្លាំងជាងគេគឺ ចិន (ប៉ះពាល់ប្រមាណ ១៤២ ពាន់លានដុល្លារ), ជប៉ុន (១០៧ ពាន់លានដុល្លារ) និង កូរ៉េខាងត្បូង (១០២ ពាន់លានដុល្លារ)។ ការនាំចេញរថយន្ត គ្រឿងអេឡិចត្រូនិក និងដែកថែបពីប្រទេសទាំងនេះ នឹងត្រូវប្រឈមមុខនឹងរបាំងពន្ធដ៏ខ្ពស់ ដែលធ្វើឱ្យពួកគេបាត់បង់ភាពប្រកួតប្រជែងនៅក្នុងទីផ្សារអាម៉េរិក។

 

យ៉ាងណាមិញ ចំពោះមុខទំនិញដែលស្ថិតក្នុងគោលដៅស៊ើបអង្កេត និងត្រូវដាក់ពន្ធរួមមាន បន្ទះឈីប និងឧបករណ៍ AI អាចត្រូវរងពន្ធ ២៥% ចាប់ពីដើមឆ្នាំ ២០២៦ នេះតទៅ។ បន្ថែមពីនេះ ដែកថែប និងអាលុយមីញ៉ូម អាចនឹងត្រូវរងពន្ធរហូតដល់ ៥០% ខណៈដែលវិស័យរថយន្ត និងគ្រឿងបន្លាស់ក៏ត្រូវប្រឈមនឹងពន្ធចន្លោះពី ១៥%-២៥% ផងដែរ។

 

គួរជម្រាបថា ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានធ្ងន់ៗថា ការប្រើប្រាស់មាត្រា ២៣២ នេះ នឹងមិនត្រឹមតែធ្វើឱ្យទំនិញក្នុងសហរដ្ឋអាម៉េរិកឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កជា "ព្យុះសេដ្ឋកិច្ច" ដល់បណ្ដាប្រទេសអាស៊ីផ្សេងទៀត រួមទាំងអាស៊ានផងដែរ។ ក្រុមហ៊ុននានានឹងត្រូវបង្ខំចិត្តប្ដូរទីតាំងផលិតកម្ម ឬបង្កើនថ្លៃដើមដើម្បីរ៉ាប់រងពន្ធគយទាំងនេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia