ប្រើលុយឱ្យត្រូវក្បួន! នេះជាអាថ៌កំបាំងទាំង ៣ ប្រើលុយ ១០០ដុល្លារឱ្យរកចំណូលមកវិញគុណ ១០ដង
Pov SaruMARCH 2 202613 views

ជឿជាក់ថាមានមនុស្សជាច្រើនរាល់ថ្ងៃអង្គុយពិបាកចិត្តព្រោះប្រាក់ខែតិច ហើយទល់គំនិតមិនដឹងមានផ្លូវណាទៀតអាចរកចំណូលបន្ថែមបាន។ ដូច្នេះនៅក្នុងអត្ថបទនេះ Business Cambodia នឹងចែករំលែកគន្លឹះចំនួន ៣ បើអ្នកមានលុយត្រឹម ១០០ដុល្លារក្នុងដៃអាចបំលែងវាទៅជាទ្រព្យសម្បត្តិយ៉ាងមហាសាល៖ 

 

១. វិនិយោគលើចំណេះដឹង៖ ចំណេះដឹងត្រូវជាទ្រព្យសកម្មដែលមិនចេះរលាយតាមកាលវេលា។ នៅក្នុងសេដ្ឋកិច្ចសម័យថ្មីនេះ អត្រាចំណេញដែលទទួលបានពីការអភិវឌ្ឍខ្លួនឯង មានតម្លៃខ្ពស់ជាងការប្រាក់ធនាគាររាប់រយដង។ បើអ្នកមានលុយនៅក្នុងដៃ ១០០ដុល្លារមិនដឹងធ្វើអ្វីឱ្យចំណេញ គួរតែយកវាទៅវិនិយោគលើចំណេះដឹងដូចជា ទិញសៀវភៅល្អៗយកមកអាន ឬចុះឈ្មោះចូលរៀនវគ្គសិក្សាជំនាញខ្លីៗដែលស្របតាមទីផ្សារការងារកំពុងត្រូវការ។ ការធ្វើបែបនេះ គឺអ្នកកំពុងតែដុសខាត់ "ម៉ាស៊ីនផលិតលុយ" ឱ្យមានសមត្ថភាពអាចរកចំណូលបានកើនឡើងពីមួយខែទៅមួយខែ រហូតដល់អ្នកមានដើមទុនគ្រប់គ្រាន់សម្រាប់វិនិយោគលើទ្រព្យធំៗ។

 

២. វិនិយោគលើផ្សារមូលបត្រ៖ នេះគឺជាច្រកទ្វារមាសមួយទៀតដែលអនុញ្ញាតឱ្យអ្នកក្លាយជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនធំៗដោយមិនចាំបាច់មានដើមទុនរាប់ម៉ឺនដុល្លារ។ នៅកម្ពុជា ការទិញភាគហ៊ុនក្នុងផ្សារមូលបត្រគឺជាយុទ្ធសាស្ត្រ "យកលុយបង្កាត់លុយ" ហើយវាសមស្របបំផុតសម្រាប់អ្នកមានដើមទុនតិច។ 

 

វិធីនេះអ្នកមិនត្រឹមតែទទួលបានភាគលាភប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏កំពុងតែរៀនសូត្រពីរបៀបដែលលំហូរលុយដំណើរការនៅក្នុងពិភពពិត។ ការជួបប្រទះនូវបទពិសោធន៍នៃការឡើងចុះនៃតម្លៃទីផ្សារក្នុងកម្រិតទឹកប្រាក់តិចតួចនេះ នឹងជួយឱ្យអ្នកមានភាពស៊ាំខាងផ្លូវចិត្ត និងមានភាពវៃឆ្លាតក្នុងការសម្រេចចិត្ត នៅពេលដែលអ្នកមានលុយរាប់លានដុល្លារនៅក្នុងដៃនាថ្ងៃអនាគត។

 

៣. បង្កើតគណនីសន្សំនៅធនាគារដែលមានការប្រាក់ខ្ពស់៖ ភ្លាមៗអ្នកប្រហែលមើលមិនឃើញប្រាក់ចំណេញពីលុយដែលអ្នកបានដាក់សន្សំក្នុងធនាគារនោះទេ តែអ្នកត្រូវចាំថាគោលបំណងពិតប្រាកដនៃការធ្វើបែបនេះ គឺដើម្បីបង្កើត "វិន័យដែកថែប" និង "មូលនិធិឱកាស"។ 

 

អ្នកវិនិយោគដែលជោគជ័យ គឺជាអ្នកដែលត្រៀមខ្លួនរួចជាស្រេចនៅពេលដែលឱកាសល្អៗមកដល់។ បើពេលនេះអ្នកអាចសន្សំបាន ១០០ ដុល្លារ វាគឺជាភាពជោគជ័យខាងផ្លូវចិត្តដែលនឹងជំរុញឱ្យអ្នកចង់សន្សំឱ្យបាន ១,០០០ ដុល្លារ ឬ ១០,០០០ ដុល្លារទៀត។ ហើយការប្រាក់ដែលអ្នកបានសន្សំនឹងកើនឡើងទៅមានពេលវេលានិងចំនួនទឹកប្រាក់ដែលអ្នកបានដាក់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia