ណាត់គ្នាឲ្យហើយទៅ! ខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» រយៈពេល ៣ថ្ងៃពេញនៅខែក្រោយនេះ
ធី ស្រីល័ក្ខ•NOVEMBER 20 2026•119 views

សម្រាប់អ្នកដែលកំពុងតែចង់ដើរលេងនៅខេត្តសៀមរាប នៅខែក្រោយនេះកុំភ្លេចណាត់គ្នាឲ្យហើយទៅ ខណៈខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» រយៈពេល ៣ថ្ងៃពេញដោយចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ក្រសួងទេសចរណ៍ ដោយមានការសហការពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និងផ្នែកពាក់ព័ន្ធ មានកិត្តិយសសូមអញ្ជើញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលរួមទស្សនា និងទទួលយកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» (Angkor Glowing Night) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។

 


ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការជំរុញការទស្សនាប្រាសាទនាពេលរាត្រី និងការធ្វើពិពិធកម្មទេសចរណ៍ពេលរាត្រី តាមរយៈការរួមបញ្ចូលគ្នារវាងភាពអស្ចារ្យនៃស្ថាបត្យកម្មបុរាណខ្មែរ និងសិល្បៈពន្លឺ ដើម្បីផ្តល់ជូននូវទស្សនីយភាពដ៏ល្អឯក ក៏ដូចជាការលើកកម្ពស់កិត្យានុភាពវប្បធម៌ និងសក្តានុពលទេសចរណ៍នាពេលរាត្រីរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក។


ជាមួយគ្នានោះដែរ ចំពោះភាពទាក់ទាញ និងគុណតម្លៃនៃព្រឹត្តិការណ៍នេះអ្នកទស្សនានឹងទទួលបានដូចជា៖
១
. បទពិសោធន៍ទស្សនាប្រាសាទនាពេលរាត្រីដ៏កម្រ៖ គយគន់សម្រស់ប្រាង្គប្រាសាទបុរាណក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ ត្រជាក់ត្រជុំ និងពោរពេញដោយភាពទាក់ទាញខុសប្លែកពីពេលថ្ងៃ ដែលរំលេចឡើងក្រោមពន្លឺភ្លើងសិល្បៈយ៉ាងរស់រវើកក្រោមពន្លឺព្រះចន្ទ ទាំងពេលរាត្រី និងពេលទៀបភ្លឺ។


២
. ការលើកកម្ពស់កិត្យានុភាពជាតិ និងការផ្សព្វផ្សាយ ៖ បង្ហាញពីភាពអស្ចារ្យនៃតំបន់បេតិកភណ្ឌពិភពលោក កសាងម៉ាកយីហោជាតិ (National Branding) លើឆាកអន្តរជាតិ ព្រមទាំងផ្តល់ជូនអ្នកចូលរួមនូវបទពិសោធន៍ដ៏មានតម្លៃ និងមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ តាមរយៈការផ្តិតយករូបភាពដ៏ស្រស់ស្អាត ក៏ដូចជាបានចូលរួមចែករំលែកពីភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា។


៣
. ការជំរុញចលករសេដ្ឋកិច្ចមូលដ្ឋាន និងជាតិ៖ ចូលរួមផ្សព្វផ្សាយពីសុខសុវត្ថិភាព និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍ក្នុងស្រុក ដើម្បីបង្កើនរយៈពេលស្នាក់នៅ និងកម្រិតចំណាយរបស់ភ្ញៀវទេសចរ ពង្រឹងភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមទស្សនទានយុទ្ធសាស្ត្រ «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស»។

នៅក្នុងនោះដែរ សម្រាប់ទីតាំង និងកាលវិភាគ (ថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦)៖

១. ប្រាសាទអង្គរវត្ត
-ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់
-ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់

២. ប្រាសាទបាយ័ន
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់

៣. ខ្លោងទ្វារទន្លេអុំ
-ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់

914118372 2980307972346514 438473069944729251 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia