SDF បានចូលរួមចែករំលែកបទពិសោធ និងស្វែងយល់ការអនុវត្តល្អៗពីប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប
ធី ស្រីល័ក្ខMAY 15 202621 views

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានដឹកនាំក្រុមការងារចូលរួមក្នុងសិក្ខាសាលា “Closing the Gap Workshop 2026” ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែឧសភានេះ ក្រោមប្រធានបទ៖ “ការពង្រឹងភាពរួចរាល់នៃកម្លាំងពលកម្ម តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ”។

8

ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ទម្រង់ និងយន្តការភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព” ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានចែករំលែកបទពិសោធជោគជ័យ និងយន្តការនវានុវត្តន៍របស់ SDF ក្នុងការជំរុញការអភិវឌ្ឍជំនាញនៅកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមបានគូសបញ្ជាក់នូវទស្សនទានដ៏មានអត្ថន័យថា ហិរញ្ញប្បទានគឺជាយន្តការជំរុញ ភាពជាដៃគូគឺជាក្បាលម៉ាស៊ីន ហើយលទ្ធផលគឺជាភស្តុតាងបញ្ជាក់។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ ឯកឧត្តម បានលើកឡើងនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖ ១. ការវិនិយោគរួមគ្នា (Co-investment)៖ បង្កើតនូវភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ពីនិយោជក តាមរយៈការផ្សារភ្ជាប់ហិរញ្ញប្បទានទៅនឹងតម្រូវការជាក់ស្តែងនៃអាជីវកម្ម និងកម្លាំងពលកម្ម, ២. ទិន្នន័យលទ្ធផលបង្កើតនូវទំនុកចិត្ត (Outcome Data Creates Trust)៖ បង្កើតនូវទំនុកចិត្តតាមរយៈភស្តុតាងជាក់ស្តែង ដូចជា អត្រាមានការងារធ្វើ និងការកើនឡើងនៃផលិតភាព ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហការប្រកបដោយប្រសិទ្ធភាព, ៣. កិច្ចសហប្រតិបត្តិការរវាងវិស័យរដ្ឋ ឯកជន និងប្រជាជន (Public-Private-People Partnership)៖ ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ តាមរយៈការរួមគ្នារវាងវិស័យរដ្ឋ ឯកជន និងប្រជាជន ក្នុងការបង្កើត និងវិនិយោគលើកម្មវិធីអភិវឌ្ឍជំនាញ ដើម្បីធានាបាននូវផលជះយូរអង្វែង។

 9

ជាមួយគ្នានេះ ក្រុមការងារ SDF បានដកស្រង់នូវបទពិសោធ និងការអនុវត្តល្អៗពីវាគ្មិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប ដែលផ្តោតលើចំណុចយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ ការពង្រឹងការផ្សារភ្ជាប់រវាងប្រព័ន្ធ TVET និងឧត្តមសិក្សាដើម្បីគាំទ្រដល់ការសិក្សាពេញមួយជីវិត, ការជំរុញកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីតម្រង់ទិសជំនាញឱ្យស្របតាមទីផ្សារការងារ, និងការលើកកម្ពស់ការបណ្តុះបណ្តាលបង្កើនជំនាញ (Upskilling/Reskilling) ផ្នែកឌីជីថល។ ទន្ទឹមនឹងការសង្កេតឃើញពីកម្រិតអភិវឌ្ឍន៍ខុសៗគ្នានៃវិស័យ TVET ក្នុងតំបន់ ក្រុមការងារក៏បានសិក្សាពីគំរូជោគជ័យរបស់ប្រទេសសិង្ហបុរី ដែលមានគោលនយោបាយម៉ត់ចត់ និងការអនុវត្តកម្មវិធីសិក្សានៅកន្លែងធ្វើការ (Work-Based Learning) តាមរយៈការចុះកម្មសិក្សាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីពង្រឹងជំនាញអនុវត្តជាក់ស្តែង និងបង្កើនឱកាសការងារជូនដល់សិក្ខាកាម។

10

លើសពីនេះទៀត SDF ក៏បានចុះទស្សនកិច្ចសិក្សានៅរោងចក្រផលិតកម្មរបស់ក្រុមហ៊ុន BOSCH (Robert Bosch (Malaysia) Sdn Bhd) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដើម្បីស្វែងយល់ពីការអនុវត្តជាក់ស្តែងនៃ កម្មវិធីសិក្សាជំនាញបែបប្រព័ន្ធឆ្លាស់ (Dual Apprenticeship Program) ដែលជាប្រព័ន្ធដ៏មានប្រសិទ្ធភាពសម្រាប់សិស្សTVET ក្នុងការទទួលបានបទពិសោធឧស្សាហកម្មពិតប្រាកដ ពង្រឹងជំនាញអនុវត្តជាក់ស្តែង ព្រមទាំងលើកកម្ពស់ភាពត្រៀមលក្ខណៈកម្លាំងពលកម្ម និងឱកាសទទួលបានការងារធ្វើឱ្យកាន់តែប្រសើរឡើង។

11

យោងតាមសមិទ្ធផលការងារចាប់ពីឆ្នាំ ២០១៨ - ២០២៦ SDF បានជំរុញភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជនយ៉ាងសកម្ម ក្នុងនោះមានក្រុមហ៊ុន និងរោងចក្រ-សហគ្រាសគ្រប់កម្រិតចំនួន ៦១២ និងគ្រឹះស្ថានបណ្ដុះបណ្ដាលទាំងរដ្ឋ ឯកជនចំនួន៧៥  និងសមាគមធុរកិច្ចចំនួន ៣៣ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធក្នុងបេសកកម្មរបស់ SDF ដើម្បីបង្កើនការអភិវឌ្ឍជំនាញនៅកម្ពុជាទាំងបរិមាណ និងគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងរួមគ្នាប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

 12

ព័ត៌មានថ្មីៗអំពី SDFhttps://s.mtrbio.com/skills-development-fund

#SkillsDevelopmentFund #SDF  #TVET #Partnership #CambodiaSkills #MalaysiaWorkshop2026

131415

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia